សេដ្ឋកិច្ច
អ្នកជំនាញ៖ ឧស្សាហកម្មផលិតកម្មក្នុងស្រុក ចាប់ផ្ដើមងើបឡើង ក្រោយពលរដ្ឋពហិការទំនិញថៃ
លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វិស័យឧស្សាហកម្មផលិតកម្មនៅកម្ពុជា ចាប់ផ្ដើមងើបឡើង បន្ទាប់ពីប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុក ជំនួសឱ្យទំនិញនាំចូល ក្រោយពីមានបញ្ហាព្រំដែនកម្ពុជា-ថៃ។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ បានលើកឡើងថា កន្លងមកប្រជាពលរដ្ឋធ្លាប់បានគាំទ្រផលិតផលក្នុងស្រុកដែរ ប៉ុន្តែសកម្មភាពផុសផុល មិនទាន់បានច្រើនដូចនៅក្នុងពេលនេះ ដែលសន្ទុះគាំទ្រមានការកើនឡើង ហើយមានទំនិញមួយចំនួនបានផលិតមកហើយ តម្រូវការខ្ពស់ជាងការផលិត ដែលធ្វើឱ្យខ្វះទំនិញមួយចំនួនផងដែរ។
បើតាមអ្នកជំនាញផ្នែកសេដ្ឋកិច្ចរូបនេះ ស្ថានភាពបច្ចុប្បន្ន ផ្នែកផលិតកម្ម មានកំណើនយឺត ចំណែកឯតម្រូវការមានកំណើនលឿន ដែលនេះគឺជាភាពបត់បែននៅក្នុងទ្រឹស្ដីសេដ្ឋកិច្ច ដូច្នេះហើយ ក្នុងខណៈពេលដែលសន្ទុះ ងាកមកគាំទ្រផលិតផលក្នុងស្រុក មានសន្ទុះឡើងលឿន ដូច្នេះ ឧស្សាហកម្ម ដែលផលិតក្នុងស្រុក នឹងផ្គត់ផ្គង់ មានកម្រិតតិចជាងតម្រូវការ នៅឡើយ។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ បញ្ជាក់ថា៖ «ឧស្សាហកម្មយើងមិនទាន់អាចបំពេញតម្រូវការបានគ្រប់ជ្រុងជ្រោយនៅឡើយទេ មានទំនិញខ្លះក៏យើងអាចផ្គត់ផ្គង់បាន ដោយសារតម្រូវការនៅតូច ហើយមានទំនិញខ្លះតម្រូវការមានសន្ទុះលឿន ក៏មិនអាចផ្គត់ផ្គង់បាន ប៉ុន្តែ យើងនិយាយជារួមថា បច្ចុប្បន្ន ឧស្សាហកម្មនៅក្នុងស្រុកចាប់ផ្ដើមងើបឡើងបន្តិចម្ដងៗ ដើម្បីឈានទៅរក ការផ្គត់ផ្គង់ឱ្យបានគ្រប់ជ្រុងជ្រោយជូនទៅដល់ទីផ្សារនៅក្នុងប្រទេសកម្ពុជា»។
អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី នាយិកាគ្រប់គ្រងក្រុមហ៊ុន Sabara Best Food មានប្រសាសន៍ថា សន្ទុះគាំទ្រផលិតផលក្នុងស្រុកបានហក់ឡើង បន្ទាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈផលិតកម្មរបស់អ្នកស្រី បានបង្កើនការផលិតដោយបន្ថែមម៉ោងការងារ។

អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី បន្តថា ផលិតផលខ្មែរភាគច្រើន ស្ថិតក្នុងរង្វង់សិប្បកម្មខ្នាតតូច និងមធ្យមនៅឡើយ ជាហេតុធ្វើឱ្យពិបាកប្រជែងនឹងក្រុមហ៊ុនក្រៅស្រុកធំៗ ដែលបណ្តុំដោយផលិតផលមានតម្រូវការចាំបាច់ច្រើនមុខ។
អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី ជឿជាក់យ៉ាងមុតមាំថា បើសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកនៅតែបន្ត នៅ៤-៥ឆ្នាំខាងមុខ ទីផ្សារផលិតផលខ្មែរនឹងពង្រីកខ្លួនកាន់តែធំ ពិសេសគឺហុចប្រយោជន៍ដល់សង្គមជាតិទាំងមូល។
ស្របពេលដែលដំណើរការនៃការពង្រឹង និងពង្រីកការផលិតផលិតផលក្នុងស្រុក មិនទាន់អាចឆ្លើយតបនឹងតម្រូវការភ្លាមៗនៅឡើយ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី សំណូមពរដល់ពលរដ្ឋខ្មែរមានការអត់ធ្មត់សិន។
អ្នកស្រីជឿថា បើសន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកមានអាយុវែងឆ្ងាយ យ៉ាងយូរបំផុត ៤-៥ឆ្នាំខាងមុខ នឹងហុចប្រយោជន៍ដល់សង្គមជាតិទាំងមូល៕

អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


