ព័ត៌មានអន្ដរជាតិ
អាមេរិកដាក់ពន្ធខ្ពស់កប់ពពកលើបន្ទះសូឡាអាស៊ីអាគ្នេយ៍
សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានសម្រេចដាក់ពន្ធដ៏ខ្ពស់កប់ពពកលើបន្ទះថាមពលពន្លឺព្រះអាទិត្យ ឬផ្ទាំងសូឡា ដែលនាំចូលពីបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ដោយកម្ពុជាជាប់ពន្ធរហូតដល់ទៅជាង ៣ ៥០០ ភាគរយ ក្រោមការចោទប្រកាន់ក្រោយការស៊ើបអង្កេតពាណិជ្ជកម្មថា ក្រុមហ៊ុនចិននៅក្នុងប្លុកអាស៊ាន បានលក់បង្ខូចតម្លៃនូវទំនិញប្រភេទនេះនៅលើទីផ្សារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNBC។

យោងតាមក្រសួងពាណិជ្ជកម្មអាមេរិក ពន្ធទូទាំងប្រទេស ត្រូវបានកំណត់ខ្ពស់ដល់ទៅ ៣ ៥២១ ភាគរយ លើបន្ទះសូឡានាំចូលពីកម្ពុជា ដោយសារតែក្រុមហ៊ុននៅកម្ពុជា មិនបានសហការស៊ើបអង្កេតជាមួយអាជ្ញាធរអាមេរិក។
ក្រុមហ៊ុនដែលមិនមានឈ្មោះក្នុងប្រទេសវៀតណាម ប្រឈមមុខនឹងពន្ធ ៣៩៥,៩ ភាគរយ ខណៈថៃជាប់ពន្ធ ៣៧៥,២ ភាគរយ។ អត្រាពន្ធទូទាំងប្រទេសសម្រាប់ម៉ាឡេស៊ី ត្រូវបានប្រកាសនៅ ៣៤,៤ ភាគរយ ប៉ុន្តែផលិតផលរបស់ក្រុមហ៊ុន Jinko Solar នៅម៉ាឡេស៊ី ត្រូវជាប់ពន្ធប្រមាណ ៤១,៤៦ ភាគរយ។
គួរគូសបញ្ជាក់ថា ការប្រកាសពន្ធចុងក្រោយនេះ ធ្វើឡើងក្រោយអាជ្ញាធរសហរដ្ឋអាមេរិកបានបើកការស៊ើបអង្កេតពាណិជ្ជកម្មប្រឆាំងនឹងការលក់បង្ខូចតម្លៃលើក្រុមហ៊ុនពីអាស៊ីអាគ្នេយ៍អស់រយៈពេលជាង ១ ឆ្នាំ ក្រោមបណ្ដឹងរបស់ក្រុមហ៊ុនផលិតបន្ទះសូឡាកូរ៉េ Hanwha Qcells ក្រុមហ៊ុននៅរដ្ឋអារីហ្សូណា First Solar Inc និងក្រុមហ៊ុនផលិតតូចៗផ្សេងទៀត ដែលការការពារការវិនិយោគរាប់ពាន់លានដុល្លារ ក្នុងផលិតកម្មបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យនៅសហរដ្ឋអាមេរិក។ នេះបើតាម CNBC។

ក្រុមបណ្ដឹង ពោលគឺគណៈកម្មាធិការពាណិជ្ជកម្មនៃសម្ព័ន្ធអាមេរិកសម្រាប់ការផលិតបន្ទះថាមពលព្រះអាទិត្យ បានចោទប្រកាន់ក្រុមហ៊ុនផលិតបន្ទះសូឡាចិនធំៗដែលមានរោងចក្រនៅម៉ាឡេស៊ី កម្ពុជា ថៃ និងវៀតណាម ពីការលក់បន្ទះសូឡាថោកៗជាងតម្លៃផលិតកម្ម និងការទទួលបានឧបត្ថម្ភធន ដើម្បីមានប្រៀបក្នុងការប្រកួតប្រជែងលើទីផ្សារអាមេរិក។
លោក Tim Brightbill មេធាវីសម្រាប់ក្រុមផលិតអាមេរិក បាននិយាយប្រាប់អ្នកយកព័ត៌មានថា៖ «ទាំងនេះ (អត្រាពន្ធ) គឺជាលទ្ធផលដ៏ល្អ។ យើងមានទំនុកចិត្តថា វានឹងដោះស្រាយការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌របស់ក្រុមហ៊ុនចិនពីប្រទេសទាំង៤ ដែលបាន និងកំពុងបង្ខូចបង្ខាតដល់ឧស្សាហកម្មផលិតបន្ទះសូឡារបស់សហរដ្ឋអាមេរិកអស់រយៈពេលជាយូរមកហើយ»។
បើតាមសារព័ត៌មាន Bloomberg សហរដ្ឋអាមេរិកបាននាំចូលបន្ទះសូឡាក្នុងតម្លៃ ១២,៩ ប៊ីលានដុល្លារ កាលពីឆ្នាំមុន ពីប្រទេសម៉ាឡេស៊ី កម្ពុជា ថៃ និងវៀតណាម ឬស្មើនឹង ៧៧ ភាគរយ នៃការនាំចូលសរុបរបស់អាមេរិក៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


