Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ចុះ​ហត្ថលេខា​លើ​​បញ្ជា​លក់ TikTok នៅអាមេរិក ​​ក្នុងតម្លៃអាជីវកម្ម​ ១៤ ​ប៊ីលាន​ដុល្លារ

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា​លើអធិបញ្ជាមួយ​កាលពី​ថ្ងៃព្រហស្បតិ៍ ដោយ​ប្រកាសពីគម្រោងលក់ប្រតិបត្តិនៅអាមេរិក​របស់​វេទិកាបណ្ដាញសង្គមចិន ទីកតុក (TikTok) ​ទៅឱ្យ​​អ្នកទិញ​ ឬវិនិយោគិននៅអាមេរិក​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជុំវិញបញ្ហា អនុប្រធានាធិបតីអាមេរិក លោក JD Vance បាន​និយាយថា តម្លៃអាជីវកម្ម​សម្រាប់​ប្រតិបត្តិការ TikTok នៅអាមេរិក ត្រូវបាន​កំណត់នៅតម្លៃប្រមាណ ១៤ ប៊ីលាន​ដុល្លារ សម្រាប់ក្រុមហ៊ុន ឬវិនិយោគិន។​

​អធិបញ្ជារបស់លោក ត្រាំ បាន​កំណត់ថា ក្រុមហ៊ុន ឬវិនិយោគិនដែលចង់​គ្រប់គ្រងប្រតិបត្តិការ TikTok នៅអាមេរិក ត្រូវតែ​គោរព​តាមច្បាប់សន្តិសុខជាតិ​ ដែល​ដាក់ចេញក្នុងឆ្នាំ ២០២៤ និង​តម្រូវឱ្យក្រុមហ៊ុនមេនៅចិន​ ByteDance ​លក់ប្រតិបត្តិការ TikTok របស់សហរដ្ឋអាមេរិក ឬប្រឈមនឹងការ​បិទទាំងស្រុង​ក្នុងប្រទេសនេះ។ ​ក្រោមលក្ខខណ្ឌដែល​ «ចិន​​ត្រូវយល់ព្រម» ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាថ្មីនឹងត្រូវត្រួតពិនិត្យអាជីវកម្មរបស់ TikTok នៅសហរដ្ឋអាមេរិក ដោយ ByteDance អាច​រក្សាភាគហ៊ុនតិចជាង ២០ ភាគរយ​ ។

លោក JD Vance បាននិយាយថា មានការប្រឆាំងមួយចំនួន​ដែរពីចិន ប៉ុន្តែ «គោលដៅចម្បងរបស់យើងគឺរក្សាដំណើរការ TikTok» ​ខណៈៈការពារភាពឯកជនទិន្នន័យរបស់​ពលរដ្ឋអាមេរិក។

​បទបញ្ជាស្ដីពីការ​ទិញរបស់​លោក ត្រាំ បាន​និយាយថា algorithm របស់ TikTok នឹងត្រូវបានគ្រប់គ្រង និងត្រួតពិនិត្យដោយក្រុមសន្តិសុខរបស់ក្រុមហ៊ុនអាមេរិកថ្មី។ លោក Trump បាននិយាយថាលោកបាននិយាយជាមួយប្រធានាធិបតីចិន ​ស៊ី ជីនពីង​ ហើយ​លោក ស៊ី បាន​​យល់ពេលលើ​ផែនការមួយ​នេះ។ លោកថ្លែងយ៉ាងដូច្នេះថា៖ «វានឹង​​ប្រតិបត្តិការដោយអាមេរិក​គ្រប់យ៉ាង»។

ស្ថានទូតចិន និងក្រុមហ៊ុន​ TikTok មិនទាន់ធ្វើ​ចេញប្រតិកម្មយ៉ាងណាមួយ​នៅឡើយទេ ជុំវិញបញ្ហានេះ។

ក្រុមហ៊ុនបច្ចេកវិទ្យា​អាមេ​រិក​ធំៗ​ ដូចជា Oracle, Silver Lake, និង​ក្រុមហ៊ុនអារ៉ាប់រួម​ MGX ​នឹង​ក្លាយជាអ្នកវិនិយោគសំខាន់​ក្នុងអាជីវកម្មរបស់ TikTok ​នៅ​អាមេរិក ដោយ​កាន់កាប់ភាគហ៊ុនប្រហែល ៤៥ ភាគរយ​។ វិនិយោគិនពី ByteDance និងអ្នក​ថ្មីផ្សេងទៀត នឹងកាន់កាប់ភាគហ៊ុន ត្រឹម ៣៥ ភាគរយ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន​ CNBC ដោយស្រង់សម្ដីប្រភព​ដឹងពីបញ្ហានេះ។​

តាមគម្រោង​ ក្រុមហ៊ុន Oracle នឹងគ្រប់គ្រងសេវាកម្មសុវត្ថិភាព និងផ្ដល់សេវាកម្ម​បច្ចេកវិទ្យាពពក សម្រាប់ក្រុមហ៊ុនថ្មីដែល​ដំណើរការ TikTok។ ជុំវិញបញ្ហានេះ លោក ត្រាំ បាន​និយាយថា នាយកប្រតិបត្តិរបស់ Oracle លោក Larry Ellison ​នឹង​រួមចំណែក​លើ​ការកាប់កាប់ប្រតិបត្តិការ TikTok នៅអាមេរិក និងដើរតួយ៉ាងសំខាន់។ ​

យ៉ាងណាមិញ ប៉ុន្តែសារព័ត៌មាន​ចិន LatePost ​បាន​រាយការណ៍ថា ByteDance គ្រង់នឹង​បង្កើតក្រុមហ៊ុនថ្មីនៅអាមេរិក ដើម្បីបង្កើតរចនាសម្ព័ន្ធថ្មីលើការគ្រប់គ្រង TikTok ដោយ​ទទួលខុសត្រូវចំពោះពាណិជ្ជកម្មអេឡិចត្រូនិក ប្រតិបត្តិការម៉ាកយីហោ និងទំនាក់ទំនងអន្តរកម្មជាមួយប្រតិបត្តិការអន្តរជាតិ។

របាយការណ៍ពីចិនដដែល បាន​អះអាងផងដែរថា ការបណ្តាក់ទុនរួមគ្នា ​តាម​អ្វីដែលសេតវិមានបាន​លើកឡើងក្នុងតម្លៃអាជីវកម្ម ១៤ ប៊ីលាន​ដុល្លារ ​នឹងទទួលខុសត្រូវចំពោះសុវត្ថិភាពឌីជីថលរបស់សហរដ្ឋអាមេរិក ការការពារមាតិកា និងកម្មវិធី ក៏ដូចជាអាជីវកម្មក្នុងស្រុក​ពាក់ព័ន្ធផ្សេងៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម