ជីវិតកម្សាន្ដ
ទេព បូព្រឹក្ស ជំរុញផ្សព្វផ្សាយ “ស្បៃខ្មែរ” និងអំពាវនាវឱ្យរួមគ្នាថែរក្សាអត្តសញ្ញាណជាតិ ខណៈគេតែងប្រាថ្នាជាកម្មសិទ្ធិ
ស្របពេលដែលកំពុងមានការជជែកវែកញែកពីប្រភពដើម នៃសម្លៀកបំពាក់ប្រពៃណី (ឈុតស្បៃខ្មែរ) កំពុងកើតមានយ៉ាងក្តៅគគុកលើបណ្តាញសង្គម តារាចម្រៀងល្បីឈ្មោះ ទេព បូព្រឹក្ស បានចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយ “ស្បៃខ្មែរ” ដោយអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ រួមគ្នាថែរក្សា និងបន្តលើកតម្លៃអត្តសញ្ញាណវប្បធម៌ជាតិឱ្យបានគង់វង្ស ខណៈមានការព្រួយបារម្ភថា ប្រទេសក្បែរខាងកម្ពុជា កំពុងប្រឹងព្យាយាមបំភ្លៃថាសម្លៀកបំពាក់ប្រពៃណីឈុតស្បៃមានដើមកំណើតពីខ្មែរ ជាកម្មសិទ្ធិរបស់ខ្លួនទាំងបំពាន។

តាមរយៈសារដែលនាងបានចែករំលែកលើបណ្តាញសង្គម អ្នកនាង ទេព បូព្រឹក្ស បានបង្ហាញខ្លួនក្នុងឈុតស្បៃខ្មែរ ភ្ជាប់នឹងទិដ្ឋភាពប្រាសាទដ៏ល្អវិចិត្ររបស់កម្ពុជា ក្នុងន័យបង្ហាញថា ស្បៃរមិនត្រឹមជាសម្លៀកបំពាក់ប្រពៃណីសម្រាប់ពិធីបុណ្យ ឬពិធីការផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបដ៏សំខាន់មួយនៃអរិយធម៌ និងអត្តសញ្ញាណវប្បធម៌ខ្មែរ។
ទេព បូព្រឹក្ស ថា “ស្បៃខ្មែរ គួរតែថែដោយញាតិ អត្តសញ្ញាណជាតិ សម្គាល់ខេមរា ស្បៃខ្មែរយើងតែងមានគេប្រាថ្នា ស្បៃខ្មែរយើងណាចូលអ្នកចងចាំ ចូលអ្នករួបរួមភ្ចាប់និស្ស័យ ប្រយត័្នសម្តីប្រែជាកម្ម យេីងខ្មែរតែមួយ កត់ចំណាំ ស្បៃខ្មែរថែផ្តាំតកូនចៅ” ។
ការចូលរួមរបស់ ទេព បូព្រឹក្ស ក្នុងការផ្សព្វផ្សាយស្បៃខ្មែរ ត្រូវបានមហាជនជាច្រើនសរសើរថា ជាគំរូល្អសម្រាប់សិល្បករជំនាន់ថ្មី ក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីលើកកម្ពស់ និងការពារវប្បធម៌ជាតិ។ អ្នកគាំទ្រជាច្រើនបានបង្ហាញការគាំទ្រនៅលើបណ្តាញសង្គម ដោយលើកឡើងថា ការផ្សព្វផ្សាយបែបនេះអាចជួយឱ្យយុវជនជំនាន់ក្រោយមានការយល់ដឹង និងមានមោទនភាពលើអត្តសញ្ញាណវប្បធម៌ខ្មែរ។
កន្លងមក ក្រុមអ្នកវិភាគផ្នែកវប្បធម៌ ពិសេសក្រសួង-ស្ថាប័នពាក់ព័ន្ធ សុទ្ធតែមើលឃើញថា សិល្បករមានតួនាទីសំខាន់ក្នុងការចូលរួមថែរក្សា និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ជាតិ។ នៅក្នុងសម័យដែលបណ្តាញសង្គមមានឥទ្ធិពលខ្លាំង ការបង្ហាញសម្លៀកបំពាក់ប្រពៃណីដូចជា “ស្បៃខ្មែរ” តាមរយៈសិល្បករ ឬបុគ្គលសាធារណៈ អាចជួយបង្កើនការយល់ដឹង និងការទទួលស្គាល់ពីសំណាក់សាធារណជនទាំងក្នុង និងក្រៅប្រទេស។
ជាក់ស្តែង “ស្បៃខ្មែរ” ត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរ ដែលតែងតែត្រូវបានប្រើប្រាស់ក្នុងពិធីបុណ្យប្រពៃណី ពិធីមង្គលការ និងពិធីការផ្សេងៗជាច្រើន។ ស្បៃមិនត្រឹមតែបង្ហាញពីសម្រស់នារីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសិល្បៈរចនាបថ និងបេតិកភណ្ឌវប្បធម៌ដែលមានប្រវត្តិសាស្ត្រយូរអង្វែងផងដែរ។
ក្នុងកាលៈទេសៈដែលថៃ តែងប្រឹងប្រជែងបំភ្លៃវប្បធម៌កម្ពុជា អ្នកពាក់ព័ន្ធជាច្រើនជឿថា ការចូលរួមផ្សព្វផ្សាយ និងការពារអត្តសញ្ញាណវប្បធម៌ គឺជាការទទួលខុសត្រូវរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីធានាថាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃទាំងនេះ នឹងត្រូវបានរក្សាទុក និងបន្តទៅកាន់ជំនាន់ក្រោយដោយមិនបាត់បង់អត្តសញ្ញាណដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


