ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលើកទឹកចិត្តឱ្យប្រជាកសិករចូលរួមក្នុងសហគមន៍កសិកម្មទំនើប
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នៅថ្ងៃអង្គារនេះ បានបង្ហាញការលើកទឹកចិត្តឱ្យប្រជាកសិករនៅទូទាំងប្រទេសចូលជាសមាជិកក្នុងសហគមន៍កសិកម្មទំនើប ដែលរៀបចំ និងបង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ដើម្បីទទួលបាននូវអត្ថប្រយោជន៍កាន់តែប្រសើរ។

យកឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីបញ្ចប់ការសិក្សានៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្ម នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកត់សម្គាល់ពីភាពជោគជ័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ក្នុងការបង្កើតសហគមន៍កសិកម្មទំនើប ដែលទល់ពេលនេះមានចំនួន១៦ នៅក្នុងខេត្តចំនួន១០ លើមុខដំណាំស្រូវ បន្លែ ម្រេច និងស្វាយចន្ទី។

ការអនុវត្តដោយជោគជ័យលើគម្រោងនេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រំពឹងថា នឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត នាពេលខាងមុខ។ ខណៈកសិករដែលសមាជិកសហគមន៍កសិកម្មទំនើប ត្រូវបានកត់សម្គាល់ឃើញថា អាចធានាទីផ្សារ និងតម្លៃកសិផល។
ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវ និងលើកទឹកចិត្តប្រជាកសិករឱ្យចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងកសិកម្ម អាចផ្តល់ការគាំទ្រកាន់តែច្រើនថែមទៀតលើការកាត់បន្ថយថ្លៃដើមផលិត ជួយរកទីផ្សារ និងការធានាតម្លៃសមរម្យ ដែលជាដំណោះស្រាយរយៈពេលវែង ធ្វើយ៉ាងណាធានាប្រាក់ចំណេញសមរម្យសម្រាប់ប្រជាកសិករ។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះ ក៏បានបង្ហាញក្ដីពេញចិត្តពេញថ្លើមជាមួយនឹងសកម្មភាពយ៉ាងសស្រាក់សស្រាំរបស់មន្រ្តីកសិកម្មឃុំនៅទូទាំងប្រទេស ដែលក្នុងនោះមន្រ្តីកសិកម្មឃុំចំនួន១ ២២៨នាក់ បាននិងកំពុងផ្តល់សេវាគាំទ្របច្ចេកទេស ប្រមូលទិន្នន័យ តម្រង់ទិសផលិតកម្មកសិកម្ម ក្តាប់បញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ ជាពិសេសការជួយរកទីផ្សារ និងសម្របសម្រួលការលក់ស្រូវរបស់ប្រជាកសិករ។
រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពមួយដ៏សំខាន់ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងរួមចំណែកដល់ការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ។ នេះជាការគូសបញ្ជាក់របស់លោក ហង់ជួន ណារ៉ុន ហើយលោក បន្ថែមថា សម្តេចតេជោ បានដឹកនាំឱ្យមានកំណែទម្រង់ជាបន្តបន្ទាប់ ក្នុងវិស័យកសិកម្ម ដែលជាលទ្ធផលបានប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសដែលខ្វះស្បៀង និងពឹងផ្អែកលើជំនួយស្បៀងពីបរទេស ទៅជាប្រទេសកសិកម្មរីកចម្រើន មានសន្តិសុខស្បៀង មានផលិតផលកសិកម្មសម្បូរបែប និងនាំចេញកសិផលរាប់លានតោនទៅបរទេស។

ក្នុងអាណត្តិទី៧ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត, លោក ហង់ជួន ណារ៉ុន លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តល់អាទិភាពដល់វិស័យកសិកម្ម ពិសេសការធានាសន្តិសុខស្បៀងក្នុងគ្រប់កាលៈទេសៈ។ ទោះបីជាសេដ្ឋកិច្ចកម្ពុជាបានឈានដល់ដំណាក់កាលថ្មីនៃការអភិវឌ្ឍតាមរយៈការស្ទុះឡើងក្នុងវិស័យនានាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តចាត់ទុកសន្តិសុខស្បៀងគឺជាមូលដ្ឋានដ៏សំខាន់ក្នុងការធានាស្ថិរភាពសេដ្ឋកិច្ច នយោបាយ និងសង្គមដដែល។
ន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលក្នុងនោះកម្មវិធីទី៥ និងទី៦ ផ្តោតលើការបង្កើនល្បឿននៃការអភិវឌ្ឍវិស័យកសិកម្ម សំដៅបន្តធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


