Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ចេញគោលការណ៍៥ ចំណុចដើម្បីសម្រួលដល់ដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ដោយបានចេញនូវគោលកាណ៍៥ចំណុច ដើម្បីសម្រួលដល់ដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ចាម, លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោកស្រី វេជ្ជ. ម៉ា សូយ៉ិនដា ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារ អ.ប.ព.។

កិច្ចប្រជុំបានដាក់ចេញនូវគោលការណ៍សំខាន់ៗចំនួន៥ រួមមាន ទី១-ការផ្អាកជាបណ្ណោះអាសន្នចំពោះទីតាំងអាជីកម្មថតចម្លង ឯកសារអ៊ីនធឺណិត និងអាជីវកម្ម លក់សម្ភារសិក្សាគ្រប់ប្រភេទ។ ទី២-ការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ភោជនីយដ្ឋាន អាហារដ្ឋាន ការដ្ឋានសំណង់នានាដែលស្ថិតនៅក្នុង និងជុំវិញបរិវេណមណ្ឌលប្រឡង។ ទី៣-ទីតាំងអាជីវកម្មផ្សេងទៀតដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេងរំខាន ឫសកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។

ទី៤-មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ត្រូវរៀបចំក្រុមការការ-ក្រុមគ្រូពេទ្យ និងរថយន្តសង្គ្រោះ រួមនឹងការបាញ់ថ្នាំសម្លាប់មូស នៅគ្រប់មណ្ឌលប្រឡង ឱ្យបានមុន។ ទី៥-សម្រាប់ការផ្ញើទោចក្រយានយន្ត កង់-ម៉ូតូ នៅតាមមណ្ឌលប្រឡង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម សម្របសម្រួល ជាកម្លាំងសន្តិសុខ មើលការខុសត្រូវ ទទួលផ្ញើមិនតម្រូវឱ្យបង់ប្រាក់ឡើយ និងចែកជូននូវទឹកបរិសុទ្ធ និងភេសជ្ជៈ ដែលឧបត្ថម្ភដោយក្រុមហ៊ុនវឌ្ឍនៈ តាមរយៈ ឯកឧត្តម អភិបាលខេត្តកំពង់ចាម។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (BacII) ឆ្នាំសិក្សា២០២៤-២០២៥ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥។ សម្រាប់ខេត្តកំពង់ចាមមានមណ្ឌលប្រឡងចំនួន១៥ លើសាលារៀនចំនួន១៣ ដែលស្ថិតនៅក្នុងក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រចំនួន ០៥មណ្ឌល ស្មើនឹង ១២៧បន្ទប់ មានបេក្ខជនសរុប ៣,១៦៤នាក់ (ស្រី ១,៩៥៧នាក់) និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ១០មណ្ឌល ស្មើនឹង២៦០បន្ទប់ មានបេក្ខជនសរុប ៦,៤៧៧នាក់ (ស្រី ៣,៦៤៧នាក់)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម