Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំង ប្រាប់ទៅលោកត្រាំ៖ «រុស្ស៊ីជាខ្លាឃ្មុំ មិនមែនខ្លាក្រដាសទេ»

បានផុស

នៅ

ផ្តាំផ្ញើទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលហាក់ដូចជាមើលស្រាលទីក្រុងមូស្គូនោះ, អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov បាននិយាយថា «រុស្ស៊ីគឺជាខ្លាឃ្មុំ មិនមែនខ្លាក្រដាសទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អ្នកនាំពាក្យវិមានក្រឹមឡាំង Dmitry Peskov (រូបថត៖ Reuters)

នេះគឺជាការឆ្លើយតបទៅនឹងពាក្យសម្តីរបស់លោកត្រាំ ដែលថា រុស្ស៊ីកំពុងមានវិបត្តិសេដ្ឋកិច្ចដ៏ធំ ហើយវាពេលដ៏ល្អសម្រាប់អ៊ុយក្រែនក្នុងការធ្វើសកម្មភាព ហើយប្រយុទ្ធនិងឈ្នះទឹកដីបានមកវិញ។

យ៉ាងណា ក្នុងបទសម្ភាសជាមួយសារព័ត៌មាន RBK កាលពីថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥លោក Peskov បាននិយាយបែបចំអកទៅអាមេរិកថា «រុស្ស៊ីមិនមែនជាខ្លាទេ រុស្ស៊ីតែងត្រូវបានចាត់ទុកថាជាខ្លាឃ្មុំ ហើយក៏មិនមែនជាខ្លាក្រដាសដែរ រុស្ស៊ីគឺជាខ្លាឃ្មុំមែនទែន»។ 

ទន្ទឹមនោះ លោក Peskov បន្ថែមថា សេដ្ឋកិច្ចរុស្ស៊ីបានសម្របខ្លួនទៅនឹងជម្លោះដែលកំពុងបន្ត ហើយអាចផ្តល់សព្វាវុធចាំបាច់ទាំងអស់ឲ្យយោធារបស់ខ្លួន។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

វិមានក្រឹមឡាំងក៏ច្រានចោលការអះអាងរបស់លោក ត្រាំ ដែលថា អ៊ុយក្រែនអាចដណ្តើមយកទឹកដីរបស់ខ្លួនមកវិញផងដែរ ដោយទទូចថា រុស្ស៊ីគ្មាន​ជម្រើស​អ្វីក្រៅពី​​បន្តសង្គ្រាម​ទៅ​មុខ​នោះ​ទេ ដើម្បី​ពលរដ្ឋ​ជំនាន់​ក្រោយ​របស់​ខ្លួន។

តាមសម្តីលោក Peskov, គំនិតដែលថា អ៊ុយក្រែនអាចយកមកវិញនូវអ្វីមួយ គឺខុសស្រឡះ។ រុស្ស៊ីនឹងបន្តធានាផលប្រយោជន៍ និងសម្រេចបាននូវគោលដៅរបស់ខ្លួន។ រុស្ស៊ីគ្មានជម្រើសជំនួស​ផ្សេង​ទេ។

សូមជម្រាបជាថ្មី រុស្ស៊ីបានបើកប្រតិបត្តិការយោធាពេញទំហឹងលើអ៊ុយក្រែន នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ ២០២២ ជាមួយនឹងការលុកលុយគ្រប់ទិស។ យោងតាមតួលេខពីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស, សង្គ្រាមអាយុកាលជាង៣ឆ្នាំមួយនេះ បានសម្លាប់ជនស៊ីវិល ១៣ ៨៨៣នាក់ និងរបួស ៣៥ ៥៤៨នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វិមានក្រឹមឡាំងបដិសេធ​ការ​លើក​ឡើង​របស់ ត្រាំ ដែល​ថា​អ៊ុយក្រែន​អាច​យកដីទាំង​អស់​​មក​វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម