Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរអប់រំ ៖ មកដល់ពេលនេះ នៅមិនទាន់មានបេក្ខជនភៀសខ្លួន​សុំចុះឈ្មោះចូលរួមប្រឡងនៅភ្នំពេញ នៅឡើយទេ

បានផុស

នៅ

លោក ហែម ស៊ីណារ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​ ៤​ សីហា​ នេះ​ថា ​រហូត​មក​ដល់​ពេលនេះ​ នៅ​មិន​ទាន់​មាន​បេក្ខជន​ភៀសខ្លួន​ពី​ខេត្ត​ព្រះវិហារ ​និង​ឧត្តរមានជ័យ​ មក​ចុះឈ្មោះ​ចូលរួម​ប្រឡង​នៅ​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ​នៅ​ឡើយ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ប្រធាន​មន្ទីរ​ បាន​បន្ត​ថា​ «អត់​ទាន់​មាន​ទេ​ កាលពី​សប្ដាហ៍​មុន​មាន​ម្នាក់​ដែរ​ គាត់​សួរ​ព័ត៌មាន​ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ យើង​ទាក់ទង​ទៅ​ក្រសួង ​ក្រសួង​អនុញ្ញាតឱ្យ​មួយ​ពីរ​បី​ទៅ​ តែ​ឥឡូវ​បាត់​ព័ត៌មាន​ទៅ​ លុះដល់​យើង​សួរ​បញ្ជាក់​ទៅ​ គាត់​ប្ដូរ​ចិត្ត​ទៅ​ប្រឡង​នៅ​សៀមរាប​វិញ។ ជា​រួម ​ជាក់ស្ដែង ​សម្រាប់​មណ្ឌល​រាជធានី​ភ្នំពេញ ​អត់​ទាន់​មាន​នៅ​ឡើយ​ទេ​»។

យ៉ាងណាក៏ដោយ លោក​ប្រធាន​មន្ទីរ បាន​អំពាវនាវ​ដល់​បេក្ខជន​ភៀសខ្លួន​ដោយសារ​សង្គ្រាម​ រួសរាន់​ដាក់ពាក្យ​ប្រឡង​ឱ្យបាន​មុន​ថ្ងៃទី​ ១៥​ សីហា ​ខាងមុខ​ ព្រោះ​ ក្រសួង ​កំណត់​ត្រឹម​ថ្ងៃទី ​១៥ សីហា ជា​កំហិត។

កាលពី​ថ្ងៃទី​ ៣១ ​ខែ​កក្កដា ​ឆ្នាំ​ ២០២៥​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​បានចេញ​សេចក្តីណែនាំ​មួយ ដោយ​ឱ្យ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី-ខេត្ត​ ចំនួន ២៣​ លើកលែងតែ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ព្រះវិហារ ​ត្រូវ​ចាត់ចែង​ទទួល​ពាក្យសុំ​ចុះឈ្មោះ​ប្រឡង និង​ទទួល​បូកសរុប​ព័ត៌មាន​ដែល​ទទួល បាន​ពី​បេក្ខជន​ភៀសខ្លួន​ពី​ខេត្ត​ ទាំង​ព្រះវិហារ​ និង​ឧ​ត្ត​រ​មានជ័យ ​រួចហើយ​រៀបចំ​ជា​បញ្ជី​ឈ្មោះ​បេក្ខជន​ភៀសខ្លួន ដែល​បានដាក់​ពាក្យ​ប្រឡង ព្រមទាំង​បញ្ជូន​មក​ក្រសួង​នៅត្រឹម​ថ្ងៃទី ​១៥ ខែ​សីហា ឆ្នាំ ​២០២៥ ដើម្បី​ក្រសួង​អាច​បូកសរុប និង​រៀបចំ​ជា​បញ្ជីរាយនាម​បេក្ខជន និង​សលាក​ប​ត្រ​ឯកត្តជន និង​បន្ត​នីតិវិធី​ នៃ​ដំណើរការ​ប្រឡង​ជា​បន្តទៀត។ ប៉ុន្តែ​ក្រសួង​បាន​ណែនាំ​បេក្ខជន​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ អាច​សម្រេចចិត្ត​ចូលរួម​ការប្រឡង​នៅ​ទីតាំង​ក្នុង​ខេត្ត​របស់ខ្លួន​ក៏​បាន ឬ​នៅ​ខេត្ត​ផ្សេងទៀត​ក៏បាន ប្រសិនបើ​បេក្ខជន​បាន​ភៀសខ្លួន​ចេញពី​ខេត្ត។

ជាមួយគ្នានេះដែរ បេក្ខជន​ដែល​ភៀសខ្លួន ត្រូវ​ទៅ​ដាក់ពាក្យ​នៅ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី-ខេត្ត ដែល​ខ្លួន​បាន​សម្រេចចិត្ត​ជ្រើសរើស​ប្រឡង។ បេក្ខជន​ភៀសខ្លួន ត្រូវ​ទៅ​ទទួល​សលាកបត្រ​ឯកត្តជន (​បោះពុម្ព​ថ្មី​) នៅ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី-ខេត្ត ដែល​សាមីជន​បាន​ដាក់​ពាក្យ ចាប់ពី​ថ្ងៃទី ​២២ ខែសីហា ឆ្នាំ ២០២៥។

ចំណែក​បេក្ខជន​ដែល​សម្រេចចិត្ត​ប្រឡង​នៅ​ខេត្តព្រះវិហារ ត្រូវ​ត្រៀម​ទៅ​ប្រឡង​នៅក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ ដដែល​។ ចំពោះ​បេក្ខជន ដែល​សម្រេចចិត្ត​ចូលរួម​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ធានា​សុវត្ថិភាព ក្រសួង ​នឹង​រៀបចំ​មណ្ឌល​ប្រឡង​នៅ ក្នុង​ភូមិសាស្ត្រ​ស្រុក​ពួក​ នៃ​ខេត្ត​សៀមរាប។ ក្រសួង​ នឹង​បង្កើត​ក្រុមការងារ ដើម្បី​គាំទ្រ​លើ​ការ​ដឹក​ជញ្ជូន​បេក្ខជន ផ្តល់​ថវិកា​សម្រាប់​ការ​ហូបចុក ការ​ស្នាក់នៅ និង​រៀបចំ​យន្តការ​ផ្សេងទៀត តាម​ការ ចាំបាច់។

ក្រសួង ​នឹង​បោះពុម្ព​សលាក​ប​ត្រ​ឯកត្តជន របស់​បេក្ខជន ដើម្បីឱ្យ​បេក្ខជន​ភៀសខ្លួន អាចមក​ទទួល​នៅ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី-ខេត្ត​។ ក្រសួង​ នឹងមាន​វិធានការ​គាំទ្រ​ពិសេស​សម្រាប់​បេក្ខជន​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ព្រះវិហារ។

ក្រសួង​អប់រំ យុវជន និង​កីឡា បានសម្រេច​ពន្យារពេល​ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា​ ២០២៤-២០២៥ ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​ ១៨ និង​ទី ​១៩ ខែសីហា ឆ្នាំ ២០២៥ ទៅ​ថ្ងៃទី​ ២៨ និង​ទី​ ២៩ ខែសីហា ឆ្នាំ​ ២០២៥ វិញ​ ដោយសារ​សង្គ្រាម​ឈ្លានពាន​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ​ ដែល​បង្កឡើង​ដោយ​ភាគី​ថៃ បាន​បណ្តាល​ឱ្យ​មាន​ការ​ផ្អាក​ដំណើរការ​សាលារៀន និង ប្រជាជន​ភៀសខ្លួន​រាប់​ម៉ឺន​នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម