ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចវៀតណាមអាចវ៉ាដាច់ថៃនៅឆ្នាំនេះ
សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម អាចនឹងវ៉ាដាច់ថៃនៅឆ្នាំនេះបើគិតពី ផលិតផលក្នុងស្រុកសរុបតែនាម (Nominal GDP) ដែលជំរុញដោយការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដឹករបស់រដ្ឋ ខណៈសេដ្ឋកិច្ចដើរអូសជើងរបស់ថៃឯណោះវិញប្រឈមនឹងបញ្ហាជាច្រើនផ្សេងៗ។

កាសែត Nikkei Asia បានចុះផ្សាយកាលពីថ្ងៃអាទិត្យថា ខណៈសេដ្ឋកិច្ចវៀតណាមកើនឡើងរហ័ស សេដ្ឋកិច្ចថៃឯណោះវិញត្រូវដុនដាបដោយសារតែបំណុលគ្រួសារខ្ពស់ វិបត្តិនយោបាយក្នុងស្រុក និងជម្លោះព្រំដែនជាមួយកម្ពុជា ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចប្រទេសនេះកើនឡើងយឺតយ៉ាវ។
របាយការណ៍នេះ ធ្វើឡើងក្រោយកាសែតក្នុងស្រុកថៃ The Nation បានផ្សាយកាលពីពេលថ្មីៗថា ស្ថាប័នអ្នកជំនាញអន្តរជាតិសំខាន់ៗ បានព្យាករពីកំណើនសេដ្ឋកិច្ចថៃត្រឹមចន្លោះពី ១,៥-១,៨% សម្រាប់ឆ្នាំ ២០២៦ ដែលអាចជាកំណើនដ៏ខ្សោយបំផុតរបស់ថៃក្នុងរយៈពេល៣ទសវត្សរ៍ បើមិនរាប់បញ្ចូលទាំងឆ្នាំវិបត្តិផ្សេងៗ ដូចជាកូវីដ១៩ ជាដើម។
ដោយឡែក សេដ្ឋកិច្ចពិតវៀតណាមឯណោះវិញ រំពឹងថានឹងកើនឡើងក្នុងរង្វង់ ៨% ឆ្នាំមុន ហើយរដ្ឋាភិបាលកំណត់គោលដៅកំណើន ១០% ចាប់ពីឆ្នាំ ២០២៦ នេះតទៅ។ ទោះបីជាអ្នកមួយចំនួនគិតថាអត្រានេះខ្ពស់មិនអាចទៅរួចក្ដី នាយករដ្ឋមន្រ្តីវៀតណាមលោក ផាម មិញ ឈិញ បានទទូចថា កំណើននេះអាចសម្រេចបាន។
បើតាម Nikkei Asia បើកំណើននេះសម្រេចបានតាមគោលដៅមែននោះ ផលិតផលក្នុងស្រុកសរុបតែនាមរបស់វៀតណាម នឹងកើនដល់កម្រិតមធ្យមក្នុងរង្វង់ ៥០០ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៦ ឬ ២០២៧ ដោយវ៉ាដាច់ថៃ និងអាចក្លាយជាប្រទេសអាស៊ីអាគ្នេយ៍មានសេដ្ឋកិច្ចធំបំផុតទី៣ បន្ទាប់ពីឥណ្ឌូណេស៊ី និងសិង្ហបុរី។ ផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ (GDP per capita) របស់វៀតណាម នឹងលើសពី ៥០០០ ដុល្លារ/ម្នាក់ ដែលខិតជិតកម្រិតរបស់ប្រទេសឥណ្ឌូណេស៊ី។

សម្រាប់វៀតណាម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាំងប្រទេសគឺជាកត្តាជំរុញកំណើនដ៏សំខាន់។ លោក Can Van Luc ប្រធានសេដ្ឋវិទូរបស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) បាននិយាយថា ការវិនិយោគសាធារណៈនៅឆ្នាំ ២០២៦ រំពឹងថានឹងកើនឡើងប្រហែល ២៦% ដែលអាចរួមចំណែក ១,៦% ដល់កំណើនសេដ្ឋកិច្ច។ ការវិនិយោគទាំងនោះ រួមទាំងគម្រោងធំៗ ដូចជាអាកាសយានដ្ឋានថ្មីនៅជិតទីក្រុងហូជីមិញ ដែលគ្រោងនឹងបើកនៅឆ្នាំ ២០២៦ និងគម្រោងផ្លូវដែកជើង-ត្បូង។
ផ្ទុយទៅវិញ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ឯណោះវិញ ស្រដៀងនឹងស្ថាប័នជំនាញមួយចំនួនដែរ បានរំពឹងថាកំណើនផលិតផលក្នុងស្រុកសរុបពិតប្រាកដរបស់ថៃ នឹងថយចុះមកត្រឹម ១,៥% ក្នុងឆ្នាំ ២០២៦ ដែលទាបជាងឆ្នាំមុន ០,៥%។ បំណុលគ្រួសារខ្ពស់ដែលធ្វើឱ្យតម្រូវការខ្សោយ ភាពយឺតយ៉ាវនៃការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងពន្ធរបស់សហរដ្ឋអាមេរិក កំពុងដាក់សម្ពាធលើវិស័យផលិតកម្មរបស់ថៃ។
បន្ថែមពីលើវិបត្តិនយោបាយក្នុងស្រុក ភាពតានតឹងនៅតាមព្រំដែនថៃ-កម្ពុជា ដែលអូសបន្លាយតាំងពីពាក់កណ្ដាលឆ្នាំមុនមក បានធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីថយចុះ និងប៉ះពាល់ដល់វិស័យទេសចរណ៍របស់ប្រទេសទាំង២។ ការណ៍នេះ ក៏រួមចំណែកដល់បញ្ហាសេដ្ឋកិច្ចថៃផងដែរ រួមទាំងការធ្វើឱ្យការនាំចេញរបស់ថៃធ្លាក់ចុះ ដោយបង្កការខាតបង់គិតជាទឹកប្រាក់រាប់ប៊ីលានដុល្លារ ចំពេលដែលការឡើងថ្លៃប្រាក់បាតក៏ក្លាយជាបន្ទុកសេដ្ឋកិច្ចមួយផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


