Connect with us

សេដ្ឋកិច្ច

សួនឧស្សាហកម្មស្វាយចន្ទីទំហំជិត ៦០០ ហិកតា នឹងលេចរូបរាងនៅខេត្តកំពង់ធំ

បានផុស

នៅ

សួនឧស្សាហកម្មស្វាយចន្ទី ផ្តោតសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទី​ មានទំហំផ្ទៃដីជិត ៦០០ ហិកតា នឹងលេចចេញជារូបរាងនៅក្នុងខេត្តកំពង់ធំឆាប់ៗនេះ ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយ​ក​រដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួត​ពិនិត្យ​វឌ្ឍនភាព​នៃការរៀបចំសួន​ឧស្សា​ហ​​កម្ម​ស្វាយ​ចន្ទី ដើម្បីជំរុញការ​អភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជា នៅព្រឹកថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០​២៥​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា ជាទស្សនៈផ្ទាល់ខ្លួនលោកចង់ឲ្យ តំបន់សួនឧស្សាហកម្មស្វាយចន្ទី មានលក្ខណៈដូចតំបន់សេដ្ឋកិច្ចពិសេស ដែលត្រូវបានទទួលការឧបត្ថម្ភធនលើផ្នែកបច្ចេកទេស និងការលើកលែងពន្ធមួយចំនួនដូចជាពន្ធនៃការនាំចេញត្រូវបានលើកលែង ប៉ុន្តែផ្ដោតតែលើកសិឧស្សាហកម្មប៉ុណ្ណោះ។

លោក អួន ស៊ីឡុត បន្ថែមថា៖ «ជាសំណូមពរផ្ទាល់ខ្លួន ខ្ញុំចង់ឲ្យតំបន់សួនកសិ-ឧស្សាហកម្មឲ្យក្រុមហ៊ុនអាចមកធ្វើរោងចក្រនៅលើដីហ្នឹង ដោយមិនចាំបាច់មានភាគទុនជាកម្ពុជាទេ គាត់អាចជួលដីហ្នឹងបើករោងចក្រក្នុងអំឡុងពេលណាមួយ ដែលធ្វើឱ្យវិនិយោគិនមានភាពងាយស្រួល គាត់ទទួលបានការឧបត្ថម្ភធន គាត់អាចរួចពន្ធមួយចំនួន ហើយគាត់នៅបណ្ដុំគ្នាដែលគាត់អាចប្រមូលបានវត្ថុធាតុដើម អ្នកដែលនៅបណ្ដុំគ្នានេះ មិនមែនតែចន្ទីទេ អាចនឹងដំឡូងមីផងដែរ»។

លោកមិនបានដឹងថា ទីតាំងសួនឧស្សាហកម្មនឹងបង្កើតនៅតំបន់ណានោះទេ ប៉ុន្តែរដ្ឋបាលខេត្តគ្រោងត្រៀមដីជាង ៥០០ ហិកតា ដើម្បីបង្កើតសួនឧស្សាហកម្មស្វាយចន្ទីនេះឆាប់ៗ។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៤ កម្ពុជា​សម្រេច​​បានការ​ប្រមូល​ទិន្នផល​គ្រាប់​ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុង​នោះ​នាំចេញ​គ្រាប់ឆៅ​បាន​ចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ គិត​ជា​ទឹក​ប្រាក់​​ ១,១៥០ ពាន់លាន​ដុល្លារ កើន ២៦,១៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ ម៉ឺន ៥ ពាន់​តោន។

កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា (៥៨០ ១១៧) ក្នុងនោះ​ខេត្ត​ចំនួន ១០ របស់កម្ពុជា មានផ្ទៃដី​ដាំដុះ​ស្វាយ​​​​​ចន្ទីច្រើនជាងគេរួមាន ខេត្តកំពង់ធំជិត ១៥ ម៉ឺន​ហិកតា (១៤៧ ៧០៣) ខេត្តក្រចេះ ជាង ១០ ម៉ឺនហិកតា (១០២ ៥២០) រតនគិរី ៩៧ ២៥៨ ហិកតា កំពង់ចាម ៤៦ ៥៨២ ហិកតា ស្ទឹងត្រែង ៤៤ ២៥០ ហិកតា ខេត្ត​ត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម