Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី បរិច្ចាគឈាមជូន សមាគមគ្រូពេទ្យ TYDA ដើម្បីសង្គ្រោះជីវិតមនុស្ស និងត្រៀមបម្រុងសម្រាប់វីរកងទ័ពជួរមុខ

បានផុស

នៅ

នា​រសៀល​ថ្ងៃ​ទី ២៥ ខែ​កក្កដា ឆ្នាំ ២០២៥ នេះ លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ទៀត បាន​ស្ម័គ្រចិត្ត​អញ្ជើញ​មក​បរិច្ចាគ​ឈាម​មនុស្សធម៌​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រោម​ការ​រៀបចំ​ដោយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) ដើម្បី​យក​ឈាម​ទាំងនេះ​ទៅ​បម្រើ​ដល់​សេចក្តី​ត្រូវការ​ជា​ប្រចាំ​ក្នុង​ការ​សង្គ្រោះ​ជីវិត​ដែល​ទទួល​គ្រោះថ្នាក់ ឬ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល និង​ដើម្បី​ត្រៀម​បម្រុង​សម្រាប់​វីរ​កងទ័ព​ជួរមុខ ឬ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​សង្គ្រាម​ឈ្លានពាន​ទឹកដី​នៅ​ទិស​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃួង ស្រេង មាន​ប្រសាសន៍​ថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​លោក​បាន​ឃើញ​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​នាំ​គ្នា​សម្រុក​មក​ផ្ដល់​ឈាម ដើម្បី​យក​ឈាម​ទាំងនេះ​ទៅ​បម្រើ​ដល់​សេចក្តី​ត្រូវការ​ជា​ប្រចាំ​ក្នុង​ការ​សង្គ្រោះ​ជីវិត​ដែល​ទទួល​គ្រោះថ្នាក់ ឬ​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល និង​ដើម្បី​ត្រៀម​បម្រុង​សម្រាប់​វីរ​កងទ័ព​ជួរមុខ ឬ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​សង្គ្រាម​ឈ្លានពាន​ទឹកដី។ នេះ​ជា​មោទនភាព​បង្ហាញ​ពី​ស្មារតី​ស្នេហា​ជាតិ​ជា​ធ្លុង​មួយ ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បន្ត​មក សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី នា​ពេល​បច្ចុប្បន្ន។

លោក ឃួង ស្រេង បន្ត​ទៀត​ថា រាជធានី​ភ្នំពេញ បាន​ចង​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​នឹង​កងទ័ព​ជួរមុខ​របស់​យើង ដោយ​តែងតែ​ជួយ​ឧបត្ថម្ភ​ទាំង​ថវិកា សម្ភារៈ និង​ម្ហូបអាហារ ដល់​ទាហាន​ជួរមុខ​របស់​យើង​រហូត​មក។ វីរ​កងទ័ព​ជួរមុខ​របស់​យើង ជា​សសរ​គ្រឹះ​ការពារ​ទឹកដី​ដ៏​រឹងមាំ ដោយ​ពួកគាត់​បាន​លះបង់​កម្លាំងកាយ​ចិត្ត ព្រមទាំង​អាយុជីវិត ដើម្បី​ការពារ​ទឹកដី​របស់​យើង។

លោក ឃួង ស្រេង បន្ត​បន្ថែម​ថា សម្រាប់​យើង​ជា​សមរភូមិ​ក្រោយ សូម​លើកទឹកចិត្ត​ដល់​កងទ័ព​ជួរមុខ​របស់​យើង។ កងទ័ព​ជួរមុខ​របស់​យើង មិន​នៅ​ឯកោ​នោះ​ទេ គឺ​មាន​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ បាន​និង​កំពុង​ផ្ដល់​នូវ​ការ​លើក​ទឹកចិត្ត និង​ផ្ដល់​ជា​ស្បៀង​អាហារ មិន​ខ្វះខាត​ឡើយ និង​សូម​ជូនពរ​ឲ្យ​កងទ័ព​ជួរមុខ​របស់​យើង ជួប​តែ​ជ័យជំនះ​ឈ្នះ​ពី​សត្រូវ​ឈ្លានពាន។

សកម្មភាព​នេះ ត្រូវ​បាន​រៀបចំ​ដោយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) ដឹកនាំ​ដោយ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធាន​ក្រុមប្រឹក្សាភិបាល។

គោលបំណង​សំខាន់ នៃ​ការ​បង្កើត​ឲ្យ​មាន​ពិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ខាង​លើ​នេះ មាន​ចំនួន ២ គឺ ៖ ១/ បម្រើ​ដល់​សេចក្តីត្រូវការ​ជាប្រចាំ​ក្នុង​ការ​សង្គ្រោះ​ជីវិត​ដែល​ទទួល​គ្រោះថ្នាក់ ឬ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល ហើយ​មាន​តម្រូវការ​ឈាម​ជាបន្ទាន់។ ២/ ត្រៀម​បម្រុង​សម្រាប់​វីរ​កងទ័ព​ជួរមុខ ឬ​ប្រជាពលរដ្ឋ ក្នុង​ករណី​ដែល​ទទួល​រង​របួស ឬ​គ្រោះថ្នាក់​ដោយសារ​សង្គ្រាម​ឈ្លាន​ពាន​ទឹកដី​នៅ​ទិស​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ព្រះវិហារ។

ឈរ​លើ​គោលបំណង​សំខាន់ ២ ខាង​លើ ពិធី​បរិច្ចាគ​ឈាម​មនុស្សធម៌​ពេលនេះ គឺ​ធ្វើ​ឡើង​ដើម្បី​ត្រៀម​បង្ការ​ផង និង​យោង​លើ​សេចក្តី​ត្រូវការ​ផង សម្រាប់​តម្រូវការ​ឈាម​ជាទូទៅ និង​ចំពោះ​សភាពការណ៍​វិវត្ត​ជាក់ស្ដែង ដែល​អាច​នឹង​មាន​តម្រូវការ​សង្គ្រោះ​ជីវិត​ចំពោះ​វីរ​កងទ័ព​ជួរមុខ និង​ប្រជាពលរដ្ឋ នៃ​តំបន់​ប្រឈម​នឹង​សង្គ្រាម​ឈ្លានពាន ហើយ​អាច​នឹង​បង្ក​គ្រោះថ្នាក់​ផ្សេងៗ ទាមទារ​ឲ្យ​មាន​តម្រូវការ​ឈាម​ជា​ចាំបាច់​ក្នុង​ការ​សង្គ្រោះ ឬ​អាច​នឹង​សម្រាប់​បំពេញ​តាម​សេចក្តីត្រូវការ​ឈាម​ជាបន្ទាន់​ណាមួយ​របស់​គ្រូពេទ្យ ព្រោះ“​ឈាម​ជា​ជីវិត“៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម