Connect with us

ព័ត៌មានជាតិ

«វិស័យយោធា» នៅតែជាចំណុចស្នូលដែលសម្ដេចតេជោ ជជែកជាមួយមេដឹកនាំវៀតណាម ដើម្បីពង្រីកវិស័យការពារជាតិឱ្យកាន់តែល្អប្រសើរ

បានផុស

នៅ

«វិស័យយោធា» នៅតែជាចំណុចស្នូល និងជាអាទិភាព ដែលសម្ដេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ បានលើកយកទៅជជែកជាមួយថ្នាក់ដឹកនាំរបស់វៀតណាម ដើម្បីធ្វើយ៉ាងណាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសកម្ពុជា និងវៀតណាម ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ នេះជាការទម្លាយឱ្យដឹងដោយអ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ នៅក្នុងសន្និសីទសារព័ត៌មានក្រោយសម្ដេចតេជោ ហ៊ុន សែន បញ្ចប់ដំណើរទស្សនកិច្ចចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ទី៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយសំណួររបស់”កម្ពុជាថ្មី” នៅក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាល្ងាចថ្ងៃទី០២ ខែសីហា នេះ លោក ជា ធីរិទ្ធ ទម្លាយឱ្យដឹងដូច្នេះ÷ “ភាគីទាំងពីរគឺជជែកគ្នាបន្ថែម អំពីរបៀបធ្វើយ៉ាងណា ដើម្បីពង្រឹងនៅកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នាបន្ថែមទៀត ក្រៅតែពីពេលកន្លងមក គឺភាគីទាំងពីរបានប្រកៀកស្មាគ្នាហើយ នៅក្នុងការពង្រីកវិស័យយោធាជាពិសេសគឺវិស័យការពារជាតិជាមួយគ្នា។ អ៊ីចឹង នៅក្នុងជំនួបរបស់សម្ដេចតេជោ ជាមួយថ្នាក់ដឹកនាំវៀតណាមបានបញ្ជាក់បន្ថែមការលើកឡើងប្ដូរយោបល់គ្នាថាតើត្រូវពង្រីកនូវវិស័យយោធាឬក៏វិស័យការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។“។

អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងដែរថា វិស័យយោធាកំពុងតែដើរតួនាទីមួយដ៏សំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ដើម្បីធ្វើយ៉ាងណាពង្រឹងនូវសមត្ថភាពនៃការការពារខ្លួន ពង្រឹងនូវការការពារតាមព្រំដែន សន្តិសុខនៅតាមព្រំដែននៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។

លោក ជា ធីរិទ្ធ ក៏បានឱ្យដឹងដែរថានៅក្នុងជំនួបជាមួយមេដឹកនាំវៀតណាម សម្ដេចតេជោ ហ៊ុន សែន បានអរគុណដល់វៀតណាមដែលបានផ្ដល់អាហាររូបករណ៍ជូននិស្សិត ជាពិសេសការផ្ដល់អាហាររូបករណ៍ និងការបណ្ដុះបណ្ដាលសិក្ខាកាមយោធិនរបស់កម្ពុជា ដែលនេះគឺជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា។

នៅក្នុងវិស័យយោធាវៀតណាមបានជួយបណ្ដុះបណ្ដាលសិក្ខាកម្មយោធិនកម្ពុជាជាច្រើនក្នុងនោះក៏បានជួយបណ្ដុះបណ្ដាលសិក្ខាកាមកងទ័ពអាកាសរបស់កម្ពុជាផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម