Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន​រកឃើញកំណប់ឧស្ម័នថ្មីស្តុកឧស្ម័ន ២,៧ ប៊ីលាន​ម៉ែត្រគូប ក្បែរតំបន់ជម្លោះ​នៃសមុទ្រចិនខាងត្បូង​

បានផុស

នៅ

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណង់ ម៉ារកូស ជូនៀរ (Ferdinand Marcos Jr.) បានប្រកាសពីការរកឃើញកំណប់ឧស្ម័នធម្មជាតិថ្មីមួយដ៏ធំ​ក្បែរវាលឧស្ម័នដែលមានស្រាប់ ​ក្នុងដែនទឹក​ជិតតំបន់ជម្លោះនៃសមុទ្រចិនខាងត្បូង​។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ AP។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​ម៉ារកូស បាននិយាយកាលពីថ្ងៃចន្ទថា ការរកឃើញអាងស្តុកឧស្ម័ននៅភាគពាយ័ព្យនៃខេត្ត Palawan «មានសារៈសំខាន់» ហើយ​អាចផ្គត់ផ្គង់ថាមពលដល់គ្រួសារជាង ៥,៧ លានគ្រួសារជារៀងរាល់ឆ្នាំ។

កំណប់ស្តុកឧស្ម័នក្រោមសមុទ្រថ្មី ត្រូវបានគេ​ប៉ាន់ប្រមាណថាមានឧស្ម័នប្រហែល ៩៨ ប៊ីលានហ្វីតគូប (២,៧ ​ប៊ីលានម៉ែត្រគូប)។ បើតាមលោក ម៉ារកូស ​ការធ្វើតេស្តដំបូងបានបង្ហាញថា ហ្វីលីពីនអាចទាញយកឧស្ម័នពីអាងស្តុកក្រោមសមុទ្រនេះ ​១,៦ លានម៉ែត្រគូប​/ថ្ងៃ​។ លោកមិនបាន​​ផ្តល់ព័ត៌មានលម្អិតផ្សេងទៀត រួមទាំងពេលណាដែលហ្វីលីពីននឹង​ចាប់ផ្ដើមផលិតកម្មនោះទេ។ ​

លោក ​ម៉ារកូស បាន​ថ្លែងយ៉ាងដូច្នេះ ការរកឃើញនឹង «ពង្រឹងការផ្គត់ផ្គង់ឧស្ម័នក្នុងស្រុករបស់យើងសម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ។ ក្រៅពីឧស្ម័នធម្មជាតិ ការរកឃើញនេះក៏រួមបញ្ចូលទាំងឧស្ម័នខាប់ផងដែរ ដែលជាឥន្ធនៈរាវមានតម្លៃខ្ពស់»។

គួរគូសបញ្ជាក់ថា កំណប់ឧស្ម័នថ្មី ដែលមានឈ្មោះថា Malampaya East 1 ​មាន​ចម្ងាយប្រហែល ៥ គីឡូម៉ែត្រ ​ភាគខាងកើតនៃវាលឧស្ម័ន Malampaya ដែល​ហ្វីលីពីនចាប់ផ្ដើម​ទាញយក​ឧស្ម័នពាណិជ្ជកម្ម​ជាង២​ទសវត្សរ៍មុន។

បើតាម AP រោងចក្រផលិតឧស្ម័ន Malampaya បានបង្កើតអគ្គិសនីជាង ២០% សម្រាប់ការ​ប្រើប្រាស់នៅលើកោះ Luzon ដែលជាតំបន់កោះភាគខាងជើង​ហ្វីលីពីន មានប្រជាជនច្រើនបំផុត។ នៅឆ្នាំ ២០២៣ លោក ម៉ារកូស បានបន្តកិច្ចសន្យារុករកនៅវាល Malampaya ចំនួន ១៥ ឆ្នាំ ​ទៅមុខ ខណៈអ្នកជំនាញបានព្យាករថា វាល Malampaya អាចនឹងអស់ឧស្ម័នក្នុងរយៈពេល ២-៣ ឆ្នាំ ទៀត​ ដែលបង្ក​កង្វល់អំពីវិបត្តិថាមពល​សម្រាប់កោះ Luzon​។

វាលឧស្ម័នដដែល ស្ថិតនៅ​ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់​ហ្វីលីពីន ដែល​គេរាប់​ដែនទឹកប្រវែង ​៣៧០ ​គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររបស់ប្រទេស​នេះ ដោយផ្ដល់ឱ្យហ្វីលីពីននូវ​សិទ្ធិផ្តាច់មុខក្នុងការរុករក និងទាញយកធនធានក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។

ក្រៅពីនេះ ហ្វីលីពីនមាន​វាលរុករកមួយទៀតឈ្មោះ ​Reed Bank ​ដែលស្ថិតនៅជាយភាគខាងត្បូងនៃ​សមុទ្រចិនខាងត្បូង និងភាគខាងលិចនៃខេត្តកោះ Palawan របស់ហ្វីលីពីន​។ យ៉ាងណាមិញ កិច្ចប្រឹងប្រែងរុករកក្នុងតំបន់នេះ ត្រូវជាប់គាំង​អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារតែការប្រឆាំងពី​ចិន ដែលទាមទារ​អធិបតេយ្យភាពលើតំបន់នេះ រួមជាមួយនឹងដែនទឹកស្ទើរតែទាំងមូលនៃសមុទ្រចិនខាងត្បូង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម