ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនមេរបស់ TikTok អភិវឌ្ឍបន្ទះឈីប AI ហើយចរចាជាមួយ Samsung ដើម្បីផលិត
ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ិនធឺណិតចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់វេទិកាបណ្ដាញសង្គម TikTok កំពុងអភិវឌ្ឍបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ហើយកំពុងចរចាជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Samsung Electronics សម្រាប់ផលិតកម្ម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់សម្ដីពីប្រភពមិនបញ្ចេញឈ្មោះ ២ រូប នាថ្ងៃពុធ (១១ កុម្ភៈ) នេះ។

ការងាកទៅរកផលិតកម្មបន្ទះឈីបនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ ByteDance ដើម្បីធានាការផ្គត់ផ្គង់នៃបន្ទះឈីបទំនើប។
ប្រភពបានអះអាងថា ByteDance កំណត់គោលដៅឱ្យមានគំរូបន្ទះឈីបនៅត្រឹមបំណាច់ខែមីនា ហើយក្រុមហ៊ុនគ្រោងនឹងផលិតបន្ទះឈីបដែលរចនាឡើងសម្រាប់មូឌែល AI ផ្សេងៗ យ៉ាងហោចណាស់ ១០០ ០០០ បន្ទះ នៅឆ្នាំ ២០២៦ នេះ។ ប្រភពម្នាក់ក្នុងចំណោមនោះ បាននិយាយទៀតថា ByteDance កំពុងមើលពីលទ្ធភាពដើម្បីបង្កើនផលិតកម្មនោះរហូតដល់ ៣៥០ ០០០ បន្ទះ។
ប្រភពបន្តថា បច្ចុប្បន្ន ByteDance កំពុងពិភាក្សាជាមួយ Samsung អំពីការទទួលបានបន្ទះឈីបអង្គចងចាំ ដែលបច្ចុប្បន្នពិបាករកណាស់ ពីព្រោះក្រុមហ៊ុនជាច្រើននាំគ្នាផ្ដោតលើផលិតកម្មបន្ទះឈីប AI។ ការណ៍នេះហើយ ដែលធ្វើឱ្យលទ្ធភាពនៃកិច្ចព្រមព្រៀងរវាង ByteDance និង Samsung មានតម្លៃជាពិសេស។
ទោះបីបែបនេះក្ដី អ្នកនាំពាក្យរបស់ ByteDance បាននិយាយថា របាយការណ៍ដែលថា ក្រុមហ៊ុនកំពុងអភិវឌ្ឍបន្ទះឈីបផ្ទាល់ខ្លួននោះ គឺមិនត្រឹមត្រូវទេ ប៉ុន្តែក៏មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមដែរ។ ដោយឡែក Samsung ឯណោះវិញ មិនទាន់ចេញប្រតិកម្មយ៉ាងណាទេ។
គេមើលឃើញថា ប្រសិនបើគម្រោងដដែលដំណើរការទៅមុខ នោះវានឹងក្លាយជាជំហានដ៏សំខាន់សម្រាប់ ByteDance។ ក្រុមហ៊ុននេះ ចង់អភិវឌ្ឍបន្ទះឈីបផ្ទាល់ខ្លួនដើម្បីដោះស្រាយតម្រូវការកុំព្យូទ័រ AI របស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ រួមទាំងការចាប់ផ្តើមជួលអ្នកជំនាញបន្ទះឈីបនៅដើមឆ្នាំ ២០២២។
កាលពីខែមិថុនា ឆ្នាំ២០២៤ រ៉យទ័របានរាយការណ៍ថា ByteDance កំពុងធ្វើការជាមួយក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក Broadcom ដើម្បីអភិវឌ្ឍបន្ទះឈីប AI ទំនើប ដោយរំពឹងថា ក្រុមហ៊ុនតៃវ៉ាន់ TSMC គឺអ្នកផលិត។
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google, Amazon និង Microsoft ក៏បានបង្កើតបន្ទះឈីប AI ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ ក្រុមហ៊ុនយក្សៗទាំងនេះ ធ្វើបែបនេះដើម្បីកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុន Nvidia ដែលបច្ចុប្បន្នគ្របដណ្ដប់ទីផ្សារសម្រាប់បន្ទះឈីប AI ទំនើប។
សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកលើការលក់បន្ទះឈីបទំនើបទៅចិន បានធ្វើឱ្យវាកាន់តែសំខាន់ក្នុងការអភិវឌ្ឍបន្ទះឈីបផ្ទាល់ខ្លួនរបស់ពួកគេ។ ByteDance មិនទាន់បានចេញបន្ទះឈីបផ្ទាល់ខ្លួននៅឡើយទេ ខណៈដៃគូប្រកួតប្រជែងផ្សេងៗដូចជា Alibaba និង Baidu មានបន្ទះឈីបផ្ទាល់ខ្លួនរួចហើយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


