Connect with us

កីឡា

Messi ​បង្ហាញ​អារម្មណ៍​​លែង​ចង់​ទៅ​លេង​ World Cup ​ឆ្នាំ ២០២៦

បានផុស

នៅ

ប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីន កីឡាករ Lionel Messi បានបង្ហាញភាពស្រពិចស្រពិល ក្នុងការចូលលេងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup ឆ្នាំ ២០២៦ នៅ សហរដ្ឋអាមេរិក កាណាដា និង ម៉ិកស៊ិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កីឡាករ Lionel Messi ក្នុងការប្រកួតទល់ វ៉េណេស៊ុយអេឡា

កាលពីថ្ងៃ សុក្រ ទី ៥ ខែ កញ្ញា កន្លងទៅ ក្រុមជម្រើសជាតិ អាហ្សង់ទីន បានយកឈ្នះ វ៉េណេស៊ុយអេឡា ៣-០ ក្នុងវគ្គជម្រុះ World Cup ២០២៦ នៅកីឡដ្ឋាន Estadio Monumental ក្នុងប្រទេស អាហ្សង់ទីន។ បន្ទាប់ពីការប្រកួតនោះបញ្ចប់ Messi បានប្រកាសដំណឹងដ៏ក្រៀមក្រំមួយ ថា ការប្រកួតនេះ គឺជាការប្រកួតចុងក្រោយហើយ ដែលគាត់លេងតំណាងឱ្យក្រុមរហស្សនាមពពស នៅក្នុងប្រទេស អាហ្សង់ទីន ដែល​ជា​ទឹកដីកំណើតរបស់ខ្លួន។

ជាមួយគ្នានេះ Messi ក៏បានបង្ហើបផងដែរ ថា គាត់មិនទាន់បានសម្រេចចិត្តនៅឡើយទេ អំពីអនាគតរបស់​ខ្លួន​ក្នុងការចូលលេង World Cup ឆ្នាំ ២០២៦ ព្រោះដោយសារតែកត្តា​អាយុ​កាន់តែ​ច្រើន។ ខ្សែប្រយុទ្ធរបស់ Inter Miami វ័យ ៣៨ ឆ្នាំបាននិយាយ ថា៖ «ដូចខ្ញុំបាននិយាយពីមុនមកអ៉ីចឹង។ ខ្ញុំមិនគិត ថា ខ្ញុំនឹងលេង World Cup ផ្សេងទៀតទេ… ដោយសារអាយុរបស់ខ្ញុំ។ វាគ្រាន់តែជាការគិតលើតថភាពជាក់ស្តែង ហើយជារឿងសមហេតុផល គឺខ្ញុំមិនអាចលេងទៀតនោះទេ»

Messi បានបន្តទៀតថា៖ «ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំព្យាយាមធ្វើឱ្យខ្លួនឯងមានអារម្មណ៍ល្អ។ នៅពេលខ្ញុំមានអារម្មណ៍ល្អ ខ្ញុំនឹងរីករាយជាមួយវា។ ប៉ុន្តែនៅពេលខ្ញុំមិនមានអារម្មណ៍ល្អ ខ្ញុំនឹងមិនរីករាយ​ទេ។ ប្រសិនបើស្ថិត​ក្នុងករណីនោះមែន នោះខ្ញុំនឹងមិនទៅលេងនៅទីនោះឡើយ។ ខ្ញុំមិនទាន់បានសម្រេចចិត្តនៅឡើយទេអំពី World Cup។ គិតពីមួយប្រកួតទៅមួយប្រកួត។ ខ្ញុំនឹងបញ្ចប់រដូវកាលនេះសិន។ ក្រោយមកមានការប្រកួតមុនបើករដូវកាល និងនៅក្នុងរយៈពេល ៦ ខែទៀត។ ខ្ញុំនឹងរង់ចាំមើលពីអារម្មណ៍របស់ខ្ញុំ… ហើយក្រោយមកខ្ញុំនឹងធ្វើការសម្រេចចិត្ត»

កីឡាករ Lionel Messi

ប្រធានក្រុមម្ចាស់អាវលេខ ១០ ដែលជួយឱ្យ អាហ្សង់ទីន ឈ្នះពាន World Cup ២០២២ រូបនេះ កំពុងមានភាពស្រពិចស្រពិល ក្នុងការលេងនៅ World Cup ២០២៦។ គាត់បានបញ្ជាក់ច្បាស់ហើយ ថា បញ្ហាចម្បង គឺកត្តាអាយុ ដោយបច្ចុប្បន្នគាត់មានវ័យ ៣៨ ឆ្នាំទៅហើយ ខណៈនៅឆ្នាំ ២០២៦ គាត់នឹងកើនចូលវ័យ ៣៩ ឆ្នាំ។

គាត់នឹងលេង ប្រសិនបើអារម្មណ៍ល្អ ប៉ុន្តែក្នុងករណីអារម្មណ៍មិនល្អទេ នោះគាត់នឹងមិនចូលរួមលេងឡើយ។ ប្រការនេះ គាត់ចង់សំដៅទៅលើសុខភាព ក៏ដូចជារាងកាយរបស់គាត់។ ដោយសារកត្តាវ័យកាន់តែជ្រែ ធ្វើឱ្យរាងកាយរបស់គាត់មិនល្អដូចមុនឡើយ។ ដូច្នេះប្រសិនបើ រាង​កាយរបស់គាត់មិនអំណោយផលនោះទេ នោះគាត់មិនលេងនៅ World Cup ២០២៦ ឡើយ៕

កីឡាករ Lionel Messi

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម