ព័ត៌មានជាតិ
រយៈពេលជាង ១៣ ឆ្នាំ ផ្សារមូលបត្រកម្ពុជា កៀរគរថវិកាបានជិត ៥០០ លានដុល្លារ
លោក ហុង សុខហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (CSX ) បានមានប្រសាសន៍ថា រយៈពេលជាង ១៣ ឆ្នាំ នៃការបើកដំណើរការផ្សារហ៊ុននៅក្នុងប្រទេសកម្ពុជា ផ្សារមូលបត្របានចូលរួមកៀរគរថវិកាបានប្រមាណជិត ៥០០ លានដុល្លារអាមេរិក។

ក្នុងបទសម្ភាសសេដ្ឋកិច្ចជាមួយ «កម្ពុជាថ្មី» លោក ហុង សុខហួរ បានលើកឡើងថា រយៈពេលជាង ១៣ឆ្នាំហើយ ចាប់តាំងពីទីផ្សារហ៊ុនបើកដំណើរការនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នទីផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនដែលចុះបញ្ជីជាភាគហ៊ុនជាមួយមានចំនួន ១១ ក្រុមហ៊ុន ដោយក្នុងនោះក្រៅពីភាគហ៊ុន ក៏នៅមានផលិតផលផ្សេងទៀតគឺមានសញ្ញាប័ណ្ណចំនួន ១៤ បន្ថែម សរុបក្រុមហ៊ុនទាំងអស់មានចំនួន ២៥។ ក្រុមហ៊ុនទាំង ២៥ នេះ បានកៀរគរទុនជូនដល់រាជរដ្ឋាភិបាលកម្ពុជា បានប្រមាណជិត ៥០០លានដុល្លារ។
លោកបានសង្កត់ធ្ងន់ថា ទឹកប្រាក់ជិត ៥០០លានដុល្លារ ដែលផ្សារមូលបត្រកៀរគរបាននេះ ប្រសិនបើគិតជាស្តង់ដារសម្រាប់ផ្សារហ៊ុនជាអន្តរជាតិ គឺជាចំនួនមួយដែលតិចតួចបំផុត ព្រោះនៅក្នុងកម្រិតផ្សារហ៊ុនទឹកប្រាក់ដែរកៀរគរក្នុងមួយឆ្នាំៗគួរស្ថិតនៅក្នុងកម្រិតរាប់ពាន់លាន។ ប៉ុន្តែសម្រាប់នៅកម្ពុជារយៈពេល ១២-១៣ ឆ្នាំ អាចកៀរគរបានគិតជាទឹកប្រាក់ប្រមាណជិត ៥០០លាន នេះ ជាទឹកប្រាក់មួយដែលធំសមល្មមដែរ មានន័យថា ចំនួនទឹកប្រាក់ជិត ៥០០លានដុល្លារនេះ លោកជឿជាក់ថាប្រាកដជាបានចូលរួមនៅក្នុងសេដ្ឋកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងកម្រិតណាមួយ បើទោះបីជាមិនបានទាំងស្រុងក៏ដោយ។

ពាក់ព័ន្ធទីផ្សារនៅកម្ពុជានេះដែរ លោក ហុង សុខហួរ បានបន្តថា ចំនួននៃការចូលរួមបើកគណនេយ្យជួយដូរក៏ឃើញមានការកើនឡើងជាលំដាប់ផងដែរ ដែលគិតមកដល់ពេលបច្ចុប្បន្នមានប្រមាណជាង ៦ ម៉ឺនគណនេយ្យ។
បើទោះបីជាផ្សារមូលបត្រ បើកដំណើរការនៅកម្ពុជារយៈពេលជាង ១៣ឆ្នាំមកហើយក្តី លោក ហុង សុខហួរ បានបន្ថែមថា ប្រជាពលរដ្ឋកម្ពុជាមួយចំនួនគឺនៅតែពុំទាន់បានស្គាល់អំពីផ្សារមូលបត្រកម្ពុជាបានពិតប្រាកដនៅឡើយទេ សូម្បីតែមកដល់ពេលបច្ចុប្បន្នក៏នៅតែមានប្រជាពលរដ្ឋ នៅតែមានការយល់ច្រឡំលើផ្សារមូលបត្រកម្ពុជានេះដូចគ្នាដែរ។
លោក បានពន្យល់ថា ផ្សារហ៊ុន គឺជាការមកទិញភាគហ៊ុនរបស់ក្រុមហ៊ុនមួយ មិនមែនជាការមកលេងហាងឆេងនោះទេ ប៉ុន្តែជាការទិញភាគហ៊ុនដើម្បីក្លាយទៅជាម្ចាស់អាជីវកម្មមួយ ហើយអាចក្លាយទៅជាម្ចាស់អាជីវកម្មតូច ឬធំ គឺស្ថិតនៅត្រង់ថាយើងបានទិញភាគហ៊ុនពីក្រុមហ៊ុនណាមួយនោះចំនួនប៉ុន្មានភាគរយនោះទេ។ ក្នុងនោះអ្នកចូលមកទិញភាគហ៊ុនអាចមានគោលដៅច្រើន ដោយពួកគេអាចទិញភាគហ៊ុនមកដើម្បីលក់ប្រចាំថ្ងៃ និងមួយចំនួនទៀតទិញ លក់ឆ្លងថ្ងៃប្រចាំសប្ដាហ៍ ដែលទិញមកក្នុងគោលដៅលក់ទៅវិញដើម្បីទទួលបានផលចំណេញជាងមុន គេហៅថា Trader ។

«ដោយឡែកសម្រាប់អ្នកដែលទិញហើយលក់វិញនៅក្នុងថ្ងៃដដែល ហៅថា Day Trader ហើយចំពោះអ្នកដែលទិញនៅថ្ងៃនេះ លក់នៅថ្ងៃនេះ ឬលក់នៅថ្ងៃស្អែក ឬនៅសប្ដាហ៍ក្រោយ គឺហៅថា Swing Trader ប៉ុន្តែសម្រាប់អ្នកទិញក្នុងគោលដៅថានឹងអាចបានចំណូលមកជាប្រាក់ភាគលាបប្រចាំត្រីមាន ឬប្រចាំឆមាស ជាដើមនោះ គេហៅថាជា Long term investor ដែលនេះសុទ្ធសឹងតែជាគោលដៅ និងយុទ្ធសាស្ត្រខុសៗគ្នា»។ លោក ហុង សុខហួរ បន្ថែមបែបនេះ។
ទន្ទឹមនេះ កន្លងមកលោកក៏សង្កេតឃើញម្ចាស់ហ៊ុនធំៗមួយចំនួននៅកម្ពុជាមានការចាប់អារម្មណ៍លើទីផ្សារហ៊ុននៅកម្ពុជា ដោយនេះជាមោទនភាពមួយដែលប្រជាពលរដ្ឋនៅកម្ពុជាចាប់ផ្តើមឃើញ និងស្គាល់អំពីតម្លៃរបស់ភាគហ៊ុន ស្គាល់អំពីសក្ដានុពលនៃការប្រើប្រាស់ភាគហ៊ុនដើម្បីទទួលបានប្រាក់ចំណេញ៕
ដោយ៖ ឌិន ថារី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


