Connect with us

ជីវិតកម្សាន្ដ

រឿង បុព្វេសន្និវាស ២ អាចនឹងដកការចាក់បញ្ចាំងនៅកម្ពុជា ឬទេ?

បានផុស

នៅ

ភាពយន្តខ្នាតធំថៃរឿង “បុព្វេសន្និវាស” វគ្គ២ គ្រោងនឹងបញ្ចាំងនៅតាមបណ្ដារោងភាពយន្ត​នៅកម្ពុជា ចាប់ពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២ នេះហើយ។ ភាពយន្តបុរាណនេះ ដែល​ធ្វើឱ្យ​មានភាពប្រទាញប្រទុងគ្នារហូតមានសង្គ្រាមសំណេរពាក្យសម្ដីតាមបណ្ដាញសង្គមហ្វេសបុក រវាងអ្នកគាំទ្រភាពយន្តថៃ ព្រមទាំងអ្នកគាំទ្រភាពយន្តកម្ពុជា។ ក្នុងនោះក៏មានការប្ដេជ្ញា​មិន​ទិញសំបុត្រទស្សនា រហូតមានការស្នើសុំមិនឱ្យបញ្ចាំងភាពយន្តនេះ នៅកម្ពុជាទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងករណីនេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា លោកយល់ថា ដូចជាមិនដល់ថ្នាក់ សុំមិនឱ្យបញ្ចាំងភាពយន្តបរទេសនៅកម្ពុជា ពេកទេ ព្រោះធម្មតា ភាពយន្តមួយតែងមានបង្កប់ទាំងអស់ ទាំងខ្លឹមសារ រូបភាព អត្តសញ្ញាណ ប្រពៃណីជាដើម សំខាន់លើការមើលរបស់យើង យើងចេះរិះគិតពិចារណា ចេះបែងចែកនូវអ្វីដែល​ជាវប្បធម៌​របស់យើង និងអ្វីដែលជារបស់គេ។

លោក ប៉ុក បូរក្ស មានប្រសាសន៍បន្តថា៖ “ចំណុចទី២ យើងក៏មិនអាចទៅធ្វើការបិទបម្រាម មិនឱ្យគេយកមកបញ្ចាំង [នៅកម្ពុជា] ដែរ ព្រោះនៅក្នុងក្របខណ្ឌជាប្រទេសនៃសមាជិកអាស៊ាន នៅក្នុងក្រមខណ្ឌពាណិជ្ជកម្មសេរីរវាងប្រទេសសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ចឹង (អ៊ីចឹង) ករណីហ្នឹងយើងមិនអាចធ្វើទៅបានទេ”។

ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ រូបនេះបញ្ជាក់បន្ថែមថា ជាការពិត មិនថាភាពយន្តរបស់ថៃមួយនេះទេ ភាពយន្តបរទេសដទៃផ្សេងទៀត​ក៏ត្រូវតែប៉ះពាល់​ដល់​ភាពយន្តរបស់កម្ពុជាដែរ ហើយធ្វើឱ្យយើងពិបាកប្រកួតប្រជែង​។ ជាការពិត នៅក្នុងសម័យសកលភាវូបណីកម្ម ការហូរទៅវិញទៅមកនូវឥទ្ធិពល វប្បធម៌ គឺរមែងកើតមានឡើង ជៀសមិនផុត គ្រាន់តែកើតឡើងប្រឈមប៉ុណ្ណា ហើយយើងការពារប៉ុណ្ណា។

ស្របពេលមានការគាំទ្រពីទស្សនិកជនកម្ពុជា ស្រាប់តែ ផែកមួយឈ្មោះ Fact បានសរសេរជាភាសាអង់គ្លេសនូវចំណងជើងធំៗថា÷ “ឥទ្ធិពលរបស់ថៃ លើផ្ទៃកម្ពុជា” ហើយចោទសួរថា៖ “តើឧស្សាហកម្មភាពយន្តខ្មែរ ដល់ទីអាវសាន ឬយ៉ាងណា?” និងអក្សរតូចៗសរសេរថា៖ “យុវជនខ្មែរ បានផ្សាំខ្លួនសន្សឹមៗទៅក្នុងវប្បធម៌ថៃ និងបានប្រែក្លាយខ្លួនយ៉ាងងប់ងល់ ក្នុងវប្បធម៌សៀម ដែលវានឹងអាចធ្វើឱ្យបាត់បង់ អត្តសញ្ញាណ ជាតិខ្លួន”។

ករណីនេះ លោក ប៉ុក បូរក្ស មើលឃើញថា ជាអត្ថបទពញ្ញាក់ស្មារតីដាស់សតិមួយដល់​កូនខ្មែរ ឱ្យ មានការគិតគូរការពិចារណាក្នុងការទទួលយកនៅវប្បធម៌ទាំងអស់នោះឱ្យចេះគិត បែងចែកឱ្យ ដាច់គ្នានូវអ្វីដែលជារបស់ខ្លួនឯង និងជារបស់បរទេស។

គួររម្លឹកថា កន្លងមកមានភាពយន្តបរទេសមួយចំនួនត្រូវបានហាមឃាត់ចាក់បញ្ចាំងនៅកម្ពុជា ដូចជា ង “Jigsaw” ដោយ​ហេតុតែ​រឿង​​នេះ មាន​ឈុត​ឆាក​សាហាវ​ព្រៃ​ផ្សៃពេក, រឿង “Kingsman 2” ដោយ​សារ រឿង​នេះ​បាន​យកក​ម្ពុជា​ធ្វើ​ជា​សំបុក​ភេរវករ ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ, រឿង “No Escape” និយាយ​ពី​គ្រួសារ​ជនជាតិ​អាមេរិក​មួយ​ជាប់​គាំង​ក្នុង​រដ្ឋ​ប្រហារ​មួយ ថត​នៅ​ប្រទេស​ថៃ ហើយបាន​ប្រើ​ប្រាស់​អក្សរ​ខ្មែរ​បញ្ច្រាស​ជើង, រឿង “Fifty Shades of Grey” ដោយ​សារ​តែ​សាច់​រឿង​មាន​ឈុត​ស្រើប​ស្រាលខ្លាំង​។

គួរបញ្ជាក់ថា ភាពយន្តរឿង បុព្វេសន្និវាស ដំបូងឡើយជាភាពយន្តភាគបញ្ចាំងនៅទូរទស្សន៍ថៃ បង្ហាញពីវប្បធម៌ និងប្រវត្តិសាស្ត្រថៃ ដែលមានភាពល្បីល្បាញទាំងក្នុង និងក្រៅប្រទេស ទើបផលិតករបន្តផលិតជាភាពយន្តខ្នាតធំសម្រាប់បញ្ចាំងនៅរោងភាពយន្ត។ ប្រជាពលរដ្ឋកម្ពុជា ពិសេសអ្នកស្នេហាវប្បធម៌ជាតិ មានការបារម្ភថា ភាពយន្តនេះអាចនឹងធ្វើឱ្យសាធារណជនជាតិ និងអន្តរជាតិ មានការភន្តច្រឡំពាក់ព័ន្ធផ្នែកវប្បធម៌ ខណៈថៃទើបកកើតជារដ្ឋនៅសតវត្សទី១២ ហើយមានវប្បធម៌ស្រដៀងកម្ពុជា និងថៃមានឱកាសច្រើនក្នុងការផ្សព្វផ្សាយដល់អន្តរជាតិ ពិសេសតាមរយៈសិល្បៈ និងភាពយន្ត៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម