ព័ត៌មានជាតិ
ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់តម្លៃជិត ៣០លានដុល្លារ បានបើកការដ្ឋានសាងសង់ ក្នុងក្រុងបាវិត
នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងបើកការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅចំណុចភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ក្រោមកម្ចីធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងតម្លៃជិត ៣០លានដុល្លារ (២៩,០៨៦,៧៤៨.១១ដុល្លារ)។

មានប្រសាសន៍ទៅកាន់ពិធីនេះ លោក វង្ស ពិសិដ្ឋ បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសក្នុងនាមក្រសួងជំនាញ តែងបានសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង រហូតសម្រេចការអនុវត្តគម្រោងនេះឡើងលើទឹកដីក្រុងបាវិត ក្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) បន្ទាប់ពីបានចុះកិច្ចសន្យាទទួលអនុគម្រោងនេះ ហើយក្រុមហ៊ុនចំនួន១ ជាអ្នកទទួលការសាងសង់។
ចំណែកលោកអភិបាលខេត្ត បានថ្លែងថា ពិធីបើកការដ្ឋាន ក្រុងពាលីថ្ងៃនេះ គឺជាសមិទ្ធផលដ៏មានតម្លៃ និងផ្តល់សារៈប្រយោជន៍យ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋ និងមូលដ្ឋានទាំងមូលក្នុងក្រុងបាវិត ហើយលោកបានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារ ADB ដែលបានផ្តល់ជូនសម្រាប់ការអនុវត្តគម្រោងទីក្រុងគួរឱ្យចង់រស់នៅ នេះឡើង ហើយក៏ជាមោទនភាព ដោយក្រុងបាវិត គឺជាក្រុងមួយក្នុងចំណោមក្រុងទាំង៣ មាន ក្រុងបាវិត ក្រុងកំពត និងក្រុងប៉ោយប៉ែត ដែលទទួលបាននូវគម្រោងដ៏មានតម្លៃនេះ។

លោកបន្តថា ក្នុងចំណោមអនុគម្រោង៥ មានពីរនៅក្រុងបាវិត គឺអនុគម្រោងសាងសង់ទីលានទុកដាក់សំរាម (មានទីតាំងនៅភូមិច្រកម្ទេស សង្កាត់ ច្រកម្ទេស) បានចូលរួមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មកដល់ពេលនេះដំណើរការសាងសង់សម្រេចបានប្រមាណជា៥៤%។ ថ្ងៃនេះ បានបើកការដ្ឋានសាងសង់អនុគម្រោងទី២ គឺប្រព័ន្ធលូ និងស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់ ដែលត្រូវប្រើពេលវេលាសាងសង់ ចំនួន ៣៦ខែ បញ្ចប់នៅ ឆ្នាំ២០២៨ខាងមុខ ដោយចំណាយថវិកាសាងសង់ប្រមាណជាង២៩លានដុល្លារសហរដ្ឋអាមេរិក។
លោកបន្ថែមថា គម្រោងនេះ គឺពិតជាមានភាពសមស្រប ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ហើយនឹងអាចដោះស្រាយនូវបញ្ហាចំពោះមុខដ៏មានប្រសិទ្ធភាព និងចំទិសដៅ ដែលមូលដ្ឋានកំពុងជួបប្រទះ។ បើប្រៀបធៀបពីមុនក្រុងនេះតូច ប្រជាជនតិច មូលដ្ឋានអាជីវកម្ម ពាណិជ្ជកម្ម ឧស្សាហកម្មផ្សេងៗ ក៏មិនសូវមាន ខុសពីបច្ចុប្បន្ន ក្រុងបាវិតមានការអភិវឌ្ឍរីកចម្រើន គួរឱ្យកត់សម្គាល់ ដោយបានប្រែក្លាយពីតំបន់ព្រំដែនធម្មតាដែលមានសកម្មភាពសេដ្ឋកិច្ចតិចតួច ទៅ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ផលិតកម្ម និងជាទីតាំងយុទ្ធសាស្ត្រសេដ្ឋកិច្ច ដែលបានដើរតួនាទីជាប្រភពការងារដ៏សំខាន់ មិនសម្រាប់តែប្រជាពលរដ្ឋនៅក្នុងខេត្ត តែក៏មានប្រជាពលរដ្ឋពីបណ្តាខេត្តផ្សេងៗមកបម្រើការងារនៅទីនេះផងដែរ។ សព្វថ្ងៃមូលដ្ឋានក្រុងបាវិត មានតំបន់សេដ្ឋកិច្ចពិសេស រហូតដល់ ៦កន្លែង និងមានរោងចក្រ ១២៤កន្លែង ជាទីផ្តល់នូវប្រភពការងារជិត ៧ម៉ឺននាក់ ដែលស្មើនឹងពាក់កណ្តាល នៃចំនួនកម្មករ ក្នុងខេត្តទាំងមូល។

លោកបញ្ជាក់ទៀតថា ទន្ទឹមការរីកចម្រើន ក៏មានបញ្ហាប្រឈមមួយចំនួនដែលជួបប្រទះ និងត្រូវធ្វើការគិតគូរដោះស្រាយ រួមមា នហេដ្ឋារចនាសម្ព័ន្ធសាធារណៈ តួយ៉ាងទីលានទុកដាក់សំរាម ក៏ដូចជាប្រព័ន្ធ លូ និងការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នេះតែម្តង ដូច្នេះហើយបានជាគម្រោងនេះ គឺពិតជាសមស្រម ឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការជាក់ស្តែង ដែលវាមិនត្រឹមតែចូលរួមចំណែក ធានាបាននូវការថែរក្សាបរិស្ថានអនាម័យប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពរបស់ប្រជាពលរដ្ឋទៅអនាគតផងដែរ៕
ដោយ៖ភក្ដី






-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


