Connect with us

កីឡា

កាន់​តែ​ល្អទៅៗ វឿន វាសនា បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ ៣ លើកជាប់​គ្នា ក្រោយ​ជួយ​ក្រុមឈ្នះ ៣ ប្រកួត

បានផុស

នៅ

កីឡាករ​បាល់​ទះ​ជម្រើស​ជាតិ​កម្ពុជា វឿន វាសនា បាន​ក្លាយ​ជាកីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ទាំង ៣ លើក​សម្រាប់​ការ​ប្រកួត​លីគ​បាល់ទះអាជីព​តៃវ៉ាន់ Taiwan Professional Volleyball League រដូវ​កាល​​ថ្មី ដែល​ទើប​ដំណើរ​ការ​បាន ៣ ប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត​ទី១ ក្រុម Win Streak ទទួល​បាន​ជ័យជម្នះ លើ​ក្រុម Taipei East Power ដោយ​លទ្ធផល ៣-០ (២៥-១៧, ២៥-១៨ និង ២៥-២០) កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ ២០២៥។ ការ​ប្រកួត​នេះ វឿន វាសនា រក​បាន ១៩ ពិន្ទុ​ គឺ វាយ​ផ្តាច់ ១៦ ពិន្ទុ ប្លុក​ការពារ ១ ពិន្ទុ និង​វាយ​សេវា រក​បាន ២ ពិន្ទុ​ ដើម្បី​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត។

ការ​ប្រកួត​ទី២ ក្រុម Win Streak បាន​យក​ឈ្នះ​លើក្រុម Taoyuan Leopards ដោយ​លទ្ធផល ៣-០ (២៥-១៨, ២៥-១៤ និង ២៥-២០) កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ ២០២៥។ ពេល​នោះ វឿន វាសនា រក​បាន ១៦ ពិន្ទុ គឺ រក​បាន​តាម​រយៈ​ការ​វាយ​ផ្តាច់ ១២​ពិន្ទុ ការ​ប្លុក​ការពារ ២ ពិន្ទុ និង វាយ​សេវា ២ ពិន្ទុ ដើម្បីក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ជា​លើក​ទី​២។

សម្រាប់​ការ​ប្រកួត​ទី​៣ ពិត​ជា​តឹង​តែង​ខ្លាំង​មែន ប៉ុន្តែ​កីឡាករ​កម្ពុជា វឿន វាសនា រក​ពិន្ទុ​បាន​កាន់​តែ​ច្រើន។ ក្រុម TSG Sky Hawks បង្ហាញ​ភាព​ខ្លាំង​បាន​យក​ឈ្នះ ២ សិត​ដំបូង​ដោយ​ពិន្ទុ ២៥-២៧ និង ១៥-២៥ ប៉ុន្តែ​ក្រុម​ Win Streak បាន​កែ​ប្រែ​បញ្ហា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​រហូត​​វាយ​បក​យក​ឈ្នះ ៣​សិត​ចុង​ក្រោយ ដោយ​ពិន្ទុ ២៨-១៨, ២៥-១៦ និង ១៩-១៧  ដើម្បី​ទទួល​បាន​ជ័យជម្នះ ៣-២។

តួឯក​មិន​អាច​ខ្វះ​បាន​សម្រាប់​ជ័យជម្នះ​​នេះ គឺ វឿន វាសនា លេច​ធ្លោ​បំផុត​ដោយ​រក​រក​បាន ៣៤​ពិន្ទុ ដែល​ជា​ពិន្ទុ​ខ្ពស់​ជាង​ពីរ​ប្រកួត​មុន។ រូប​គេ​រក​បាន តាម​រយៈ​ការ​វាយ​ផ្តាច់ ៣២​ពិន្ទុ និង ប្លុក​ការពារ ២ ពិន្ទុ ដើម្បី​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​ជា​លើក​ទី​៣។

សូម​បញ្ជាក់​ថា វឿន វាសនា បាន​បន្ត​លេង​ឲ្យ​ក្រុម Win Streak រដូវ​កាល​ទី​៣ ហើយ បន្ទាប់​ពី​រដូវ​កាល​មុន​បាន​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ជើង​ឯក​លីគ​កំពូល​តៃវ៉ាន់​ទាំង​ពីរ​រដូវ​កាល។ រហូត​ដល់​ពេល​នេះ កីឡាករ​កម្ពុជា ឈ្នះ​ពាន​ជា​មួយ​ក្លិប ២ លើក និង​ឈ្នះ​ពាន​ឯកត្តជន​ចំនួន ៣ គឺ ពាន​កីឡាករ​ល្អ​ប្រចាំ​ព្រឹត្តិការណ៍​រដូវ​កាល​មុន ពាន​កីឡាករ​រក​ពិន្ទុ​បាន​ច្រើន​ជាង​គេ​បំផុត និងកីឡាករ​វាយ​ផ្តាច់​ស្តាំ​ល្អ​បំផុត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម