ព័ត៌មានអន្ដរជាតិ
សិង្ហបុរី បញ្ចេញនាវាចម្បាំងពហុមុខងារដ៏ធំដំបូងបង្អស់របស់ខ្លួន
សិង្ហបុរីបានសាកល្បងដំណើរការនាវាចម្បាំងពហុមុខងារ (MRCV) ដ៏ធំដំបូងបង្អស់របស់ខ្លួន មានឈ្មោះថា Victory ដែលជាជំហានដ៏ធំមួយធ្វើឱ្យកងទ័ពជើងសិង្ហបុរីប្រសើរឡើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព៍ត៌មាន CNA នៅថ្ងៃទី២២ខែតុលា។

Victory ជានាវាថ្មីដំបូងក្នុងចំណោមនាវាថ្មី ៦ គ្រឿងដែលនឹងជំនួសនាវាចាស់ៗរបស់ប្រទេសសិង្ហបុរីដែលបានប្រើប្រាស់តាំងពីឆ្នាំ ១៩៨៩មកម្លេះ។ នាវាថ្មីទាំងនេះកាន់តែទំនើប និងមានសមត្ថភាពជាងមុន។ ចំពោះនាវាចំនួន ៥ ដែលនៅសល់ត្រូវបានព្យាការណ៍ថានឹងចូលរួមជាមួយកងទ័ពជើងទឹកសិង្ហបុរីបណ្តើរៗចាប់ពីឆ្នាំ ២០២៨ តទៅ ។
វាគឺជានាវាចម្បាំងពិសេស ត្រូវបានរចនាឡើងជា «Mothership» សម្រាប់គ្រប់គ្រងយន្តហោះគ្មានមនុស្សបើកសម្រាប់បេសកកម្មតាមអាកាស ទូកគ្មានមនុស្សបើកសម្រាប់ល្បាតសមុទ្រ និងដ្រូនបើកនៅក្រោមទឹកសម្រាប់ស្វែងរកនាវាមុជទឹក ឬគ្រាប់បែក។ វាមានកន្លែងផ្ទុក និងកន្លែងសាកថ្មសម្រាប់ប្រតិបត្តិការយានជំនិះទាំងនេះ ហើយធ្វើឱ្យនាវានេះតែមួយអាចបំពេញបេសកកម្មដែលជាធម្មតាត្រូវការនាវាចម្បាំងជាច្រើនបាន។ នាវានេះនឹងធ្វើឱ្យប្រតិបត្តិការកងទ័ពជើងទឹកមានសុវត្ថិភាព និងមានប្រសិទ្ធភាពជាងមុន។

យោងតាមក្រសួងការពារជាតិ (MINDEF) វាគឺជានាវាចម្បាំងដ៏ធំ និងទំនើបបំផុតមិនធ្លាប់មាននៅក្នុងប្រទេសសិង្ហបុរី ដែលបង្កើតឡើងដើម្បីការពារផ្លូវសមុទ្រសំខាន់ៗនៅក្នុងសមុទ្រចិនខាងត្បូង និងច្រកសមុទ្រម៉ាឡាកា។ សាងសង់ឡើងដោយក្រុមបច្ចេកវិទ្យា ការពារជាតិ និងវិស្វកម្មសកល ST Engineering នាវានេះមានទម្ងន់ ៨ពាន់ តោន មានប្រវែង ១៥០ ម៉ែត្រ ហើយត្រូវបានរចនាឡើងឲ្យដំណើរការតាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចេកវិទ្យានេះបានជួយកាត់បន្ថយការចំណាយ សន្សំសំចៃសម្ភារៈ និងបង្កើនល្បឿននៃការសាងសង់។ បន្ទាប់ពីការបើកដំណើរការនៅឯរោងចក្រផលិតនាវា Benoi នោះ Victory នឹងត្រូវផ្លាស់ប្តូរទៅកាន់ Gul Yard ដើម្បីសាកល្បងលើសមុទ្របន្ថែមទៀត។

Victory អាចធ្វើដំណើរបានជាង ១ ម៉ឺន៣ពាន់គីឡូម៉ែត្រ និងដំណើរការបានលើសពី ២១ ថ្ងៃដោយមិនចាក់ប្រេង ហើយផ្លាស់ទីក្នុងល្បឿនលើស ៤១ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាផ្ទុកសព្វាវុធទំនើបៗដូចជាកាំភ្លើង Strales 76mm និងមីស៊ីល ASTER ដែលអនុញ្ញាតឱ្យវាគ្រប់គ្រងបេសកកម្មប្រយុទ្ធដ៏លំបាក និងបញ្ជានាវាផ្សេងទៀត។ នាវាថ្មីនេះត្រូវការសមាជិកនាវិកតិចជាងមុន ហើយវាអាចផ្លាស់ប្តូរបានយ៉ាងឆាប់រហ័សសម្រាប់ការប្រើប្រាស់ផ្សេងទៀត ដូចជាជំនួយសង្គ្រោះគ្រោះមហន្តរាយ ឬជំនួយមនុស្សធម៌ផងដែរ។
នៅក្នុងពិធីសាកល្បង រដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក Chan Chun Sing ថាការដំណើរការនាវាដ៏ធំសម្បើមនេះ បង្ហាញពីការរៀបចំមធ្យោបាយរបស់កងទ័ពជើងទឹកដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរបស់កងទ័ព។ លោកបានបន្ថែមថា MRCV នឹងត្រូវបានអភិវឌ្ឍតាមពេលវេលា ដើម្បីបំពេញតម្រូវការនាពេលអនាគត។
ជាមួយគ្នានេះ លោកវរសេនីយ៍ទោ Karl Su មេបញ្ជាការទីមួយរបស់នាវាបានហៅនាវានេះថា «ទីក្រុងតូចមួយ» ព្រោះមានរោងចក្រថាមពល និងមជ្ឈមណ្ឌលទិន្នន័យផ្ទាល់ខ្លួន ហើយអាចផលិតថាមពលបាន ៣០ មេហ្គាវ៉ាត់ ដែលអាចផ្គត់ផ្គង់ផ្ទះជាង ៥ ម៉ឺនខ្នងឯណោះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


