ព័ត៌មានជាតិ
អ្នកជំនាញមើលឃើញផ្ទុយគ្នាពីស្ថានភាពសេដ្ឋកិច្ចក្នុងឆ្នាំនេះ ខណៈវ៉ាក់សាំងកូវីដ១៩ នឹងមកដល់ខែក្រោយ

នៅមុនពេលដែលព័ត៌មាននៃវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូហ្វាម ចិននឹងដឹកមកដល់ កម្ពុជា នៅខែកុម្ភៈឆ្នាំ២០២១នេះ ក្រុមអ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចធំៗមួយចំនួន មើលឃើញខុសគ្នាថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញនៅឆ្នាំ២០២១នេះ ខណៈខ្លះយល់ឃើញថាមិនទាន់មានភាពប្រសើឡើងខ្លាំងនោះទេ។
លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានប្រាប់កម្ពុជាថ្មីថា កម្ពុជានៅតែមានសង្ឃឹម នឹងរំពឹងថា នៅឆ្នាំ ២០២១នេះ វិស័យធនាគារ និងសេដ្ឋកិច្ចកម្ពុជា នឹងរីកលូតលាស់ជាងឆ្នាំមុន។ឆ្នាំមុនមិនមានព័ត៌មានអំពីវ៉ាក់សាំងការពារជំងឺកូវីដ១៩នោះទេ។
លោកបញ្ជាក់ថា នៅឆ្នាំ២០២១នេះ កម្ពុជាមានសង្ឃឹម ថាសេដ្ឋកិច្ចនឹងងើបឡើងជាវិជ្ជមាន។
លោកថាថ្លែងថា “ នេះជាដំណឹងល្អដែលរាជរដ្ឋាភិបាល បានសម្រេចទទួលជំនួយវ៉ាក់សាំង ក៏ដូចជាការត្រៀមទិញវ៉ាក់សាំង ហើយវ៉ាក់សាំងដែលមកដល់ខែកុម្ភៈខាងមុខ ផ្តល់ភាពវិជ្ជមានច្រើន សម្រាប់ពលរដ្ឋខ្មែរដែលមានតម្រូវការចាក់ដោយស្ម័គ្រចិត្ត គាត់អាចប្រើវ៉ាក់សាំងបានតាមផែនការរបស់រាជរដ្ឋាភិបាល ហើយកាលណាមានវ៉ាក់សាំងទៅ មនុស្សក៏អាច ធ្វើដំណើរបានវិញ ហើយអាជីវកម្មទូទៅក៏រំពឹងទុកថានឹងអាចវិលមករកភាពប្រក្រតីឡើងវិញ”។
បើតាមអ្នកជំនាញខាងវិស័យធនាគាររូបនេះ វិស័យទូទៅនឹងដំណើរការបន្តិចម្តងៗឡើងវិញ ដោយសារវ៉ាក់សាំងនេះបានជួយច្រើនណាស់ ព្រោះទូទាំងសកលលោក មិនត្រឹមតែកម្ពុជានោះទេ រំពឹងថា កាលណាមានវ៉ាក់សាំង គន្លឹះសំខាន់នៅលើវ៉ាក់សាំងនោះឯង ដែលធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន បើគ្មានវ៉ាក់សាំងទេ យើងនៅតែខ្វល់ដូចឆ្នាំ ២០២០ ប៉ុន្តែបើមានវ៉ាក់នឹងលើកទឹកចិត្តទូទៅដល់សហគមន៍ជាតិកម្ពុជា។

ចំណែកឯ លោក បណ្ឌិត គឹម ហ៊ាង ប្រធានក្រុមហ៊ុន អចលនទ្រព្យខ្មែររៀលអេស្ទេត យល់ឃើញថា ប្រសិនបើជំងឺ កូវីដ១៩ កើតមានតែនៅស្រុកខ្មែរ ហើយមានវ៉ាក់សាំងព្យាបាលក្នុងស្រុកជា នោះអ្វីៗ នឹងល្អប្រសើឡើងវិញ ប៉ុន្តែលោកថា ជំងឺកូវីដ១៩ គឺជាជំងឺដែលកើតមាននៅទូទាំងពិភពលោក ដូច្នេះអ្នកជំនួញខ្មែរមិនមែនធ្វើជំនួញតែគ្នាឯងនោះទេ គឺធ្វើជំនួញជាមួយបរទេស។
លោកថា អ្វីដែលធ្វើឲ្យវិស័យសេដ្ឋកិច្ចងើបឡើងវិញ គឺទាល់តែជំងឺកូវីដ១៩ អស់ពីផែនដី មានន័យថាប្រទេសណាក៏អាចព្យាបាលជំងឺកូវីដ១៩បាន មានវ៉ាក់សាំងគ្រប់គ្រាន់ នោះ ទើបសេដ្ឋកិច្ចមានភាពល្អប្រសើឡើងវិញ ក្នុងដំណាក់កាលនេះ គឺមិនទាន់អាចនោះទេ។
ប៉ុន្តែយ៉ាងណា លោកក៏បញ្ជាក់ថា ព័ត៌មាននៃវ៉ាក់សាំងកូវីដ១៩នេះ ក៏អាចល្អជាងមុន តែមិនទាន់ល្អគ្រប់គ្រាន់ ដែលអាចរុញឲ្យស្ថានភាពសេដ្ឋកិច្ចកម្ពុជាដូចមុនឆ្នាំ ២០១៩នោះទេ គ្រាន់តែថាអាចល្អជាងឆ្នាំ ២០២០ ដោយសារយើងមានវ៉ាក់សាំងខ្លះ និងល្អក្នុងកម្រិតតិចតួចតែប៉ុណ្ណោះ មិនអាចល្អដូចមុនោះទេ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលយកវ៉ាក់សាំងកូវីដ១៩ ចំនួន ១ លានដូសពីសាធារណរដ្ឋប្រជាមានិតចិន បន្ទាប់ពីរដ្ឋាភិបាលចិន បានផ្តល់វិភាគទានវ៉ាក់សាំងសម្រាប់មនុស្ស ៥០ ម៉ឺនាក់ ដើម្បីចាក់ដល់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋកម្ពុជា។
បើតាមលោកជំទាវ ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអង្គារ៍ម្សិលមិញថា វ៉ាក់សាំងរបស់ចិន នឹងដឹកមកដល់ប្រទេសកម្ពុជានៅអំឡុងខែកុម្ភៈនេះ ក្នុងដំណាក់កាលដំបូងចំនួន ៣០ ម៉ឺនដូស។ ហើយថា វ៉ាក់សាំងរបស់ចិនមានប្រសិទ្ធិភាពរហូតដល់ ៧៩ ភាគរយ និងកំពុងត្រូវបានប្រើប្រាស់នៅតាមប្រទេសជាច្រើន មាននៅអាមេរិកឡាទីន អាហ្វ្រីក អាស៊ី និងអឺរ៉ុប ហើយមកដល់ពេលនេះក៏មិនមានប្រតិកម្មធ្ងន់ធ្ងរដែរ។
រដ្ឋាភិបាលកម្ពុជាបានប្រកាសថា វ៉ាក់សាំងកូវីដនឹងយកមកចាក់ដោយឥតគិតថ្លៃ ជាជំហានដំបូងលើក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងក្រុមពលរដ្ឋដែលងាយរងគ្រោះ៕

អត្ថបទ៖ ឡេង ដេត
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១ ថ្ងៃ agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


