Connect with us

សេដ្ឋកិច្ច

​កម្ពុជា ​ដាក់​ទិសដៅអាទិភាព​លើការអភិវិឌ្ឍ​ជំនាញ ​អប់រំ និង​វិស័យដឹកជញ្ជូន​

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​បានលើកឡើងថា កកម្ពុជា ដាក់​ទិសដៅ​ការ​ងារ​អា​ទិ​ភាព​លើ​វិស័យ​អភិវឌ្ឍន៍ជំនាញ ​និង​អប់រំ, ​វិស័យដឹកជញ្ជូន ​និង​វិស័យអាទិភាពផ្សេងៗទៀត​ ដែល​ធ្វើ​ឱ្យ​ប្រសើរ​​​ឡើងនូវបរិយាកាសវិនិយោគ​ និង​កិច្ចសម្រួលពាណិជ្ជកម្ម ​ដើម្បី​លើក​កម្ពស់​ភាព​ប្រកួត​​ប្រជែង​ ផលិតភាព ​និង​ពិ​ពិ​ធម្ម​សេដ្ឋកិច្ច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អូន ព័ន្ធមុនីរ័ត្ន ​បានលើកឡើងបែបនេះ ​ក្នុងពេលជួបពិភាក្សាជាមួយ​លោក Carlos Felipe Jaramillo ​អនុប្រធានធនាគារពិភពលោក​ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក នៅថ្ងៃទី ១៦ ​ខែមីនា ​ឆ្នាំ ២០២៦។

​ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះកិច្ច​សហ​ប្រតិបត្តិ​ការល្អ ​ដែលធនាគារពិភពលោកតែងតែគាំទ្រ និងរួមចំណែកដល់​ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។ ​

​លោកឧបនាយករដ្ឋមន្ត្រី ​ក៏បានជម្រាបជូនអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា និងបញ្ហាប្រឈម​សំខាន់ៗ​ដែលកម្ពុជាកំពុងជួបប្រទះ​ ដែលជាឥទ្ធិពលអវិជ្ជមាននៃភាព​មិនប្រាកដប្រជា​នៃសេដ្ឋកិច្ចសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម,​ ផលប៉ះពាល់ពីភាព​តានតឹង​ភូមិ​សាស្ត្រនយោបាយ, ​សង្គ្រាមនៅព្រំដែនកម្ពុជា-ថៃ, និងការកើនឡើងតម្លៃប្រេង​ដោយសារ​សង្គ្រាម​នៅតំបន់មជ្ឈិមបូព៌ា ​ដែលបង្កជាផលប៉ះពាល់ទៅលើសេដ្ឋកិច្ចកម្ពុជា ដែលជា​ប្រទេសមាន​សេដ្ឋកិច្ចតូច បើកចំហ ​និង​ផ្សារភ្ជាប់ខ្លាំងជាមួយខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និង​ពិភពលោក។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកអំពីបញ្ហាប្រឈមក្នុងវិស័យហិរញ្ញវត្ថុ ដែលអាចប៉ះពាល់ដល់​ស្ថិរ​ភាពហិរញ្ញវត្ថុ ​និង​សកម្មភាពសេដ្ឋកិច្ច ​ការធ្វើពិពិធកម្មសេដ្ឋកិច្ចដើម្បីរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារក្នុងកាលៈទេសៈនៃភាព​មិនប្រាកដប្រជា។

​លោក Carlos Felipe Jaramillo ​បានប្តេជ្ញាចិត្តរ​ក្នុង​ការបន្តកិច្ច ​សហប្រតិបត្តិការ​ និងគាំទ្រដល់កម្ពុជា​ដើម្បីរួម​ចំណែក​ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈក្របខ័ណ្ឌថ្មី​នៃកិច្ច​សហប្រតិបត្តិការភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារពិភពលោកឆ្នាំ២០២៥-២០២៩ (Country Partnership Framework -CPF 2025-2029) ដែលផ្តោតលើ៖ ការអភិវឌ្ឍមូលធនមនុស្ស, ​ការពង្រីកភាពប្រកួតប្រជែងសម្រាប់ការងារល្អប្រសើរ និងការពង្រឹងភាព​ធន់សម្រាប់ប្រជាជនងាយរងគ្រោះ។

​ឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមពីតម្រូវការចាំបាច់ក្នុងការចាត់វិធានការឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធិភាព តាមរយៈការបណ្តុះបណ្តាលជំនាញ ក៏ដូចជាធនធានហិរញ្ញវត្ថុសមស្រប (Access to finance) គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ, បង្កើតសហគ្រាសក្នុងមូលដ្ឋាន ដែលបង្កលក្ខណៈឲ្យប្រជាពលរដ្ឋអាចបង្កើតការងារ និងមុខរបរអាជីវកម្មដោយខ្លួនឯង ដើម្បីស្រូបយកកម្លាំងពលកម្មយុវជន និងកម្លាំងពលកម្មដែលវិលត្រឡប់មកវិញពីប្រទេសថៃ។

​លោក Carlos Felipe Jaramillo បានសម្តែងនូវការគាំទ្រចំពោះការដាក់ចេញនូវវិធានការទាំងនេះ និង​បានគូសបញ្ជាក់ថា​ ធនាគារពិភពលោកបានត្រៀមខ្លួនរួច​ជាស្រេចក្នុងការបន្តកិច្ច​សហ​ប្រតិបត្តិ​ការ​ ការផ្តល់ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធន៍អន្តរជាតិ ដើម្បីគាំទ្រកម្ពុជា​ក្នុងការកែ​លម្អ​គោលនយោបាយ ​និង​សមត្ថភាពស្ថាប័ន និងគាំទ្រ​ ដល់​​កម្ពុជាក្នុងការអភិវឌ្ឍ​លើរាល់ការដ្ឋាន​ការ​ងារអាទិភាពដែលជាកត្តាចាំបាច់សម្រាប់ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម