Connect with us

ព័ត៌មានអន្ដរជាតិ

SpaceX របស់ អេឡុន ម៉ាសក៍ ផ្ដាច់អ៊ិនធឺណិតនៅ​មីយ៉ាន់ម៉ា ក្នុងករណីឆបោក​អនឡាញ

បានផុស

នៅ

ក្រុមហ៊ុនបច្ចេកវិទ្យា​អវកាស SpaceX របស់មហាសេដ្ឋី អេឡុន ម៉ាសក៍ បាន​និយាយកាលពីថ្ងៃពុធថា ខ្លួនបាន​កាត់ផ្ដាច់ការផ្ដល់់អ៊ិនធឺណិតពីផ្កាយរណប​តាមរយៈឧបករណ៍ Starlink ២ ៥០០ ដុំ នៅតាមមជ្ឈមណ្ឌលបោកប្រាស់អនឡាញ(អ៊ិនធឺណិត)នៅមីយ៉ាន់ម៉ា។ នេះបើតាមការរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន​ AFP។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសដាច់ផ្ដាច់នេះ កើតឡើងក្រោយ​មានសេចក្ដីរាយការណ៍ថា ក្រុមឧក្រិដ្ឋជនឆបោកអនឡាញ បាន​ប្រើប្រាស់អ៊ិនធឺណិត Starlink ដើម្បីដំណើរការប្រតិបត្តិការខុសច្បាប់របស់ខ្លួននៅមីយ៉ាន់ម៉ា។

ការបង្រ្កាបរបស់ក្រុមយោធាមីយ៉ាន់ម៉ាលើទីតាំងឆបោក​ជាប់ព្រំដែនថៃកាលពីដើមសប្ដាហ៍ បាន​រកឃើញឧបករណ៍ Starlink ៣០ ដុំ ខណៈរបាយការណ៍ពីមជ្ឈមណ្ឌលព័ត៌មានបណ្តាញអាស៊ីប៉ាស៊ីហ្វិក (APNIC) បាន​បង្ហាញថ្មីៗនេះថា Starlink ក្លាយជាអ្នកផ្ដល់សេវាអ៊ិនធឺណិតផ្កាយរណបដ៏ធំបំផុតសម្រាប់មីយ៉ាន់ម៉ាត្រឹមរយៈពេល ៣ ខែ។

លោកស្រី Lauren Dreyer អនុប្រធានផ្នែកប្រតិបត្តិការអាជីវកម្មរបស់ Starlink ដែលជាក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ SpaceX បាន​និយាយលើបណ្ដាញសង្គម X ថា៖ «បច្ចេកវិទ្យាដូចគ្នាដែលអាចផ្តល់អត្ថប្រយោជន៍យ៉ាងសម្បើម ​បង្ក​ហានិភ័យ​សម្រាប់ការប្រើប្រាស់ខុស»។ លោកស្រីបន្តថា៖ «ពេល​ចាប់បាន​​ការរំលោភ​បំពាន យើងចាត់វិធានការសមស្រប រួមទាំងការធ្វើការជាមួយភ្នាក់ងារអនុវត្តច្បាប់ជុំវិញពិភពលោក»។

ជាឧទាហរណ៍ លោកស្រី Dreyer បាន​បន្តថា៖ «នៅមីយ៉ាន់ម៉ា ក្រុមហ៊ុន SpaceX បានកំណត់អត្តសញ្ញាណយ៉ាងសកម្ម និងបិទឧបករណ៍ Starlink ជាង ២ ៥០០ ដុំ ​ក្នុងតំបន់ជុំវិញ «មជ្ឈមណ្ឌលបោកប្រាស់» ដែលគេសង្ស័យ»​។

​របាយការណ៍​ស៊ើបអង្កេតរបស់ AFP នៅខែតុលា នេះ បានរកឃើញថា ​ទោះបីមាន​ការបង្រ្កាបដ៏ធំនៅដើមឆ្នាំនេះក៏ដោយ មជ្ឈមណ្ឌលឆបោកនៅមីយ៉ាន់ម៉ានៅតែរីករាលដាល។ ​ក្នុងនោះ ឧក្រិដ្ឋជនបាន​ដំឡើង​ឧបករណ៍​ Starlink ទ្រង់ទ្រាយធំ ដើម្បីទាញយកអ៊ិនធឺណិតពីផ្កាយរណបរបសលោក អេឡុន ម៉ាកស៍។​

គួរកត់សម្គាល់ថា ឧស្សាហកម្មបោកប្រាស់តាម​អនឡាញបាន​រីករាលដាលទូទាំងអាស៊ីអាគ្នេយ៍ ​ក្នុងទំហំនៃការឆបោកពីជនរងគ្រោះដលទៅ ៣៧ ប៊ីលាន​ដុល្លារ ក្នុងឆ្នាំ ២០២៣។​ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម