សេដ្ឋកិច្ច
អាល្លីម៉ង់ស្វែងរកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
អាល្លីម៉ង់កំពុងបង្កើនការពង្រឹងទំនាក់ទំនង និងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅអាស៊ី រួមទាំងកម្ពុជា ដែលជាគោលដៅលេចធ្លោទទួលបានការចាប់អារម្មណ៍។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ បានអនុញ្ញាតឱ្យលោក Andreas Scheuer ប្រធានក្រុមប្រឹក្សាភិបាលស្ថាប័ន Asia Bridge និងជាអតីតរដ្ឋមន្ត្រីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ចូលជួបពិភាក្សាការងារ ក្រោមការសម្របសម្រួលរបស់លោក Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី និងលោក Andreas Scheuer បានពិភាក្សាផ្លាស់ប្តូរយោបល់ពាក់ព័ន្ធនឹង៖ បទពិសោធន៍ការងារកន្លងមក, បរិយាកាសវិនិយោគនៅកម្ពុជា, ពិពិធកម្មសេដ្ឋកិច្ច និងគោលដៅវិនិយោគ, ពាណិជ្ជកម្មអន្តរជាតិ, ការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថល។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបបន្ថែមអំពីការបំបែកកំណត់ត្រាការអនុម័តគម្រោងវិនិយោគក្នុងឆ្នាំ២០២៤ និងការឈានទៅបំបែកកំណត់ត្រាសារជាថ្មីម្តងទៀតក្នុងឆ្នាំ២០២៥ ដែលលទ្ធផលនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពអំណោយផល និងជាទីទុកចិត្តសម្រាប់ការវិនិយោគដោយផ្ទាល់ពីបរទេស។
លោកប្រធានក្រុមប្រឹក្សាភិបាល បានសម្តែងនូវការកត់សម្គាល់ខ្ពស់ចំពោះកំណែទម្រង់នានាដែលនាំឱ្យកម្ពុជាមានការផ្លាស់ប្តូរមុខមាត់ក្នុងរយៈពេលចុងក្រោយ ព្រមទាំងបានសម្តែងនូវការកោតសសើរខ្ពស់ចំពោះចក្ខុវិស័យ និងឆន្ទៈយ៉ាងមោះមុតរបស់ឧបនាយករដ្ឋមន្ត្រី ក្នុងការជំរុញកម្ពុជាជាមួយនឹង ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

លោកប្រធានក្រុមប្រឹក្សាភិបាល បានបង្ហាញនូវការតាំងចិត្តក្នុងការពាំនាំអំពីចំនុចវិជ្ជមាន និងសក្តានុពលនានារបស់កម្ពុជាដែលលោកបានស្វែងយល់ក្នុងទស្សនកិច្ចនេះ ទៅផ្សព្វផ្សាយបន្តនៅក្នុងសហគមន៍ធុរកិច្ច និងពាណិជ្ជកម្ម ដែលមានទំនាក់ទំនងជាមួយស្ថាប័ន Asia Bridge ផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាភិបាល សង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ កាន់តែប្រសើរឡើងនាពេលអនាគត។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងរយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ ២០២៥ ការដោះដូរទំនិញកម្ពុជា-អាល្លឺម៉ង់ សម្រេចបាន ៨៤៤ លានដុល្លារ កើនឡើង ៧,៦៤% ក្នុងនោះកម្ពុជានាំចេញទៅអាល្លឺម៉ង់ជាង ៦៩០ លានដុល្លារ កើន ២,៧៩% ចំណែកឯអាល្លឺម៉ង់នាំចូលមកវិញមានទំហំ ១៥៤ លានដុល្លារ កើន ៣៦,៥៣%៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


