ព័ត៌មានអន្ដរជាតិ
បារាំងច្រានចោលបង្កើត «G8» ដោយបញ្ចូលរុស្ស៊ីវិញ ចំពេលត្រាំរៀបចំដំណោះស្រាយអ៊ុយក្រែន
ប្រធានាធិបតីបារាំងដែលទើបចុះហត្ថលេខាលក់យន្តហោះចម្បាំងប្រភេទ Rafale ១០០គ្រឿង និងប្រព័ន្ធការពារដែនអាកាសទៅឲ្យអ៊ុយក្រែន បានចេញមុខច្រានចោលនូវលទ្ធភាពនៃការបញ្ចូលប្រទេសរុស្ស៊ីនៅក្នុងក្រុមប្រទេសអភិវឌ្ឍន៍ឧស្សាហកម្ម ដោយបង្កើតឡើងវិញនូវក្រុម «G8»។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រាប់អ្នកយកព័ត៌មាន នៅកិច្ចប្រជុំក្រុមប្រទេសអភិវឌ្ឍន៍សេដ្ឋកិច្ចជឿនលឿន ហៅកាត់ថា G-20 នៅប្រទេសអាហ្វ្រិកខាងត្បូង ថា លោកប្រឆាំងចំពោះការបង្កើតឡើងវិញនូវទម្រង់ G-8 ដោយការបញ្ចូលរុស្ស៊ីទៅក្នុងសមាជិកនៃក្រុម Group of Seven (G7) ដែលបច្ចុប្បន្នមានប្រទេសរីកលួតលាស់ឧស្សាហកម្មជាសមាជិក ដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារាំង អ៊ីតាលី ជប៉ុន កាណាដា និង អាល្លឺម៉ង់។
លោក ម៉ាក្រុង ត្រូវបានសារព័ត៌មានស្រង់សម្តី ដូចនិយាយថា៖«ថ្ងៃនេះ លក្ខខណ្ឌសម្រាប់ការវិលត្រឡប់របស់រុស្ស៊ីទៅបង្កើត G8 មិនមានទេ។ ក្រៅពីនោះ ទម្រង់បង្កើតនេះទាមទារការឯកភាពជាឯកច្ឆន្ទៈពីសមាជិកទាំងអស់នៃ G7» ដោយលោក បានបន្ថែមថា ប្រទេសបារាំងនឹងមិនប្រាប់ប្រទេសផ្សេងៗទៀតអំពីអ្វីដែលខ្លួននឹងធ្វើនោះទេ នៅពេលដែលបារាំងក្លាយជាប្រធាននៃកិច្ចប្រជុំក្រុមប្រទេស G7។
ប្រធានបទសន្តិភាពនៅអ៊ុយក្រែន ត្រូវបានគេជជែកដេញដោយយ៉ាងទូលំទូលាយក្នុងចំណោមមេដឹកនាំពិភពលោក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បញ្ចេញផែនការសន្តិភាពអ៊ុយក្រែនដែលមាន២៨ចំណុច ដែលក្នុងនោះ ត្រូវបានសារព័ត៌មានបស្ចឹមប្រទេសផ្សព្វផ្សាយថា មានការបញ្ចូលសមាជិកភាពរុស្ស៊ីទៅក្នុងក្រុមប្រទេសឧស្សាហកម្មឡើងវិញ ការកាត់ដីអ៊ុយក្រែនទៅឲ្យរុស្ស៊ីស្របច្បាប់អន្តរជាតិ ការលើកលែងទណ្ឌកម្មប្រឆាំងសេដ្ឋកិច្ចរុស្ស៊ី និង បុគ្គលសំខាន់ៗនៅរុស្ស៊ី ការបោះបង់សមាជិកភាពណាតូរបស់អ៊ុយក្រែន និងការបន្ថយចំនួនកងទ័ពអ៊ុយក្រែន ជាដើម។
ប្រទេសរុស្សីត្រូវបានបណ្តេញចេញពីក្រុម Group of Eight (G8) ក្រោយបានចូលកាន់កាប់តំបន់គ្រីមៀដែនដីបូរណភាពរបស់អ៊ុយក្រែន កាលឆ្នាំ២០១៤ ហើយ ៨ឆ្នាំក្រោយមក រុស្ស៊ីបានលើកទ័ពចូលលុកលុយប៉ុនប៉ងយកអ៊ុយក្រែនទាំងមូល ដោយផ្តួលរំលំរដ្ឋាភិបាលដែលកើតឡើងដោយការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
តាមសេចក្តីរាយការណ៍របស់ The Wall Street Journal សហរដ្ឋអាមេរិកដែលជាអ្នកដាក់ចេញផែនការសន្តិភាពអ៊ុយក្រែននោះ ក៏បានបង្ហាញពីការធ្វើអាជីវកម្មរួមគ្នាជាមួយរុស្ស៊ីលើវិស័យបញ្ញសិប្បនិម្មិត (AI) វិស័យថាមពល និង រ៉ែកម្រនៅតំបន់អាក់ទិក ថែមទៀតផង។
ទោះបីជាបែបនេះក៏ដោយ តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន TASS ដោយដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និងអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova ដែលបញ្ជាក់ដូចគ្នាថា ភាគីរុស្ស៊ីមិនទាន់ទទួលបានផែនការដំណោះស្រាយអ៊ុយក្រែន ២៨ចំណុច ដែលសហរដ្ឋអាមេរិកផ្តួចផ្តើមនោះទេ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


