ព័ត៌មានជាតិ
ហេតុផលធំៗពីរនាំឲ្យតម្លៃពងទានៅលើទីផ្សារធ្លាក់ថ្លៃ
តម្លៃពងទានៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ កំពុងមានការធ្លាក់ថ្លៃគួរឲ្យកត់សម្គាល់ដែលធ្វើឲ្យកសិករចិញ្ចឹមទាត្រូវប្រឈមទៅនឹងការខាតបង់ដោយសារចំណាយច្រើនទៅលើការចិញ្ចឹមតែទទួល បានចំណូលមកវិញទាប។
លោក សោម សុធា អគ្គនាយកក្រុមហ៊ុន ភូមិពងទាខ្មែរ បានប្រាប់ពីមូលហេតុដែលបណ្តាលឲ្យពងទាធ្លាក់ថ្លៃថា មានកក្តាពីរយ៉ាងដែលនាំឲ្យទីផ្សារពងទារបស់កសិករធ្លាក់ថ្លៃ គឺទី១ដោយសារបច្ចុប្បន្នកំណើនប្រជាពលរដ្ឋងាកមកចិញ្ចឹមទាមានច្រើនគួរឱ្យកត់សម្គាល់ និងទី២ការនាំចូលពងទាពីក្រៅប្រទេសមកខ្លះផង ទើបឱ្យពងទាមានច្រើនលើស តម្រូវការទីផ្សារខណៈអ្នកចិញ្ចឹមពឹងផ្អែកខ្លាំងតែទៅលើឈ្មួញកណ្តាល។

លោកបានបន្តថា ប្រសិនបើប្រជាពលរដ្ឋនាំគ្នាប្រើប្រាស់តែផលិតផលក្នុងស្រុក នោះចំនួនពងទាដែលកសិករខ្មែរចិញ្ចឹមរាល់ថ្ងៃនេះ អាចនឹងផ្គត់ផ្គង់មិនគ្រប់គ្រាន់នោះទេ។
ផ្ទុយពីនេះលោក ជុំ សំវ៉ន ជាកសិករចិញ្ចឹមទាយកពងនៅភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង បានឲ្យដឹងថាហេតុផលការធ្លាក់ថ្លៃពងទានេះ បណ្ដាលមកមានការចិញ្ចឹមទាប្រដេញតាមវាលស្រែនាំចូលពីខាងក្រៅខេត្តច្រើន ដែលវាស៊ីចំណីតាមវាលស្រែ ដែលធ្វើឲ្យការចំណាយថ្លៃដើមតិចជាងការចិញ្ចឹមក្នុងទ្រុងរបស់គាត់ ដោយចំណាយថ្លៃដើមច្រើននិងបណ្តាលមកពីបញ្ហាជំងឺកូវីដ១៩ ធ្វើឲ្យអ្នកហូបនិងអ្នកលក់មានការកាត់បន្ថយការចំណាយ។
លោក ជុំ សំវ៉ន បានប្រកបមុខរបរចិញ្ចឹមទាអស់រយៈពេល១០ឆ្នាំមកហើយ បច្ចុប្បន្នគាត់មានទារចំនួន៥ពាន់ក្បាល ចិញ្ចឹមក្នុងទ្រុង។

លោកបានបន្តថា មុនពេលធ្លាក់ថ្លៃគាត់បានលក់ពងទាសាបតម្លៃ៤០០រៀល ក្នុងមួយគ្រាប់ និងពងទាកូន លក់តម្លៃ៤៧០រៀលក្នុង១គ្រាប់ បើធៀបនឹងឆ្នាំមុនពងទាសាបតម្លៃពី៣៤០រៀលទៅ៣៥០រៀលក្នុង១គ្រាប់ និងពងទាកូនតម្លៃ៤៤០ទៅ៤៥០រៀលក្នុងមួយគ្រាប់។
លោកបានបន្តទៀតថា ក្នុងពេលនេះគាត់លក់តម្លៃទាបដោយតម្លៃពងទាសាប ៣០០រៀលក្នុងគ្រាប់និងពងទាកូនតម្លៃ៤០០រៀលក្នុង១គ្រាប់។
ចំណែកមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង ក៏បានចេញលិខិតមួយធ្វើការបដិសេធថា ការដែលពងទាធ្លាក់ថ្លៃនេះ មិនមែនបណ្តាលមកពីការនាំចូលពងទាពីក្រៅប្រទេស ពិសេសពីប្រទេសវៀតណាមនោះ។
ទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុន ភូមិពងទាខ្មែរ បានប្រកាសទិញពងទាចំនួន២០ម៉ឺនគ្រាប់ពីកសិករ ក្នុងខេត្តតាកែវ និងខេត្តព្រៃវែង ដែលកំពុងជួបបញ្ហាខ្វះទីផ្សារ ដើម្បីរួមចំណែកដោះស្រាយទីផ្សារពងទាដែលកំពុងធ្លាក់ថ្លៃ ដោយសារតែនៅខេត្តទាំងពីរនេះប្រជាកសិករដែលប្រកបរបស់ចិញ្ចឹមទាមានចំនួនច្រើន ។
លោក សោម សុធា បានបន្តទៀតថា «បើទោះបីជាកសិករជួបប្រទះបញ្ហាទីផ្សារនិងការធ្លាក់ថ្លៃក៏ដោយ តែក្រុមហ៊ុនលោកមិនធា្លប់ជួបបញ្ហាលក់មិនចេញនោះទេ ដោយសារលោកមានទីផ្សារស្រាប់សម្រាប់ផ្គត់ផ្គង់គ្រប់គ្រាន់ និងមានទម្រង់ផ្សព្វផ្សាយដើម្បីឱ្យពងទារបានទៅដល់ដៃអតិថិជន»។

លោកបានឱ្យដឹងទៀតថា« នៅថ្ងៃនេះក្រុមការងាររបស់លោកកំពុងចុះទៅតាមកសិដ្ឋាននានាក្នុងខេត្តតាកែវ និងព្រៃវែង ដែលនៅក្នុងដំណាក់កាលដំបូងនេះ លោកនឹងទិញក្នុងតម្លៃ ៤០០រៀលក្នុងមួយគ្រាប់ សម្រាប់ពងទាថ្មីៗមានគុណភាពល្អ និងតម្លៃ២០០រៀលក្នុងមួយគ្រាប់សម្រាប់ពងទាដែលមានគុណភាពអន់សម្រាប់យកមកផ្គត់ផ្គង់ឱ្យអតិថិជនរបស់លោក»។
លោកបានបន្ថែមទៀតថា ក្នុងមួយថ្ងៃក្រុមហ៊ុនលោកអាចបញ្ចេញលក់ពងទាបានប្រមាណ៤ម៉ឺនគ្រាប់ ផ្គត់ផ្គង់នៅរាជធានីភ្នំពេញ និងនៅខេត្តចំនួន១៤ផ្សេងទៀតខណៈអតិថិជនរបស់លោកនៅតែបន្តបញ្ជាទិញពងទាជាបន្តបន្ទាប់ ។
លោកបានបញ្ជាក់ថា ដោយឡែកខេត្តផ្សេងទៀត លោកមិនទាន់មានផែនការចុះទិញនៅឡើយទេ ប៉ុន្តែប្រសិនបើសន្ទុះនៃការគាំទ្រ និងការលើកទឹកចិត្តពីសាធារណៈជនកាន់តែច្រើន លោកនឹងដាក់ផែនការចុះទិញនៅខេត្តផ្សេងទៀត។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា គិតត្រឹមដើមខែធ្នូនេះ កសិដ្ឋានចិញ្ចឹមបក្សីមានចំនួន៦៨១កន្លែង មានសត្វក្នុងស្តុក១៧លានក្បាល កើនលើសឆ្នាំ២០១៩ ប្រមាណជា ៣៥,៦០%៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


