សេដ្ឋកិច្ច
អ្នកជំនាញសេដ្ឋកិច្ច៖ ការបិទខ្ទប់ព្រំដែនរបស់ថៃ ជាឱកាសសម្រាប់កម្ពុជាពង្រឹងខ្លួនឯង
លោក បណ្ឌិត គីសេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាមើលឃើញថា ការបិទខ្ទប់ព្រំដែនរបស់ថៃដែលធ្វើឱ្យប៉ះពាល់លំហូរវត្ថុធាតុដើមរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា និងរោងចក្រជប៉ុននៅថៃ គឺជាឱកាសមួយសម្រាប់កម្ពុជានៅក្នុងការពង្រឹងខ្លួនឯង ហើយកម្ពុជាក៏គួរតែកែសម្រួលច្បាប់វិនិយោគមួយចំនួន ដើម្បីទាក់ទាញវិនិយោគិនបរទេសបន្ថែមទៀត។

ពាក់ព័ន្ធទៅនិងការបិទព្រំដែនដែលធ្វើឱ្យលំហូរវត្ថុធាតុដើមរបស់ក្រុមហ៊ុនជប៉ុនហូរចូលពីប្រទេសថៃ កែច្នៃហើយដឹកទៅកាន់ប្រទេសថៃវិញនោះ លោកបណ្ឌិត គីសេរីវឌ្ឍន៍ បានប្រាប់«កម្ពុជាថ្មី»ឱ្យដឹងថា បញ្ហានេះ គឺជាកត្តារាំងស្ទះមួយដែលបច្ចុប្បន្នក្រុមហ៊ុនទាំងនេះកំពុងតែធ្វើការដឹកជញ្ជូនតាមរយៈយន្តហោះដែលចុះនៅខេត្តសៀម និងដឹកតាមឡានពីខេត្តសៀមរាប មកកាន់ខេត្តប៉ោយប៉ែត។
ជាក់ស្ដែង បញ្ហានេះ លោកបណ្ឌិតថា ខាតបង់ទាំងសងខាង ទី១ ថ្លៃដើមនៃអ្នកវិនិយោគឡើងខ្ពស់ទៅខាងកម្ពុជាផង ទៅខាងថៃផង ព្រោះវត្ថុធាតុដើមទាំងអស់នោះដឹកមកតាមយន្តហោះ ហើយទំនិញទាំងអស់នោះទៀតត្រូវបានកែច្នៃហើយដឹកយកទៅឱ្យក្រុមហ៊ុន Toyota វិញនៅប្រទេសថៃសម្រាប់ដំឡើងរថយន្ត ដូច្នេះហើយកត្តាទាំងអស់នេះធ្វើឱ្យប៉ះពាល់ទាំងសងខាង។

លោកបណ្ឌិត បានលើកឡើងថា «ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ក្រុមហ៊ុនជប៉ុនគួរតែងាកមកវិនិយោគបន្ថែមទៀតទៅលើវត្ថុធាតុដើម ដើម្បីគាំទ្រទៅដល់ឧស្សាហកម្មនេះ»។
ជាមួយគ្នានេះ ចំពោះក្រុមហ៊ុន Toyota របស់ជប៉ុនដែលមកបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ជាកត្តាមួយជួយទប់ស្តាត់នូវការដឹកជញ្ជូនវត្ថុធាតុដើមឆ្លងដែនទៅវិញទៅមក ដឹកហើយកែច្នៃ កែច្នៃហើយដឹកត្រឡប់ទៅវិញផងដែរ។ ដូច្នេះចំណុចនេះ យើងឃើញថា កម្ពុជាបច្ចុប្បន្នកំពុងក្លាយទៅជាប្រទេសដែលស្រូបទាញនូវអ្នកវិនិយោគ ហើយជាពិសេសគឺការបិទខ្ទប់ព្រំដែនរបស់ថៃនេះ ធ្វើឱ្យអ្នកវិនិយោគច្រើនជាងមុន។

លោកបណ្ឌិត យល់ឃើញថា នេះជាឱកាសមួយសម្រាប់កម្ពុជានៅក្នុងការពង្រឹងខ្លួនឯង ហើយមួយវិញទៀតកម្ពុជាគួរតែសម្រួលនៅច្បាប់វិនិយោគ ប្រព័ន្ធពន្ធដារ គយ និងការងារផ្សេងៗទៀតនៅក្នុងការផលិត ដើម្បីជំរុញឱ្យអ្នកវិនិយោគអាចទទួលបានប្រាក់ចំណេញ ហើយអាចបន្តការធ្វើវិនិយោគនៅក្នុងប្រទេសកម្ពុជា។
បើយោងតាម លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់កម្ពុជាថ្មីថា បន្ទាប់ពីបិទព្រំដែនគោក ក្រៅពីទំនិញដែលកម្ពុជាហាមឃាត់ ដែលមានបន្លែ ផ្លែឈើ អគ្គិសនី ប្រេង និងឧស្ម័ន ពាណិជ្ជកម្មរវាងកម្ពុជា និងថៃ នៅដំណើរការធម្មតា ពោលគឺភាគីថៃបានបង្វែរទិសនាំទំនិញចូលមកតាមផ្លូវទឹក (ច្រកសមុទ្រ) និងឆ្លងតាមច្រកព្រំដែនប្រទេសឡាវ។
កាលពីពេលកន្លងទៅថ្មីៗនេះ សភាពាណិជ្ជកម្មថៃបានទទូចឱ្យរដ្ឋាភិបាលថៃ ចរចាជាមួយកម្ពុជា ដើម្បីបើកព្រំដែនឡើងវិញ ដោយព្រមានថា ការបិទច្រកចេញ-ចូលដែលបង្កឡើងមុខជាឯកតោភាគីរបស់យោធាថៃ កំពុងធ្វើឱ្យប៉ះពាល់ដល់ប្រជាជនទាំងសងខាងនៃព្រំដែន ជាពិសេសការនាំចេញរបស់ថៃដែលពឹងផ្អែកលើទីផ្សារកម្ពុជា។
សភាពាណិជ្ជកម្មថៃបាននិយាយថា ការបិទព្រំដែនកំពុងបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរសម្រាប់រោងចក្រដំឡើងរថយន្តពហុជាតិនៅថៃ។ ដំណើរការផលិតក្រុមហ៊ុនទាំងនោះ ត្រូវបានអាក់ខាន ដោយសារខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពីកម្ពុជា។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា គិតចាប់ពីខែមករា ដល់ខែ សីហា ឆ្នាំ ២០២៥ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជា-ថៃ មានទំហំទឹកប្រាក់ ២,៦៦ ពាន់លានដុល្លារ ធ្លាក់ចុះ ៤,៦% ក្នុងនោះកម្ពុជានាំចេញទៅថៃមានទឹកប្រាក់ប្រមាណ ៥៣៥ លានដុល្លារ ធ្លាក់ចុះ ៦,៤% ចំណែកឯថៃនាំចូលមកវិញ មានទឹកប្រាក់ ២,១២ ពាន់លានដុល្លារ ធ្លាក់ចុះ ៤,១%៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


