សេដ្ឋកិច្ច
វេទិកាសហគ្រិនកំពូល ឆ្នាំ២០២៥ បើកឱកាសឱ្យអ្នករកស៊ីជួបជុំគ្នា កំណត់ទិសដៅធុរកិច្ច
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វេទិកាសហគ្រិនកំពូល ឆ្នាំ២០២៥ (PEF) ក្រោមប្រធានបទ «ពិភពលោករីកចម្រើននៅពេលយើងសហការគ្នា៖ ជំរុញធុរកិច្ច, ឌីជីថល, និងនវានុវត្តន៍នៅក្នុងអាស៊ាន» និងកម្មវីធីប្រគល់ពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន ឆ្នាំ២០២៥។

វេទិកាសហគ្រិនកំពូល (PEF) គឺជាវេទិកាធុរកិច្ចថ្នាក់តំបន់មួយ ដែលបានចាប់ផ្តើមដំណើរការលើកដំបូងកាលពីឆ្នាំ២០២៤ នៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងចក្ខុវិស័យក្នុងការប្រែក្លាយខ្លួនទៅជាវេទិកាដ៏មានឥទ្ធិពល និងឈានមុខគេមួយនៅក្នុងអាស៊ាន សម្រាប់ថ្នាក់ដឹកនាំធុរកិច្ចដែលមានទស្សនៈវិស័យវែងឆ្ងាយ អ្នកបង្កើតនវានុវត្តន៍ និងសហគ្រិនអាចជួបជុំគ្នាដើម្បីកំណត់ទិសដៅធុរកិច្ចសម្រាប់អនាគត។
ក្រៅពីការជំរុញកិច្ចសន្ទនាកម្រិតខ្ពស់ វេទិកាសហគ្រិនកំពូល បានប្តេជ្ញាជំរុញលទ្ធផលជាក់ស្តែង តាមរយៈការបង្កើតភាពជាដៃគូឆ្លងព្រំដែន ការបើកឱកាសវិនិយោគ និងការតស៊ូមតិលើគោលនយោបាយនានា ដែលផ្តល់គុណប្រយោជន៍ដល់សហគ្រិន ដោយមិនត្រឹមតែភ្ជាប់បណ្តាញក្នុងសមាគមអាស៊ានប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់ទៅកាន់ទីផ្សារសកល។
កម្មវិធីប្រគល់ពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) គឺជាការទទួលស្គាល់ដ៏មានកិត្យានុភាព ដែលបង្ហាញនូវការសាទរចំពោះសមិទ្ធផល និងការរួមចំណែកដ៏ឆ្នើមរបស់សហគ្រិនស្ត្រី នៅទូទាំងតំបន់អាស៊ាន។

ពានរង្វាន់នេះបានគូសបញ្ជាក់ពីភាពធន់ នវានុវត្តន៍ និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លានៅក្នុងឧស្សាហកម្ម និងសហគមន៍របស់ពួកគេ ជាមួយនឹងគោលបំណងបំផុសគំនិតដល់អ្នកដឹកនាំស្ត្រីជំនាន់ក្រោយ និងជំរុញប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រដល់ស្ត្រីក្នុងវិស័យធុរកិច្ច។
កម្មវិធីប្រគល់ពានរង្វាន់នេះ ដែលបានរៀបចំឡើងជាផ្នែកមួយនៃ PEF បានបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃសមភាពយេនឌ័រ និងការពង្រឹងអំណាចស្ត្រី ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់លើចំណុចសំខាន់ចំនួន ៤ ដែលមានឥទ្ធិពលធ្វើឱ្យវិសាលភាពនៃ PEF កាន់តែមានភាពទូលំទូលាយ ក្នុងនោះរួមមាន៖ ១. ការបង្កើតបណ្តាញទំនាក់ទំនងឆ្លងព្រំដែន, ២. ការគាំទ្រសហគ្រិនស្ត្រីក្នុងទ្រង់ទ្រាយធំ, ៣. ការលើកកម្ពស់នវានុវត្តន៍ និងបច្ចេកវិទ្យាប្រកបដោយបរិយាប័ន្ន, និង៤. ការលើកកម្ពស់អាជីវកម្ម ប្រកបដោយនិរន្តរភាព និងការជំរុញឥទ្ធិពលអាជីវកម្មឱ្យកាន់តែរឹងមាំ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកយកសុភាសិតខ្មែរមួយឃ្លាថា៖ «ដើមឈើតែមួយដើម មិនអាចបង្កើតជាព្រៃបានទេ» ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីនៃកិច្ចសហការ និងកំណើនដែលគ្រប់គ្នាត្រូវការ។
លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ការពង្រីកវិសាលភាពនៃការផ្លាស់ប្តូរប្រកបដោយអត្ថន័យ ទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដោយគ្មានសហគ្រិនណាម្នាក់អាចធ្វើតែឯងបានឡើយ គឺមានតែការរួបរួមសហការ ភាពជាដៃគូ និងការគាំទ្រគ្នាទៅវិញទៅមកប៉ុណ្ណោះ ទើបយើងអាចពង្រីកឥទ្ធិពលនៃវេទិកាមួយនេះបានយ៉ាងពិតប្រាកដ៕


-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


