Connect with us

ព័ត៌មានអន្ដរជាតិ

ថៃធ្វើបត្យាប័នស្តេចល្បែង She Zhijiang ម្ចាស់​កាស៊ីណូ​តម្លៃ​១៥​ពាន់​លាន​ដុល្លារ ទៅប្រទេសចិន

បានផុស

នៅ

ប៉ូលិសថៃបាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ក្រុង​បាងកក​បានធ្វើបត្យាប័នស្តេចល្បែងដែលត្រូវបាន​ចាប់ខ្លួន គឺលោក She Zhijiang ទៅកាន់ប្រទេសចិន​នា​ថ្ងៃពុធ​ទី​១២​ខែ​វិច្ឆិកា​នេះ ដោយបញ្ចប់ការប្រយុទ្ធផ្លូវច្បាប់ដែលអូសបន្លាយជាងបីឆ្នាំ។

លោក She Zhijiang (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​រ៉យទ័រ លោក She អាយុ៤៣ឆ្នាំ ជាពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែនកម្ពុជាផងដែរ ត្រូវបានចាប់ខ្លួននៅទីក្រុងបាងកកក្នុងខែសីហា​ឆ្នាំ​២០២២ តាមដីកាក្រហម​របស់ប៉ូលិសអន្តរជាតិ ដែលស្នើសុំដោយទីក្រុងប៉េកាំង។ អាជ្ញាធរចិនបានចោទប្រកាន់ She ពីបទដំណើរការកាស៊ីណូអនឡាញខុសច្បាប់ និងគេហទំព័រល្បែងស៊ីសង ដោយប្រើប្រាស់ប្រទេសមីយ៉ាន់ម៉ាជាមូលដ្ឋានសម្រាប់ប្រតិបត្តិការ និងការលាងលុយកខ្វក់។

ប៉ូលិសថៃបាន​បញ្ជាក់​ថា លោក She នឹងត្រូវកាត់ទោសនៅក្នុងប្រទេសចិនចំពោះបទឧក្រិដ្ឋដែលត្រូវបានចោទប្រកាន់។ ទីក្រុងប៉េកាំងបានបញ្ជូនយន្តហោះពិសេសមួយទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិ ទីក្រុងបាងកក ដើម្បីនាំខ្លួនលោក She ត្រឡប់ទៅវិញ។

លោក Zhao Mengtao ទីប្រឹក្សានៅស្ថានទូតចិនប្រចាំទីក្រុងបាងកក បាននិយាយថា «នេះបង្ហាញពីកម្រិតខ្ពស់នៃកិច្ចសហប្រតិបត្តិការ»រវាង​ប្រជាជាតិ​ទាំង​ពីរ ដោយបន្ថែមថា ទាំង​ចិន​និង​ថៃ​នឹងបន្តធ្វើការរួមគ្នាប្រឆាំងនឹងឧក្រិដ្ឋកម្ម រួមទាំងល្បែងអនឡាញ និងការបោកប្រាស់តាមអ៊ីនធឺណិត។

មេធាវីរបស់លោក She គឺលោក Sanya Eadjongdee បានបរិយាយអំពីនីតិវិធីធ្វើបត្យាប័នថា«ខុស​ប្រក្រតី» ហើយបាន​​អះអាង​​ថា កូនក្តីរបស់លោក​បាន​បដិសេធ​នូវ​រាល់ការចោទប្រកាន់ទាំងអស់។

មុនពេលត្រូវបានចាប់ខ្លួន លោក She មាន​ជាប់​ពាក់ព័ន្ធ​​ជាមួយនឹងគម្រោង Shwe Kokko ដែលមានតម្លៃ​១៥​ពាន់លានដុល្លារ នៅតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលជាកាស៊ីណូ និងរមណីយដ្ឋានទេសចរណ៍ដែលក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មនៅក្នុងឆ្នាំ​២០២៣ ចំពោះការចោទប្រកាន់ថាមានទំនាក់ទំនងជាមួយបណ្តាញបោកប្រាស់ និងការជួញដូរមនុស្ស។

តំបន់ព្រំដែនឆ្លងកាត់ប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា បានក្លាយជាមជ្ឈមណ្ឌលសម្រាប់ការក្លែងបន្លំតាមអ៊ីនធឺណិត និងការជួញដូរមនុស្សចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ ដោយអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា ប្រតិបត្តិការឧក្រិដ្ឋកម្មបែបនេះមាន​ទំហំ​សាច់​ប្រាក់​ដល់​រាប់ពាន់លានដុល្លារ​ឯណោះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម