ព័ត៌មានជាតិ
ទូតម៉ាឡេស៊ីប្រចាំកម្ពុជា បញ្ជាក់ជំហរនឹងប្រឹងប្រែងដើម្បីឱ្យបទឈប់បាញ់កម្ពុជា-ថៃ មាននិរន្តភាព
ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជាលោក Shaharuddin Onn បញ្ជាក់ជំហរជាថ្មីថា នឹងខិតខំប្រឹងប្រែងបន្ថែមដើម្បីឱ្យបទឈប់បាញ់រវាងកម្ពុជា និងថៃ ទទួលបាននិរន្តភាព និងមានសន្តិភាព ដើម្បីផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរ។ លោកអះអាងបែបនេះ នាឱកាសចូលជួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្រ្តី លី ធុជ និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥។

ក្នុងជំនួបនោះ លោក Shaharuddin Onn បានលើកឡើងថា ថ្មីៗនេះ ក្នុងជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ តាងនាមប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ាន និងជាមិត្តភ័កត្តិល្អរបស់កម្ពុជា និងប្រទេសថៃ ម៉ាឡេស៊ី បានសម្រប
សម្រួលឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ដែលមានការចូលរួមពីសហរដ្ឋអាមេរិក និងចិន។ នៅចំពោះមុខទេសរដ្ឋមន្រ្តីកម្ពុជា លោកឯកអគ្គរាជទូត គូសបញ្ជាក់ថា៖« ម៉ាឡេស៊ី នឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យបទឈប់បាញ់នេះទទួលបាននិរន្តភាព និងសុខសន្តិភាពរវាងកម្ពុជា-ថៃ»។
បន្ថែមពីនេះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការបោសសម្អាតមីន និងភាពជាប្រធានដឹកនាំអនុសញ្ញាអូតាវ៉ា នាពេលកន្លងមក ព្រមទាំងបានទទួលស្គាល់ថា ការបោសសម្អាតមីន គឺជាបន្ទុកដ៏ធ្ងន់ធ្ងររបស់កម្ពុជា ដើម្បីផ្តល់ដីប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋកម្ពុជា។
ការបញ្ជាក់ជំហរជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ចង់ឃើញបទឈប់បាញ់ទទួលបានប្រសិទ្ធភាព និងមានបំណងបន្ថែមក្រុមអ្នកអង្កេតការណ៍អន្តរជាតិចូលរួមតាមដានបទឈប់បាញ់នេះ។
ថ្មីៗនេះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីស្តីទីថៃ អំពីស្ថានភាពបច្ចុប្បន្នទាក់ទងនឹងបទឈប់បាញ់រវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានលើកឡើងថា៖«ក្នុងកិច្ចពិភាក្សានេះ យើងក៏បានសង្កត់ធ្ងន់បន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) ដែលបន្តតាមដានយ៉ាងដិតដល់នូវស្ថានភាពនៅតាមព្រំដែន បន្ថែមពីលើការពិនិត្យមើលគំនិតផ្តួចផ្តើមមួយចំនួនទៀតដែលអាចឆ្ពោះទៅរកការពង្រឹងប្រតិបត្តិការត្រួតពិនិត្យបទឈប់បាញ់»។ ប៉ុន្តែភាគីថៃ បានបដិសេធសំណើរដាក់ពង្រាយអ្នកអង្កេតការណ៍អន្តរជាតិ។
សូមរំលឹកបន្តិចថា បទឈប់បាញ់រវាងកម្ពុជា និងថៃ ត្រូវបានចូលជាធរមានកាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៥ បន្ទាប់ពីសង្គ្រាមផ្ទុះអាវុធរយៈពេល ៥ថ្ងៃ នៅតាមព្រំដែន។ ទោះបីជាមានបទឈប់បាញ់ ប៉ុន្តែស្ថានភាពផុយស្រួយនៅឡើយ ដោយសារយោធាថៃបានរំលោភកិច្ចព្រមព្រៀងនេះ តាមរយៈការជីកលេណដ្ឋានថ្មី និងពង្រាយបន្លាលួស កង់ឡាន ចូលដែនអធិបតេយ្យភាពកម្ពុជានៅតាមព្រំដែន។
ជាការឆ្លើយតប តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ីដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ ព្រមទាំងថ្លែងអំណរគុណដល់បណ្តាក្រុមហ៊ុននានារបស់ម៉ាឡេស៊ី ដែលបានចូលរួមគាំទ្រដល់កិច្ចការសកម្មភាពមីននាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនេះ លោកលី ធុជ បានជម្រាបជូនភាគីម៉ាឡេស៊ីថា បញ្ហាមីននៅកម្ពុជា មានភាពស្មុគស្មាញខ្លាំង ជាពិសេសនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលជាតំបន់រងផលប៉ះពាល់ខ្ពស់ និងមានមីនក្រាស់ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវការពេលវេលា និងធនធានច្រើនសម្រាប់ធ្វើការបោសសម្អាត។ លោកបញ្ជាក់ថា៖« កម្ពុជាកំពុងបន្តការងារបោសសម្អាតមីននេះ តាមកិច្ចការអាទិភាពដែលបានកំណត់ ជាពិសេសផ្តោតលើតំបន់ដែលមានប្រជាជនរស់នៅ និងតំបន់ដែលបានកំណត់ខណ្ឌសីមាព្រំដែនច្បាស់លាស់រវាងកម្ពុជា-ថៃ។
ការលើកឡើងពីបញ្ហាមីនដែលសល់ពីសម័យសង្គ្រាមនេះ បន្ទាប់ពីភាគីថៃបានចោទប្រកាន់មកលើកម្ពុជាថាដាក់មីនថ្មីនៅតាមខ្សែបន្ទាត់ព្រំដែន ដោយការចោទប្រកាន់នេះគ្មានមូលដ្ឋានច្បាស់លាស់ និងពុំមានការស៊ើបអង្កេតដោយតម្លាភាព៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


