Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ លើកទឹកចិត្តក្រុមហ៊ុនបច្ចេកវិទ្យាទំនើបចិនផ្ដោតការបណ្ដុះបណ្ដាល​ជំនាញ​លើវិស័យឧស្សាហកម្មកាត់ដេរ រថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត (AI)

បានផុស

នៅ

លោក ហេង សួរ លើក​ទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​របស់​ចិន ផ្តោត​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​លើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ វិស័យ​រថយន្ត​អគ្គិសនី និង​បញ្ញា​សិប្បនិម្មិត (AI)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ទឹកចិត្ត​នេះ ក្នុង​ឱកាស លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​សាស្ត្រាចារ្យ​បណ្ឌិត ដេវីន លូ តាន់ (Devin Lu Dan) ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Geely Talent Development Group និង​ប្រតិភូ នៅ​ទីស្ដីការ​ក្រសួង កាលពី​ព្រឹក​ថ្ងៃ​ទី ៤ ខែ​កញ្ញា ឆ្នាំ ២០២៥ ម្សិលមិញ។

នា​ឱកាស​នោះ លោក ហេង សួរ បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន Geely Talent Development Group ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​របស់​ចិន ផ្ដោត​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ បច្ចេកទេស​រថយន្ត​អគ្គិសនី និង​បញ្ញា​សិប្បនិម្មិត (AI) ដែល​ក្រុមហ៊ុន​អាច​សហការ​ជាមួយ​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​ក្រសួង។

ទន្ទឹម​នោះ លោក ហេង សួរ បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់ នៃ​កិច្ចសហការ​រវាង​ក្រុមហ៊ុន និង​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​បច្ចេកទេស​របស់​ក្រសួង ខណៈ​កម្ពុជា​មាន​កម្មករ-និយោជិត ជាង ១ លាន​នាក់ កំពុង​បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ដែល​ត្រូវការ​ជំនាញ​បន្ថែម​សម្រាប់​ពង្រឹង​ផលិត​ភាព។ បន្ថែម​ពី​នេះ វិស័យ​រថយន្ត​អគ្គិសនី និង​បញ្ញា​សិប្បនិម្មិត បាន​និង​កំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​កម្ពុជា​ផង​ដែរ។

ជាមួយ​នេះ លោក​សាស្ត្រាចារ្យ​បណ្ឌិត ដេវីន លូ តាន់ បាន​ថ្លែងអំណរគុណ​ដល់​លោក​រដ្ឋមន្ត្រី​ចំពោះ​ការ​ផ្តល់​អនុសាសន៍​សម្រាប់​កិច្ចសហការ​បណ្ដុះបណ្ដាល​លើ​វិស័យ​ដ៏​មាន​សារៈសំខាន់​នេះ​ឲ្យ​ជោគជ័យ​នា​ពេល​អនាគត។

លោក​សាស្ត្រាចារ្យ​បណ្ឌិត ដេវីន លូ តាន់ ក៏បាន​បញ្ជាក់​ពី​ការ​គ្រោង​បណ្ដុះបណ្ដាល​ដែល​អាច​ធ្វើ​ឡើង​ក្នុង​ទម្រង់​ទំនើប​តាមរយៈ​ការ​សិក្សា​ដោយ​ផ្ទាល់ និង​តាមរយៈ​អន​ឡាញ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​វិស័យ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង មាន​ភាព​បត់បែន និង​អំណោយ​ផល​សម្រាប់​កម្មករ-និយោជិត ក្នុង​ការ​សិក្សា​ពី​ចម្ងាយ និង​សិក្សា​ពី​កន្លែង​ការងារ ​ចំណេញ​ទាំង​ពេលវេលា និង​កាត់បន្ថយ​ការ​ចំណាយ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម