សេដ្ឋកិច្ច
ទោះបីមិនហ៊ឺហា! តែរបរលក់ម្ជូរតាមរទេះ អាចរកប្រាក់ចំណូលជាង ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ
មុខរបរលក់ម្ជូរតាមរទេះរុញ បើទោះបីជាមិនហ៊ឺហា ប៉ុន្ដែវាជារបរមួយ ដែលធ្វើឱ្យបុរសម្នាក់ ចាកចេញពីស្រុកកំណើតមករស់នៅរាជធានីភ្នំពេញ ដើរលក់ម្ជូរតាមដងផ្លូវ អាចស្វែងរកប្រាក់ចំណូលបានជាង ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ ដោយមិនចាំបាច់ចេញទៅស៊ីឈ្មួលឱ្យគេ។

លោក សុខ កក្កដា អាយុ៣២ឆ្នាំ អ្នកលក់ម្ជូរតាមរទេះរុញ មានស្រុកកំណើតនៅ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានប្រាប់ កម្ពុជាថ្មី ថា លោកបានចាប់ផ្ដើមចេញរកស៊ីលក់ម្ជូរ និងលក់នំ តាំងពីលោកមានអាយុ១២ឆ្នាំមកម្ល៉េះ នេះក៏ដោយសារតែ កត្តាជីវភាពគ្រួសារមានការខ្វះខាត លោកក៏មិនអាចមានឱកាសសិក្សារៀនសូត្របានច្រើនដូចអ្នកដទៃ ទើបសម្រេចចិត្តជ្រើសរើសការលក់ម្ជូរ និងលក់នំតាមរទេះរុញ តែម្ដងទៅ។

បោះបង់ការសិក្សាចោលត្រឹមថ្នាក់ទី៤ កក្កដា បានចាកចេញពីស្រុកកំណើតជាមួយបងប្រុសបង្កើត មករស់នៅភ្នំពេញ ដោយជួលផ្ទះគេ និងបានសន្សំលុយទិញរទេះរុញមួយសម្រាប់លក់ម្ជូរ តាមដងផ្លូវផ្សេងៗ ក្នុងរាជធានីភ្នំពេញ។
កក្កដា បានបន្តថា លោកអាចរកប្រាក់ចំណូលបានប្រមាណ ១សែន៥ ម៉ឺនរៀល ក្នុងមួយថ្ងៃ ចេញពីមុខរបរដ៏តូចមួយនេះ ដោយមិនចាំបាច់ស៊ីឈ្មួលគេ ឬចេញទៅធ្វើការនៅឯស្រុកឆ្ងាយពីផ្ទះ។

បើទោះបីជា មុខរបរលក់ម្ជូរតាមរទេះ មិនសូវហ៊ឺហា ក៏ពិតមែន ប៉ុន្ដែ កក្កដា នៅតែសប្បាយចិត្តនឹងបន្តធ្វើវា ដោយចាប់ផ្ដើមដាក់ម្ជូរក្នុងរទេះរុញ ជិះដើរលក់ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ ម៉ោង ៥ល្ងាច តាមបណ្ដោយមួយចំនួន ដូចជា៖ ផ្លូវត្រសក់ផ្អែម និងម្ដុំផ្សារអូរឬស្សី ជារៀងរាល់ថ្ងៃ ទើបអាចឈប់សម្រាក និងត្រឡប់ទៅផ្ទះជួលវិញ។

កក្កដា បានបន្ថែមថា គិតមកទល់ពេលនេះ លោកបានប្រកបរបរលក់ម្ជូរតាមរទេះរុញ រយៈពេលជាង ២០ឆ្នាំ មកហើយ អ្វីដែលជាកត្តាជំរុញទឹកចិត្ត កក្កដា ឱ្យនៅប្រកបរបរលក់រុញម្ជូរដើរលក់នេះ ក៏ដោយសារតែ កក្កដា និងបងប្រុសរបស់គាត់ បានមានក្ដីស្រមៃមួយ រកស៊ីជាមួយគ្នា ដើម្បីមានប្រាក់សាងសង់ផ្ទះឈើ២ខ្នង ដែលមានតម្លៃជាង ២០, ០០០ ដុល្លារ នៅស្រុកកំណើតរបស់ខ្លួន អ្វីដែលពិសេសនោះគឺ កក្កដា និងបងប្រុស បានសម្រេចក្ដីស្រមៃមួយនេះ រួចមកហើយ។

មិនខុសគ្នាប៉ុន្មានពីអ្នកដទៃ កក្កដា ក៏មានក្ដីស្រមៃមួយទៀត ដោយចង់រៀបការបង្កើតគ្រួសារ និងមុខរបរសមរម្យមួយ សម្រាប់ថ្ងៃអនាគត ដោយមិនចាំបាច់រុញរទេះ ដើរលក់ម្ជូរតាមដងផ្លូវ ត្រូវក្ដៅ ហើយពេលខ្លះក៏ត្រូវទទឹកភ្លៀងជោគខ្លួន ដូចពេលបច្ចុប្បន្ន នោះឡើយ៕
អត្ថបទ និង រូបភាព ៖ សួស សិត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


