ព័ត៌មានអន្ដរជាតិ
វៀតណាមសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ដោយជាប់ពន្ធ ២០%
វៀតណាមក្លាយជាប្រទេសនៅអាស៊ីដំបូងគេ ដែលសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកក្នុងបរិបទនៃពន្ធបដិការ ដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃពុធថា ការព្រមព្រៀងគ្នារួមបញ្ជូលទាំងពន្ធ ២០ ភាគរយ លើទំនិញវៀតណាមនាំចូលទៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

ក្នុងការប្រកាសដែលធ្វើឡើងនៅបណ្ដាញសង្គម Truth Social លោក ត្រាំ បានអះអាងថា កិច្ចព្រមព្រៀងថ្មីនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ចូលទៅកាន់ទីផ្សាររបស់វៀតណាមដោយមិនគិតពន្ធ។
ក្រៅពីពន្ធ ២០ ភាគរយ វៀតណាមបានយល់ព្រមថា ទំនិញរបស់ប្រទេសដទៃដែលដឹកជញ្ជូនតាមវៀតណាមទៅកាន់សហរដ្ឋអាមេរិក (ឬទំនិញ Transshipping) នឹងជាប់ពន្ធ ៤០ ភាគរយ ខណៈនាពេលកន្លងមក អាមេរិកចោទប្រកាន់វៀតណាមថាអនុញ្ញាតឱ្យទំនិញចិនឆ្លងកាត់ប្រទេសខ្លួន ដើម្បីជាច្រកនាំចេញសម្រាប់គេចពន្ធខ្ពស់ពីសហរដ្ឋអាមេរិក។
លោក ត្រាំ និយាយថា វៀតណាមនឹងចំណាយពន្ធ ២០ ភាគរយ នោះ ប៉ុន្តែមែនទែនទៅ អ្នកនាំចូលអាមេរិកទេ ដែលជាអ្នកត្រូវបង់ពន្ធនៅពេលនាំទំនិញចូលពីបរទេស។
គួររំឭកថា លោក ត្រាំ បានប្រកាសពន្ធគយបដិការនៅដើមខែមេសា ដោយកំណត់ចូលជាធរមាននៅថ្ងៃទី ៩ ខែនោះ ប៉ុន្តែក្រោយមក បានប្រកាសពន្យារពេលវិញ ៩០ ថ្ងៃ ដើម្បីទុកពេលចរចា។
វៀតណាម ដែលរងនូវពន្ធក្នុងអត្រាដើម ៤៦ ភាគរយ ចាប់ពីពេលនោះមក បានធ្វើការយ៉ាងសស្រាក់សស្រាំ រួមទាំងជំនួបរវាងមន្រ្តីជាន់ខ្ពស់សម្រាប់ការចរចាពន្ធ ដោយដាក់សំណើផ្សេងៗក្នុងគោលបំណងទម្លាក់អត្រាពន្ធឱ្យចុះទាប ចំពេលដែលវៀតណាមពឹងផ្អែកខ្លាំងលើការនាំចេញទៅសហរដ្ឋអាមេរិក ដែលបង្កើតបានជាអតិរេកពាណិជ្ជកម្មរហូតដល់ ១២៣,៥ ប៊ីលានដុល្លារកាលពីឆ្នាំមុន។
ជុំវិញការប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី កាសែតវៀតណាម Viet Nam News បានរាយការណ៍ថា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Tô Lâm បានសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ កាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពីទំនាក់ទំនងវៀតណាម-អាមេរិក និងការចរចាលើពន្ធគយរវាងប្រទេសទាំង២។

មេដឹកនាំកំពូលទាំង២ បានសម្តែងការរីករាយចំពោះការវិវត្តដ៏រឹងមាំ និងវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី និងបានស្វាគមចំពោះកិច្ចព្រមព្រៀងដែលក្រុមចរចារបស់ប្រទេសទាំង២សម្រេចបានលើសេចក្តីថ្លែងការណ៍រួមវៀតណាម-សហរដ្ឋអាមេរិក «ស្តីពីក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មដោយយុត្តិធម៌ សមតុល្យ និងបដិការ»។
លោក Lâm បានស្នើថា ឆាប់ៗខាងមុខនេះ អាមេរិកនឹងទទួលស្គាល់វៀតណាមជាប្រទេសមានសេដ្ឋកិច្ចទីផ្សារ និងលុបចោលការរឹតបន្តឹងការនាំចេញលើផលិតផលបច្ចេកវិទ្យាខ្ពស់មួយចំនួន។ នេះបើតាម Viet Nam News។
នេះជាខ្លឹមសារនៃការប្រកាសរបស់លោក ត្រាំ កាលពីថ្ងៃពុធ៖
«វាជាកិត្តិយសដ៏អស្ចារ្យរបស់ខ្ញុំក្នុងការប្រកាសថា ខ្ញុំទើបតែសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសាធារណៈរដ្ឋសង្គមនិយមវៀតណាម បន្ទាប់ពីបាននិយាយជាមួយលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ដ៏គួរឱ្យគោរព។ វានឹងក្លាយជាកិច្ចព្រមព្រៀងដ៏អស្ចារ្យនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។ លក្ខខណ្ឌគឺថា វៀតណាមនឹងបង់ពន្ធជូនសហរដ្ឋអាមេរិក ២០ ភាគរយ លើទំនិញដែលបញ្ជូនមកប្រទេសយើង និង ៤០ ភាគរយ សម្រាប់ទំនិញ Transshipping។ អ្វីដែលពួកគេ(វៀតណាម)មិនធ្លាប់ធ្វើពីមុនមកនោះ គឹផ្តល់ឱ្យសហរដ្ឋអាមេរិកនូវសិទ្ធិពេញលេញក្នុងការចូលទៅកាន់ទីផ្សារពាណិជ្ជកម្មរបស់ពួកគេ។ អាចនិយាយបានម្យ៉ាងទៀតថា ពួកគេនឹង «បើកទីផ្សាររបស់ពួកគេសម្រាប់សហរដ្ឋអាមេរិក» ដែលមានន័យថា យើងនឹងអាចលក់ផលិតផលរបស់យើងទៅប្រទេសវៀតណាមក្នុងអត្រាពន្ធ សូន្យ ភាគរយ»។
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


