Connect with us

សេដ្ឋកិច្ច

សហគ្រិន ៣រូប ប្រាប់បទពិសោធន៍ជ្រោងម៉ាកយីហោក្នុងស្រុកកុំឱ្យដួលក្នុងសមរភូមិកូវីដ

បានផុស

នៅ

ឥទ្ធិពលរបស់កូវីដគិតមកទល់ពាក់កណ្ដាលឆ្នាំ២០២១នេះ មិនទាន់មានសញ្ញាថាថមថយឡើយ មិនថានៅប្រទេសកម្ពុជា ក្នុងតំបន់អាស៊ាន ឬសកលលោកទេ។ កត្តានេះ បានរុញឱ្យម្ចាស់អាជីវកម្ម សហគ្រិនទាំងឡាយ ដែលកំពុងកាន់កាប់មុខរបរ និងជំនួញនៅក្នុងដៃ ប្រឹងប្រែងជំនះឥទ្ធិពលដ៏អាក្រក់នៃជំងឺកូវីដ១៩ លៃយ៉ាងណាទាញ អាជីវកម្មរបស់ខ្លួនឱ្យបន្តនិរន្តរភាពមួយដង្ហើមទៀត ទម្រាំកូវីដនឹងសាបរលាបនៅថ្ងៃណាមួយ។

ថ្ងៃនេះ កម្ពុជាថ្មី សូមចែករំលែកបន្តនូវបទពិសោធន៍របស់សហគ្រិនឆ្នើមចំនួន ៣រូប ដែលពួកគាត់ បាននឹងកំពុងបន្តរៀបចំយុទ្ធសាស្ត្រ និងប្រើគ្រប់មធ្យោបាយ ដើម្បីរក្សាម៉ាកយីយោក្នុងស្រុករបស់ខ្លួនឱ្យនៅតែអាចបន្តឈរជើងបាន ក្នុងស្ថានភាពដ៏លំបាកបំផុតនេះ។

១. ឧកញ៉ា ហ៊ួត ជា ម្ចាស់ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់គ្រប់ប្រភេទ

ឧកញ៉ា ហ៊ួត ជា បានប្រាប់ឱ្យដឹងថា៖ ឥទ្ធិពលដ៏អាក្រក់របស់កូវីដ បានធ្វើឱ្យទីផ្សាររបស់អាជីវកម្មតូចធំ សឹងគ្រប់ប្រភេទទាំងអស់ជាប់គាំង។ កាលណាទីផ្សារគាំង នឹងធ្វើឱ្យប៉ះពាល់បញ្ហាហិរញ្ញវត្ថុ ដោយបាត់បង់ចំណូល ហើយជំហ៊ានបន្ទាប់ គឺប្រឈមមុខនឹងការបិទទ្វារ បុគ្គលិកបាត់បង់ការងារ ម្ចាស់អាជីវកម្មខាតបង់សព្វបែបយ៉ាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់លោក «ការព្យាករណ៍ទុកមុន ពីផលប៉ះពាល់នៃឥទ្ធិពលកូវីដមកលើអាជីវកម្ម គឺជារឿងចាំបាច់បំផុត ដែលសហគ្រិន និងម្ចាស់អាជីវកម្មទាំងអស់ ត្រូវមានភាពវៃឆ្លាតត្រៀមខ្លួនទុកជាមុនឱ្យបានដាច់ខាត» ក្នុងន័យនេះ ម្ចាស់ម៉ាកយីយោ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទរូបនេះ បញ្ជាក់ថា សម្រាប់លោក ជាទស្សនៈផ្ទាល់ខ្លួន លោកបានព្យាករណ៍ថា យ៉ាងហោចណាស់ ស្ថានភាពកូវីដនៅកម្ពុជាអាចនឹងបន្តជះឥទ្ធិពលអាក្រក់ ៣ឆ្នាំ ឥឡូវឃើញថា វាកំពុងកើតឡើងចូលជិត ២ ឆ្នាំហើយ។

សហគ្រិនរូបនេះ ពន្យល់បន្ថែមថា៖ «សម្រាប់អាជីវកម្មខាងផ្គត់ផ្គង់គ្រឿងសំណង់ និងអចលនទ្រព្យរបស់ខ្ញុំ រងផលប៉ះពាល់ខ្លះដែរ អាចថា ត្រឹម ៣០ ទៅ៤០ភាគរយប៉ុណ្ណោះ តែមិនប៉ះពាល់ខ្លាំងពេកនោះទេ ព្រោះជាទូទៅការសាងសង់ លំនៅឋាន ឬសំណង់ផ្សេងៗ មិនអាចបញ្ចប់ត្រឹមរយៈពេលខ្លី ១ខែ ២ខែ ឬត្រឹម ៥ខែនោះទេ ពោលគឺពួកគាត់នឹងបន្តទិញវត្ថុធាតុដើមសាងសង់ជាបន្តបន្ទាប់ ទោះកំពុងស្ថិតក្នុងស្ថានភាពកូវីដរាតត្បាតក៏ដោយ»។

ឧកញ៉ា ហ៊ួត ជា ប្រាប់ទៀតថា សម្រាប់លោក ប្រឈមនឹងបញ្ហាលំបាក ដោយសារកូវីដកន្លងមក ក្រៅពីរៀបចំយុទ្ធសាស្ត្រទីផ្សារអាជីវកម្មឱ្យត្រូវនឹងបរិបទតាមបែបផែនគន្លងថ្មីនេះ លោកក៏បានងាកទៅបង្កើតមុខរបរថ្មីៗបន្ថែមទៀត ដើម្បីទប់ទល់នឹងមុខរបរមួយចំនួន ដែលកំពុងរងផលប៉ះពាល់នេះ។

២. ស្ថាបនិក​ប្រេនក្នុងស្រុក «ម៉ូបាលកាហ្វេ »​ លោក​ យ៉ែម ឈីម

ជាសហគ្រិន និងជាស្ថាបនិកបង្កើតម៉ាកយីហោកាហ្វេក្នុងស្រុកតាំងពីលក់តាមរទះរុញចល័ត ក្នុងឆ្នាំ២០១៤ រហូតដល់ពង្រីកសាខាហាងកាហ្វេ​ហាង «ម៉ូបាលកាហ្វេ» ជាច្រើនសាខាក្នុងរាជធានីភ្នំពេញ រហូតមកដល់សព្វថ្ងៃ លោក យ៉ែម ឈីម បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងថា៖ បើនិយាយពីផលប៉ះពាល់ដោយសារឥទ្ធិពលកូវីដ១៩ លើមុខរបរប្រភេទភេសជ្ជៈនេះ មិនថាម៉ាកយីហោក្នុងស្រុក ឬប្រេនៗក្រៅស្រុកទេ សុទ្ធតែប៉ះពាល់ ហើយសឹងតែឈរជើងលែងបានបន្តទៀតផង។

លោក យ៉ែម ឈីម លើកឡើងថា៖ ជាក់ស្ដែងក្នុងស្ថានភាពកូវីដកំពុងរាតត្បាតនេះ គ្មានវិស័យណា ដែលថាមិនរងផលប៉ះពាល់ទេ គ្រាន់តែថា មានវិស័យមួយចំនួនតូច រងផលប៉ះពាល់តិចតួច។ លោកថា យើងមើលឃើញជាក់ស្ដែងថា ក្នុងបរិបទកូវីដនេះ ប្រភេទអាជីវកម្មទាក់ទងនឹងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ហាក់រងផលប៉ះពាល់តិចជាងគេបន្តិច ត្បិតអំឡុងពេលកូវីដនេះ អាជីវកម្មនេះ នៅតែជាតម្រូវការសម្រាប់បងប្អូនប្រជាពលរដ្ឋយើងជាចាំបាច់។

លោក សង្កត់ធ្ងន់ថា៖ កត្តាអំណោយផលបែបនេះហើយ ទើបហាងកាហ្វេ ម៉ូបាលកាហ្វេ(Mobile Coffee) របស់លោកអាចបន្តនិរន្តរភាពរហូតមកដល់សព្វថ្ងៃ។ គួរបញ្ជាក់ថា ហាងកាហ្វេ ម៉ូបាលកាហ្វេ របស់សហគ្រិនវ័យក្មេងរូបនេះ ទោះស្ថិតក្នុងស្ថានភាពកូវីដធ្វើឱ្យអាជីវកម្មរបស់លោកស្ងាត់ភ្ញៀវបន្តិច ប៉ុន្តែគេសង្កេតឃើញថា ម៉ាកយីហោកាហ្វេក្នុងស្រុកមួយនៅ បន្តពង្រីកសាខាជាបន្តបន្ទាប់ និងបានផ្ដល់ការងារជាច្រើនកន្លែងដល់យុវជនខ្មែរថែមទៀតផង។ 

៣. ថៅកែលក់បោះដុំត្រីសាលម៉ុន លោក ម៉ៅ វុត្ថា

ជួបជាមួយសហគ្រិនជើងចាស់ និងជាអ្នកប្រឡូកក្នុងវិស័យនាំចូលត្រីសាលម៉ុនពីបរទេស មកលក់ក្នុងទីផ្សារក្នុងស្រុក លោក ម៉ៅ វត្ថា ប្រាប់ឱ្យដឹងថា៖ ចំពោះអាជីវកម្មលក់ត្រីសាលម៉ុនក្នុងស្រុកយើង អំឡុងពេលកូវីដនេះ រងផលប៉ះពាល់ដូចគ្នាដែរ។ លោកថា អត្រានៃការលក់របស់ក្រុមហ៊ុនលោក ថយចុះលើសពី ៥០ភាគរយ បើធៀបនឹងកាលពីមិនទាន់មានបញ្ហាកូវីដរាតត្បាត។

«កាលពីមុនក្រុមហ៊ុនលោក អាចលក់ត្រីសាលម៉ុនស្រស់នាំចូលពីប្រទេសណរវ៉ែសបានដល់ ៥តោន ក្នុងមួយសប្តាហ៍ តែឥឡូវមិនសូវដាច់ខ្លាំងដូចមុនទេ ពោលក្នុងមួយសប្តាហ៍លក់ចេញបានក្រោម ២តោន ឬជាង ១០០ កេះ ប៉ុណ្ណោះ»។ លោក ម៉ៅ វត្ថា បញ្ជាក់។

យ៉ាងណាមិញ សហគ្រិនបើកក្រុមហ៊ុននាំចូលត្រីសាលម៉ុនស្រស់ពីប្រទេសណរវ៉េស និងអូស្ត្រាលី មកលក់នៅកម្ពុជា តាំងពីឆ្នាំ២០១១ រូបនេះពន្យល់ថា៖ កត្តាលក់ត្រីសាលម៉ុនរបស់លោកធ្លាក់ចុះ មិនមែនមកពីកត្តាទីផ្សារខ្វះអ្នកទិញនាអំឡុងពេលកូវីដនេះទេ ត្បិតតម្រូវការសាច់ត្រីសាលម៉ុននៅតែពេញនិយម សម្រាប់ប្រជាជនយើង។ លោក ម៉ៅ វត្ថា លើកឡើងថា៖

ទី១ ដោយសារ បច្ចុប្បន្ន មានក្រុមហ៊ុននាំចូលត្រីសាលម៉ុនមកលក់នៅប្រទេសកម្ពុជាច្រើនគួរសម ហើយតម្លៃក៏ប្រកួតប្រជែងគ្នាទៅតាមនោះដែរ។

ទី២ កត្តាដឹកជញ្ជូន ដោយសារវិបត្តិកូវីដ ដូច្នេះជើងយន្តហោះដឹកជញ្ជូននៅកម្ពុជាក៏មិនសូវមានច្រើនដូចពីមុន ទន្ទឹមគ្នានោះ ក៏មានខ្លះដែរ ករណីឈ្មួញខ្លះ គាត់លេងផ្លូវកាត់ ទិញត្រីសាលម៉ុន និងដឹកជញ្ជូនចូលកម្ពុជាបន្តពីប្រទេសជិតខាងយើង ក៏ធ្វើឱ្យតម្លៃលើទីផ្សារមានការប្រកួតប្រជែងខ្លាំងដែរ។

ទី៣ កត្តាអនុគ្រោះពន្ធ នៅមានកម្រិត៖ លោក ម៉ៅ វុត្ថា បញ្ជាក់ថាបើធៀបកាលពីមុន អត្រាពន្ធនាំចូលលើមុខទំនិញត្រីសាលម៉ុនស្រស់នេះ រដ្ឋយកត្រឹមតែ ៣៥ភាគរយ ទេ ឥឡូវដោយសារស្ថានភាពកូវីដរដ្ឋមានការយោគយល់ យកចន្លោះពី ១៥ ទៅ ២៥ភាគរយទេ តែបើបូកថ្លៃពន្ធ VAT ១០ ភាគរយ បន្ថែមទៀត លោកថា នៅតែអស់ថ្លៃពន្ធនាំចូលនេះខ្ពស់ បើធៀបជាមួយប្រទេសជិតខាងយើង។

សរុបរួមមកវិញ បើផ្អែកលើការចែករំលែកបទពិសោធន៍គ្រប់គ្រងអាជីវកម្ម និងមុខរបរ របស់សហគ្រិនខ្មែរទាំង ៣រូបខាងលើ ឃើញថា សុទ្ធតែទទួលរងនូវឥទ្ធិពលមិនល្អពីជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតក្នុងប្រទេសកម្ពុជា និងសកលលោក។ គន្លឹះនៃការរកច្រកចេញ គឺការព្យាករណ៍ និងត្រៀមខ្លួនទុកជាមុន ពីផលប៉ះពាល់ រយៈពេលខ្លី និងរយៈពេលវែង មានភាពបត់បែន បង្កើតឱ្យចំនូវអាជីវកម្មប្រភេទណា ដែលចំតម្រូវការទីផ្សារក្នុងស្ថានភាពនេះ និងបង្កើនការប្រកួតប្រជែង ផ្ដល់ភាពងាយស្រួលលើផ្នែកសេវាកម្មរបស់ខ្លួន នោះសហគ្រិនទាំងឡាយ នឹងអាចឆ្លងផុតដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នា៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥០ នាទី មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម