Connect with us

ព័ត៌មានជាតិ

កម្ពុជា-ថៃ នឹងកំណត់តំបន់សាកល្បងសម្រាប់ការងារដោះមីននៅព្រំដែនក្នុងរយៈពេល១ខែខាងមុខ

បានផុស

នៅ

ចំពោះការងារដោះមីនមនុស្សធម៌នៅតាមណ្តោយព្រំដែន កម្ពុជា-ថៃ ភាគីទាំងពីរបានឯកភាពគ្នានឹងរៀបចំឱ្យមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ដើម្បីអាចចាប់ផ្តើមកំណត់តំបន់សាកល្បងសម្រាប់ការងារដោះមីន ក្នុងរយៈពេល១ ខែខាងមុខ។ការឯកភាពនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងទឹកដីខេត្តកោះកុង ខណៈភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ឯភាគីថៃដឹកនាំដោយនាយឧត្តមសេនីយ៍ ណាត់តាផុន ណាក់ផានីត រដ្ឋមន្រ្តីស្តីទីនៃក្រសួងការពារជាតិថៃ កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការបង្កើតក្រុមការងារសម្របសម្រួលចម្រុះក្នុងរយៈពេល ១ សប្តាហ៍ បន្ទាប់ពីកិច្ចប្រជុំពិសេសនេះ ដែលដឹកនាំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរ ដោយមានការចូលរួមពីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីកំណត់ និងឯកភាពដោយភាគីទាំងពីរ នូវតំបន់អាទិភាពព្រមទាំងសម្រប សម្រួលលើការរៀបចំផែនការ និងអនុវត្តការងារនេះ។ សកម្មភាពនេះ នឹងចូលរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។

ប្រទេសកម្ពុជា និងថៃមានព្រំដែនជាប់គ្នាប្រវែងប្រមាណ ៨០០ គីឡូម៉ែត្រ ចាប់ពីខេត្តកោះកុង ដល់ខេត្តព្រះវិហារ ។ ពាក់ព័ន្ធការបោះបង្គោលព្រំដែនកម្ពុជា​-ថៃ​ វិញ ភាគីទាំងពីរបាន​ឯកភាពទទួលស្គាល់​បង្គោល​ព្រំដែន​ចំនួន ៤២ បង្គោល ក្នុង​ចំណោម ៧៤ បង្គោល ដែល​បោះ​ក្នុង​​សម័យ​អាណានិគម​បារាំង។

លោកទេសរដ្ឋមន្រ្តី លី ធុជ

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ធ្លាប់លើកឡើងថា ការងារបោស សម្អាត​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាកិច្ចការមួយចាំបាច់បន្ទាប់ពីការបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា ដើម្បីគាំទ្រដល់ការស្តារឡើងវិញនូវសេដ្ឋកិច្ចសង្គម និងធ្វើឱ្យប្រទេសកម្ពុជាមានសុវត្ថិភាពជាងមុន។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី ១៨​ខែ សីហា ឆ្នាំ ២០២៥ លោក លី ធុជ ក្រើនរំលឹកទៅកាន់ទាហានថៃ កុំដើរចល័តផ្តេសផ្តាសនៅតាមខ្សែបន្ទាត់ព្រំដែនប្រយ័ត្នជាន់មីនដែលសល់ពីសម័យសង្គ្រាមដោយរង់ចាំថ្នាក់ដឹកនាំទាំងពីរឯកភាពឈានដល់ការបោសសម្អាតមីន។

លោកបន្តថា៖« សំណូមពរភាគីថៃកុំចល័ត កុំដើរពាសវាលពាសកាលចូលតំបន់ទាំងនោះដែលជាទឹកដីកម្ពុជា ហើយជាតំបន់ដែលមានមីនច្រើនណាស់ បើមានការដើរចូលគឺមានគ្រោះថ្នាក់ហើយ។ ព្រោះមីនចាស់ច្រើនណាស់នៅទីនោះ ហើយយើងមានផែនការនឹងបោសសម្អាតនៅពេលអនាគត​ នៅពេលណាប្រទេសយើងទាំងពីរបានឯកភាពគ្នាលើបន្ទាត់ព្រំដែនច្បាស់លាស់ យើងនឹងពង្រាយកម្លាំងបោសសម្អាតមីន»។

នៅក្នុងកិច្ចប្រជុំពិសេសខាងលើ កម្ពុជា និងថៃ ក៏បានសង្កត់ធ្ងន់ផងដែរ អំពីសារៈសំខាន់នៃការទាក់ទងជាទៀងទាត់ រវាងយោធភូមិភាគ (កម្ពុជា) កងទ័ពភូមិភាគ (ថៃ) និងអង្គភាពតាមព្រំដែននៃភាគីទាំងពីរ ព្រមទាំងបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី និងជៀសវាងការប៉ះទង្គិចគ្នា។ ភាគីទាំងពីរ បានបញ្ជាក់ថា ការពង្រឹងទំនាក់​ទំនងនៅគ្រប់កម្រិត ពិតជាមានសារៈសំខាន់ណាស់ ក្នុងការកសាងជំនឿទុកចិត្តនិងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម