Connect with us

ព័ត៌មានអន្ដរជាតិ

​​​គ្រោះ​មហន្តរាយ​ធម្មជាតិ​​​កំពុង​បង្ក​​​ផល​ប៉ះពាល់​​​ធ្ងន់ធ្ងរ​នៅតំបន់​អាស៊ី​​អាគ្នេ​យ៍​​

បានផុស

នៅ

​គ្រោះ​មហន្តរាយ​ធម្មជាតិ​​​កំពុង​វាយ​វាយ​ប្រហារ​តំបន់​អាស៊ី​​​​អាគ្នេយ៍​​យ៉ាងខ្លាំង​​​ ក្នុង​រយៈពេល​​១សប្តាហ៍ចុង​ក្រោយនេះ ដែល​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​នេះ​​​ប្រឈម​​​វិបត្តិ​សង្គម ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​​​យ៉ាងធ្ងន់ធ្ងរ​ ខណៈ​​​គ្រោះរញ្ជួយដី ​ខ្យល់​ព្យុះ ទឹកជំនន់​ បាន​វាយប្រហារ​​ជា​ហូរហែ​​​ចាប់​ពី​ដើមឆ្នាំ​២០២៥។ ​

​​ប្រទេស​យ៉ាង​ហោច​៣កំពុង​​ទទួល​​​រងគ្រោះ​​ធ្ងន់​ធ្ងរ​ ដោយសារ​​​​​ខ្យល់ព្យុះ ជំនន់​​ទឹកភ្លៀង បណ្តាល​ឲ្យ​មនុស្ស​រាប់រយនាក់​បាត់បង់​ជីវិត​ និង​រាប់​ម៉ឺន​​គ្រួសារ​ជម្លៀ​សចេញ បាត់បង់ផ្ទះសម្បែង​ ​បាត់បង់ទ្រព្យសម្បត្តិ​ និងមុខ​របរ​​​​។

ប្រទេស​វៀតណាម​៖ ប្រទេសវៀតណាមបានទទួលរងនូវគ្រោះមហន្តរាយជាបន្តបន្ទាប់ និងទឹកជំនន់ជាប្រវត្តិសាស្ត្រក្នុងឆ្នាំ​២០២៥ ដោយធ្វើឱ្យមានការខាតបង់យ៉ាងតិច ៨៥​ទ្រីលាន​ដុង (ជាង ៣,២ពាន់លានដុល្លារ) និងបង្ហាញពី​ការ​ចំណាយ​​​​លើ​​ការ​ការពារ​​​​​​អាកាសធាតុដ៏អាក្រក់របស់ប្រទេសនេះ ស្របពេលដែល​មាន​ការ​ព្យាករណ៍​ថា ព្យុះមួយទៀតបានធ្លាក់ចុះមកក្នុងតំបន់។ យោ​ង Bloomberg​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
​គ្រោះ​​ទឹកជំនន់​នៅវៀតណាម។​ VNA

​ប្រទេស​វៀតណាម​ដែល​​​បានរងគ្រោះដោយ​​គ្រោះធម្មជាតិ​ទឹកជំនន់ បាន​​បង្កើន​កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៅក្នុងខេត្តភាគកណ្តាលចំនួនប្រាំ ជាកន្លែងដែលទឹកជំនន់​វាយ​ប្រហារ​​ធ្ងន់ធ្ងរ និងការ​​បាក់ដី និង​​បាន​បណ្តាលឱ្យមនុស្សយ៉ាង​ហោចណាស់៩៨​នាក់បានស្លាប់ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ និងបណ្តាល​ឱ្យខូចខាតផ្នែកសេដ្ឋកិច្ចដែលប៉ាន់ស្មានថាមានច្រើនជាង​១៤​ពាន់ពាន់លានដុង (​ជាង​៥០០​លានដុល្លារ)​។ នេះបើយោងតាមរដ្ឋាភិបាល។

​ខ្យល់​ព្យុះ​និង​ទឹកជំនន់ បាន​ធ្វើ​ឲ្យ​​គ្រួសារ​​​ជាច្រើន​នៅវៀតណាម​បានបាត់បង់​​លំនៅឋាន និងរបរចិញ្ចឹមជីវិត រួច​ទៅ​ហើយ ​​​ដោយ​បន្ថែម​នូវ​ផល​លំបាក​ដែល​បាន​​​មក​ពីទឹកជំនន់​ដែល​​​អូសបន្លាយ​ពេលវេលា​យូរ ព្រម​ទាំង​មានសញ្ញា​ហានិភ័យ​នៃ​ព្យុះ​ថ្មី​ៗ​ទៀត​។

តាមការ​កត់សម្គាល់ ព្យុះធំៗចំនួន១៤​បានបោកបក់មកលើប្រទេសវៀតណាមក្នុងឆ្នាំ២០២៥ និងមួយទៀតកំពុងធ្វើដំណើរ នោះបញ្ហាប្រឈមនឹងកាន់តែធ្ងន់ធ្ងរសម្រាប់​ប្រទេសវៀតណាម​ ដែលមានឆ្នេរសមុទ្រប្រវែង ៣២០០ គីឡូម៉ែត្រ ដែល​ធ្វើឱ្យវាងាយរងគ្រោះជាពិសេសចំពោះការកើនឡើងព្យុះ និងទឹកជំនន់។

ការបំផ្លិចបំផ្លាញដោយខ្យល់ព្យុះតែមួយបានបណ្តាលឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចប្រមាណ ៨៥ទ្រីលានដុង រហូតមកដល់ពេលនេះក្នុងឆ្នាំ២០២៥​។ ក្នុងឆ្នាំ២០២៤ ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយធម្មជាតិបានកើនឡើងដល់ ៩២​ទ្រីលានដុង (​ប្រមាណ​ ៣,៥​​​ពាន់​លានដុល្លារ) ជាមួយនឹងការស្លាប់ជិត៥០០​នាក់ បន្ទាប់ពីព្យុះទីហ្វុង Yagi។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មជ្ឈមណ្ឌលទេសចរណ៍នៅ​ខេត្ត​ Hoi An, Da Nang និង Nha Trang ត្រូវបានជន់​លិច ខណៈដែលទីក្រុងប្រវត្តិសាស្ត្រ Hue បានឃើញភ្លៀងធ្លាក់ជាង ១៧០០ មីលីម៉ែត្រក្នុងរយៈពេល២៤​ម៉ោងក្នុងខែតុលា ដែលជិតនឹងកំណត់ត្រាពិភពលោក។

ប្រទេសថៃ​៖ ​​ភ្លៀង​ធ្លាក់​ខ្លាំង​​ចាប់ផ្តើម​តាំង​ពីចុងសប្តាហ៍​មុននិង​អូសបន្លាយ​ជា​ច្រើន​ថ្ងៃ បាន​ជន់​លិច​ក្រុង​ហាតយ៉ៃ (Hat Yai) ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​សំខាន់​បំផុត​​មួយ​នៅ​ភាគ​ខាង​ត្បូង​របស់​ប្រទេសថៃ​​ ដោយ​កត់ត្រា​​កម្រិត​​ទឹកភ្លៀង៣៣៥មិល្លីម៉ែត្រ កាលពី​ថ្ងៃសុក្រសប្តាហ៍​មុន​ម៉្លេះ​។ កម្រិត​​​​ទឹកភ្លៀង​​ខ្ពស់នោះ ត្រូវ​បាន​កត់ត្រា​ថា មាន​កម្រិត​ខ្ពស់​បំផុត​​ក្នុង​​រយៈពេល​មួយ​ថ្ងៃ​​មិន​ធ្លាប់​មាន​​​​៣០០​ឆ្នាំ​មក​នេះ។

សមត្ថកិច្ច​ថៃ​​មើល​​​ការ​បាក់​ស្រុត​ផ្លូវ​រថ​ភ្លើង​​​​ក្នុងទឹកជំនន់​។ The Standard

គិត​ត្រឹមថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ​ទឹកជំនន់​​នៅ​ខាងត្បូ​ងថៃ​​ បាន​​​​សម្លាប់​មនុស្សយ៉ាងហោច​ណាស់​៣៣​នាក់ និង​បង្ក​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​​បំផុត​ដល់វិស័យសេដ្ឋកិច្ច ក្នុងនោះ​ ព្រលានយន្តហោះ​ត្រូវបាន​បិទ​ ផ្លូវរថភ្លើង​បាន​រងការ​ខូចខាត ផ្លូវគមនាគមន៍​​ដឹកជញ្ជូន​ផ្លូវគោក​ក៏ត្រូវផ្អាក និង វិបត្តិ​​​​​​ជាច្រើន​ទៀត​កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​ខេត្ត​​ភាគខាងត្បូងយ៉ាងធ្ងន់ធ្ងរ​។

ចេញ​ផ្សាយ​នា​​ថ្ងៃ​ទី២៧​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥ ABC News បាន​រាយការណ៍​ថា តួ​​លេខ​អ្នក​ស្លាប់​នៅ​​ថៃ​បាន​កើន​ឡើងដោយ​​ជនរងគ្រោះ​ត្រូវ​បាន​ទឹក​ហូរ​គួច​យក​ទៅ បណ្ដាល​ឲ្យ​លង់ និង​ឆក់​ចរន្តអគ្គិសនី។

កងទ័ព​ថៃ​បាន​ដាក់​ពង្រាយ​ទូក២០០គ្រឿង ឧទ្ធម្ភាគចក្រ២០គ្រឿង និង​នាវា​ផ្ទុក​យន្តហោះ​តែ​មួយ​គត់​របស់​ខ្លួន ដើម្បី​ដឹកជញ្ជូន​​សម្ភារៈ និង​ជម្លៀស​អ្នក​ជំងឺ ដោយសារ​ទឹកជំនន់​បាន​ប៉ះពាល់​ដល់​មនុស្ស២,៧លាន​នាក់ និង​ផ្ទះសម្បែង​ជិត១​លាន​​ខ្នង​​ទូទាំង​ប្រទេស។

ប្រទេស​ឥណ្ឌូណេស៊ី៖ មនុស្ស​យ៉ាងហោចណាស់២៣នាក់​បាន​ស្លាប់​នៅ​កោះ​ស៊ូម៉ាត្រា ហើយ​ជាង២០នាក់​ទៀត​នៅ​តែ​បាត់​ខ្លួន បន្ទាប់ពី​ទឹកជំនន់​និង​​បំណាក់​ដី​​វាយប្រហារ​យ៉ាង​ខ្លាំង​ទៅលើ​​តំបន់​ភ្នំ​នៅ​ភាគ​ខាងជើង​ស៊ូម៉ាត្រា។ កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រោះ​ត្រូវ​បាន​រារាំង​ដោយសារ​ការ​ដាច់​ចរន្តអគ្គិសនី ការ​ដាច់​ផ្លូវ និង​ភ្លៀង​ធ្លាក់​ខ្លាំង​បន្តបន្ទាប់​គ្នា។

ប្រទេសម៉ាឡេស៊ី​៖ យោង​ការ​ផ្សាយ​របស់​ iqair.com ទីភ្នាក់ងារសហព័ន្ធ និងរដ្ឋបានបើកមជ្ឈមណ្ឌលជម្លៀសជាច្រើន ដើម្បីផ្តល់ជម្រកដល់ជនភៀសខ្លួនរាប់ម៉ឺននាក់នៅទូទាំងរដ្ឋ ដូចជា Kelantan, Perak, Selangor, Kedah, Penang, Pahang និងផ្សេងទៀត។

ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយកំពុងសម្របសម្រួលជាមួយអាជ្ញាធរអាកាសធាតុ និងទន្លេ ដើម្បីចេញការព្រមានអំពីភ្លៀងធ្លាក់ជាបន្តបន្ទាប់ ការជូនដំណឹងអំពីគ្រោះថ្នាក់ និងការណែនាំអំពីការជម្លៀស។ ថ្នាក់ដឹកនាំរដ្ឋាភិបាលបានណែនាំដល់គ្រប់មន្ទីរពាក់ព័ន្ធទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងជាអតិបរមា ដោយសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋគួរតែអនុវត្តតាមការបញ្ជាជម្លៀស នៅ​ឱ្យឆ្ងាយពីជំនន់ទឹកភ្លៀងតាមដែលអាចធ្វើទៅបាន៕​

រ៉ាន់ រើយ​​

នាយករដ្ឋមន្ត្រីថៃ​ លោក អានុទីន ពេលចុះ​ទៅ​​​​​​​តំបន់​ទឹកជំនន់​នៅ​ហាតយ៉ៃ​។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម