Connect with us

សេដ្ឋកិច្ច

ផលដំឡូងមី និងស្រូវ នៅស្រុកជាំក្សាន្ត ទទួលបានតិច ដោយសារសង្គ្រាម

បានផុស

នៅ

បន្ទាប់ពីស្ថានភាពតាមព្រំដែនមានភាពធូរស្រាលពីការបាញ់ប្រហាររបស់យោធាថៃ ប្រជាកសិករនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានភៀសសឹក ចាប់ផ្តើមវិលត្រឡប់ទៅផ្ទះវិញ ហើយបានប្រកបរបរកសិកម្មឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែពួកគាត់បានត្អូញត្អែថា ដំឡូងមី និងស្រូវ ឆ្នាំនេះមិនសូវបានផល ដោយសារយោធាថៃបាញ់ផ្លោងមកកម្ពុជា ធ្វើឱ្យពលរដ្ឋរត់ភៀសសឹក មិនមានពេលមើលថែទាំចំការរបស់ពួកគាត់។

លោក រឿង រឿម អាយុ៤២ឆ្នាំ ជនភៀសសឹកមកពីឃុំទឹកក្រហម ស្រុកជាំក្សាន្ត ជិតមុំបី និងអានសេះ បានស្នាក់នៅមណ្ឌលសុវត្ថិភាព កំពង់សង្កែ ស្រុកឆែប រយៈពេល ២២ ថ្ងៃបានប្រាប់ថា ពេលដែលលោកទៅដល់លំនៅដ្ឋានវិញ អ្វីដែលលោកគិតធ្វើមុនគេនោះ គឺបន្តមុខរបរកសិកម្ម ដើម្បីរកចំណូលស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

ប៉ុន្តែគាត់ត្អូញត្អែថា ដំឡូង និងស្រូវ ឆ្នាំនេះមិនសូវបានផល ដោយសារសង្គ្រាម មិនមានពេលមកថែទាំ ធ្វើឲ្យស្មៅដុះច្រើន ហើយភ្លើងឆេះដំឡូងទៀតផង។

ចំណែកអ្នកស្រី រេន រ៉ម ជនភៀសសឹកមកពីស្រុកជាំក្សាន្ត ដែលបានភៀសសឹកមកស្នាក់នៅវត្តកំពុងសង្កែ ក្នុងរយៈពេល ១១ ថ្ងៃកន្លងមក ក៏បានសម្តែងអារម្មណ៍ត្រេកអរ និងថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់លើជនភៀសសឹករបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមានកន្លែងស្នាក់នៅស្អាត បន្ទប់ទឹកមានអនាម័យ រួមជីវភាពប្រចាំថ្ងៃផង។

អ្នកស្រីបន្តថា ក្រោយវិលដល់លំនៅដ្ឋានវិញ នឹងចាប់ផ្តើមឡើងវិញមុខរបរចាស់ គឺផលដំណាំកសិកម្ម ដែលជាដើមទុនសម្រាប់ផ្គត់ផ្គង់លើជីវភាពរស់នៅ ក្រោយចាកចេញពីភូមិកំណើតមួយរយៈដោយសារការចូលទន្រ្ទានពីប្រទេសថៃ។

សព្វថ្ងៃអ្នកស្រីសម្រុកប្រមូលផលដំឡូងមី ដើម្បីយកមកកាប់ហាលក្រៀមលក់នៅសៃឡូ ដោយដំឡូងក្រៀមក្នុងមួយគីឡូលក់បានតម្លៃ៥៧០រៀល។

ឆ្នាំនេះដំឡូងរបស់អ្នកស្រីមិនសូវបានផលទេដោយសារភាគីថៃផ្លោងចំ ចំការរបស់គាត់ បណ្ដាល​ឲ្យឆាបឆេះដំឡូងអស់មួយចំនួនធំ។

លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត បានឲ្យដឹងនៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ ថា ដោយសារពលរដ្ឋបានភៀស​​សឹកទៅរកទីកន្លែងសុវត្ថិភាព អស់ជាច្រើនថ្ងៃ សង្គ្រាមឈ្លានពានរបស់ប្រទេសថៃ ធ្វើឱ្យពលរដ្ឋភាគច្រើនប្រកបរបរកសិកម្ម ឆ្នាំនេះមិនសូវទទួលបានផលប៉ុន្មានទេ។

ព្រោះពួកគាត់មិនមានពេលថែរក្សា ធ្វើឲ្យស្មៅដុះក្នុងស្រែចម្ការ ហើយចម្ការខ្លះក៏ត្រូវភ្លើងឆេះជាដើម។ ការកើតឡើងសង្គ្រាមនេះធ្វើឲ្យពលរដ្ឋនៅក្នុងស្រុកជាំក្សាន្ត មានការប៉ះពាល់ដល់ជីវភាពយ៉ាងខ្លាំង។ តែទោះជាយ៉ាងណាអាជ្ញាធរសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីគិតគូរពីសុខសុវត្ថិភាពជូនពួកគាត់៕

អត្ថបទ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម