Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមក្លាយជាទីតាំងផលិតកម្មថ្មីរបស់ Apple សម្រាប់គ្រឿងអេឡិចត្រូនិកក្នុងផ្ទះ​

បានផុស

នៅ

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple បាន​បោះជំហាន​ដែលមិនធ្លាប់មាន ដោយ​បង្កើនការវិនិយោគនៅវៀតណាម​ តាមរយៈការដាក់ប្រទេសនេះជាទីតាំងផលិតកម្ម​ចម្បង សម្រាប់ផលិតផល​ថ្មីៗ ​រួមទាំង​កាមេរ៉ាសុវត្ថិភាព​បំពាក់បញ្ញាសិប្បនិម្មិត (AI) និងគ្រឿងអេឡិចត្រូនិកក្នុងផ្ទះផ្សេងៗ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន​ Bloomberg។

​កាមេរ៉ាសុវត្ថិភាពបំពាក់ AI​ និងឧបករណ៍គ្រប់គ្រងផ្ទះឆ្លាតវៃ រំពឹងថានឹង​ចាប់ផ្ដើមផលិតកម្ម​នៅឆ្នាំ ២០២៦ ខណៈផលិតកម្ម​គ្រឿងអេឡិចត្រូនិក​រូបូត ដែលមានបំពាក់ម៉ូទ័រ និងឧបករណ៍ចាប់សញ្ញាសម្រាប់ចលនា (Tabletop Robot) រំពឹងថានឹង​ចាប់ផ្ដើមនៅឆ្នាំ ២០២៧។

​ការផលិតផលិតផលថ្មីទាំង៣មុខនៅវៀតណាម បង្ហាញពីការផ្លាស់ប្ដូរយុទ្ធសាស្រ្តផលិតកម្ម​ដ៏សំខាន់របស់ក្រុមហ៊ុន Apple ដែល​កន្លងមក​ តែងតែផលិតឧបករណ៍ថ្មីៗ​នៅប្រទេសចិនមុនគេ​សិន​ មុនពេលពង្រាយ​ផលិតកម្ម​ទៅកាន់ប្រទេសដទៃ។ ​

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​អាមេរិកដដែល នឹងចាប់ដៃគូជាមួយក្រុមហ៊៊ុនផលិតរថយន្តអគ្គិសនីចិន BYD ​លើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ហាដវែរ (Hardware) របស់​ Apple ។ BYD នឹងគ្រប់គ្រងការដំឡើង​ចុងក្រោយ ការធ្វើតេស្ត និងការវេចខ្ចប់ឧបករណ៍ ដោយរៀបចំវាសម្រាប់ការដឹកជញ្ជូនទៅកាន់អតិថិជន និងហាងលក់រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ​វៀតណាមគឺជាមជ្ឈមណ្ឌលផលិតកម្ម​​សម្រាប់ផលិតផលអេឡិចត្រូនិករបស់ Apple ផ្សេងៗ រួមទាំង​ AirPods, Apple Watch, iPad, Mac និង HomePod ជាដើម​។ ​អ្នកវិភាគមកពីកាសែត Nikkei និងសារព័ត៌មាន​ Bloomberg បានកត់សម្គាល់ថា វៀតណាមកំពុង​​ប្រែពី «ផ្កាយរណបឧស្សាហកម្ម» ទៅជា «មជ្ឈមណ្ឌលបច្ចេកវិទ្យា» ដែលមានសមត្ថភាព​រួមចំណែក​យ៉ាងស៊ីជម្រៅក្នុងវិស័យឌីហ្សាញវិស្វកម្ម និង​ការកំណត់​យក​ផលិតផល (Product Validation)។

មែនទែនទៅ ការចាប់ផ្ដើមផលិតកម្មផលិតផលថ្មីនៅវៀតណាម ឆ្លុះបញ្ចាំងសំខាន់មួយ គឺការងាកចេញពីការពឹងផ្អែកលើផលិតកម្មនៅចិន​ ក្នុងបរិបទនៃភាពតានតឹងពាណិជ្ជកម្ម​អាមេរិក-ចិន។

អាមេរិក​ដាក់ពន្ធ ២០ ភាគរយ លើទំនិញ​វៀតណាម​ ខណៈខ្ពស់ជាង ១០០ ភាគរយ លើចិន​។ អ្នកជំនាញ​ជឿ​ថា​ ការផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ​បំពាក់ AI ជំនាន់ថ្មី នៅវៀតណាមរបស់ Apple នឹង​ក្លាយជាការធ្វើតេស្ត ដើម្បីកំណត់ថាតើ​វៀតណាម​អាចវិវត្តទៅជា​មជ្ឈមណ្ឌលបច្ចេកវិទ្យា​ដែរឬយ៉ាងណា ខណៈបច្ចុប្បន្ន វៀតណាម​លេចធ្លោខាងទីតាំងដំឡើងដែលត្រូវចំណាយទាប។ ប្រសិនបើជោគជ័យ ​វាអាចជាការ​ត្រួសត្រាយផ្លូវសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងការ​សាកល្បងបច្ចេកវិទ្យាផ្សេងៗដោយផ្ទាល់នាពេលអនាគត នៅ​ប្រទេសនេះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម