សេដ្ឋកិច្ច
កសិដ្ឋានដូងក្រអូបមួយ អាចផលិតដូងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បានជិត១ម៉ឺនផ្លែ ត្រឹមរយៈពេល១ខែ
កសិដ្ឋានដាំដូងក្រអូបមួយ ស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង អាចផលិតដូងសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បានជិត១ម៉ឺនផ្លែ ដោយគិតត្រឹមរយៈពេល១ខែ។

ជាម្ចាស់ចម្ការដូងក្រអូប «Darling Farm» កញ្ញា កេង សុចិន្តា បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់ពេលបច្ចុប្បន្ននេះ កសិដ្ឋានដាំដូងក្រអូបរបស់កញ្ញា អាចមានសមត្ថភាពផលិតដូង និងកែច្នៃដូងក្រអូបសម្រាប់ដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជា បានប្រមាណជិត១ម៉ឺនផ្លែ ដោយគិតត្រឹមរយៈពេល១ខែ ប៉ុណ្ណោះ។

កញ្ញា បន្តថា បើគិតពីតម្រូវការទីផ្សារដូងក្រអូបក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នវិញ ការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារហាក់នៅមានការខ្វះខាតនៅឡើយ ពោលគឺការផលិតមិនអាចគ្រាប់គ្រាន់សម្រាប់អ្នកបរិភោគប្រចាំថ្ងៃ ហេតុនេះហើយទើបពេលខ្លះអាចមានការនាំចូលដូងក្រអូបមកពីក្រៅប្រទេស ផងដែរ។

បើក្រឡេកមកមើលការដាំដូង និងការកែច្នៃដូងក្រអូបនៅក្នុងកសិដ្ឋានរបស់ចិន្ដា នាពេលបច្ចុប្បន្ននេះ កញ្ញាកំពុងតែគ្រោងនឹងពង្រីកផ្ទៃដីចម្ការឱ្យបានកាន់តែធំជាងមុន ខណៈផ្ទៃដីដាំដុះដូងក្រអូប បច្ចុប្បន្នមានទំហំ ៥ ហិកតា។ ចំណែកបរិមាណនៃការផ្គត់ផ្គង់ក្នុងមួយខែចំនួន ៥ពាន់ ទៅ ៦ពាន់ផ្លែ និងចែកចាយទៅផ្សារទំនើបម៉ាក្រូបាន ៤ ដង ក្នុងមួយខែ។

ក្រៅពីនេះ ផ្លែដូងក្រអូប ដែលមិនទាន់បានវេចខ្ចប់រួច អាចមានតម្លៃ ១ ៥០០ រៀល ក្នុងមួយផ្លែ។ កញ្ញា បានបញ្ជាក់ទៀតថា នាពេលខាងមុខនេះ កញ្ញាក៏មានគម្រោងសហការជាមួយកសិករដទៃទៀត ក្នុងការដាំដូងក្រអូបឱ្យបានកាន់តែច្រើន ដើម្បីធ្វើយ៉ាងណាអាចផលិតដូងដែលមានស្ដង់ដាសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក រួមចំណែកកាត់បន្ថយការនាំចូលពីក្រៅប្រទេស ផងដែរ។

កញ្ញា សុចិន្តា បានបន្ថែមទៀតថា ទាក់ទងនឹងការដាំដូងក្រអូបនេះដែរ កសិដ្ឋានរបស់កញ្ញាបាននឹងកំពុងបង្កើតកន្លែងកែច្នៃដូងថ្មីបន្ថែម ជាក់ស្ដែងកសិដ្ឋានបច្ចុប្បន្នអាចមានលទ្ធភាពកែច្នៃដូងក្រអូបទាំងនេះ ចេញជា៤ប្រភេទ ក្នុងនោះមាន៖ ដូងចិតស្អាត ដូងរលីង ដូងក្រអូប និងដូងដុត សម្រាប់ចែកចាយដាក់លក់ក្នុងផ្សារទំនើប និងបណ្ដាម៉ាតផ្សេងៗ ក្នុងប្រទេសកម្ពុជា។

អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម កាលពីពេលកន្លងទៅ បានប្រកាសដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្ម ដូងក្រអូប ម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ នាំចេញផ្លែដូងស្រស់ ទៅកាន់ទីផ្សារប្រទេសចិន រួសរាន់ដាក់ពាក្យស្នើសុំចុះបញ្ជី ដើម្បីបាននាំចេញផ្លែដូងស្រស់ទៅទីផ្សារប្រទេសចិន។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្មចេញផ្សាយនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ បញ្ជាក់ថា ពិធីសារស្តីពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ។

លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលកន្លងទៅ ក៏បានលើកឡើងដែរថា នៅពេលសម្រេចបាន ពិធីសារនេះហើយ ក្រសួងកសិកម្ម ត្រូវធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ស្របទៅតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន។

បើតាមរបាយការណ៍ក្រសួងកសិកម្ម គិតត្រឹមឆ្នាំ ២០២២ នៅប្រទេសកម្ពុជាសព្វថ្ងៃ មានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន ៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន ៨ពាន់តោន៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


