ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា និងថៃ ប្រឈមនឹងអស្ថិរភាពនយោបាយខ្លាំងជាងគេក្នុងអាស៊ាន
ក្រុមអ្នកវិភាគ និងមន្ត្រីក្នុងតំបន់ បានលើកឡើងថា ប្រទេសមីយ៉ាន់ម៉ា និងថៃ កំពុងប្រឈមមុខនឹងអស្ថិរភាពនយោបាយធ្ងន់ធ្ងរបំផុតនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ខណៈដែលសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ាកាន់តែខ្លាំងក្លា ហើយថៃកំពុងប្រឈមនឹងភាពចលាចលក្នុងស្រុកដ៏រ៉ាំរ៉ៃ រួមទាំងការផ្ទុះឡើងវិញនៃសង្គ្រាមព្រំដែន។ នេះបើយោងតាមរបាយការណ៍ដែលធ្លាប់ចុះផ្សាយដោយ Asia Pacific Research Network និង East Asia Forum។

ប្រទេសមីយ៉ាន់ម៉ានៅតែជាតំបន់វិបត្តិដែលងាយឆេះបំផុតក្នុងតំបន់ បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈឆ្នាំ២០២១ ដែលបានរុញច្រានប្រទេសនេះឲ្យធ្លាក់ក្នុងជម្លោះទូទាំងប្រទេស។ ការប្រយុទ្ធគ្នារវាងរបបយោធា និងកងកម្លាំងគាំទ្រប្រជាធិបតេយ្យ រួមជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច បានរីករាលដាលដល់ផ្នែកភាគច្រើននៃប្រទេស ដោយគេប៉ាន់ប្រមាណថា យោធាគ្រប់គ្រងបានតែមួយផ្នែកតូចនៃទឹកដីមីយ៉ាន់ម៉ាប៉ុណ្ណោះ។
វិបត្តិនេះបានបង្កឲ្យមានគ្រោះអាសន្នមនុស្សធម៌កាន់តែអាក្រក់ទៅៗ។ យោងតាមទីភ្នាក់ងារអន្តរជាតិ មនុស្សជាង៣,៥លាននាក់ត្រូវបានផ្លាស់ទីលំនៅ ខណៈដែលជិត២០លាននាក់ត្រូវការជំនួយមនុស្សធម៌។ ក្រុមផ្តល់ជំនួយនិយាយថា ការចូលទៅកាន់តំបន់រងគ្រោះតែងតែត្រូវបានរារាំងដោយអាជ្ញាធរយោធា ដែលធ្វើឲ្យកង្វះខាតស្បៀងអាហារ ថ្នាំសង្កូវ និងជម្រកកាន់តែធ្ងន់ធ្ងរ។
អង្គការសិទ្ធិមនុស្សបានចោទប្រកាន់របបយោធាពីបទរំលោភបំពានយ៉ាងធ្ងន់ធ្ងរ រួមទាំងការវាយប្រហារតាមអាកាសលើតំបន់ស៊ីវិល ការចាប់ខ្លួនទ្រង់ទ្រាយធំ ការធ្វើទារុណកម្ម និងអំពើហិង្សាផ្លូវភេទ។ យោធាបានប្រកាសផែនការរៀបចំការបោះឆ្នោតនៅចុងឆ្នាំនេះ ប៉ុន្តែក្រុមអ្នករិះគន់បានច្រានចោលចំណាត់ការនេះថាជាការប៉ុនប៉ងផ្តល់ភាពស្របច្បាប់ដល់ការគ្រប់គ្រងរបស់ខ្លួន ដោយកត់សម្គាល់ថា គណបក្សប្រឆាំងត្រូវបានរំលាយ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យត្រូវបានហាមឃាត់ ហើយផ្នែកជាច្រើននៃប្រទេសនៅតែមិនអាចចូលទៅដល់បានដោយសារការប្រយុទ្ធគ្នា។
អស្ថិរភាពនេះបានហៀរឆ្លងហួសព្រំដែនមីយ៉ាន់ម៉ាទៅទៀត ដោយមានជនភៀសខ្លួនរត់ទៅប្រទេសជិតខាងដូចជា ថៃ និងឥណ្ឌា ហើយបង្កជាកង្វល់ដល់សន្តិសុខក្នុងតំបន់ និងសុខភាពសាធារណៈ។

ចំណែកឯប្រទេសថៃ ដែលជាសេដ្ឋកិច្ចធំទីពីរនៅអាស៊ីអាគ្នេយ៍ កំពុងប្រឈមមុខនឹងទម្រង់នៃអស្ថិរភាពផ្សេង ប៉ុន្តែមានលក្ខណៈរ៉ាំរ៉ៃ ដែលត្រូវបានសម្គាល់ដោយការបែកបាក់នយោបាយ ការជ្រៀតជ្រែកពីប្រព័ន្ធតុលាការ និងឥទ្ធិពលយោធា។ ក្នុងឆ្នាំ២០២៥ ប្រទេសនេះបានធ្លាក់ក្នុងវិបត្តិ បន្ទាប់ពីតុលាការធម្មនុញ្ញបានព្យួរសិទ្ធិ និងក្រោយមកបានដកលោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ចេញពីតំណែង ជុំវិញករណីបែកធ្លាយខ្សែអាត់សំឡេងសន្ទនាតាមទូរសព្ទជាមួយអតីតមេដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
សាលក្រមនេះបានធ្វើឲ្យមានការតវ៉ាតាមដងផ្លូវឡើងវិញ និងបានសង្កត់ធ្ងន់លើអំណាចដ៏រឹងមាំនៃក្រុមអភិរក្សនិយមថៃ និងស្ថាប័នដែលគាំទ្រដោយយោធា ដែលក្រុមអ្នករិះគន់និយាយថា បានធ្វើឲ្យខូចខាតម្តងហើយម្តងទៀតដល់រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត។ លទ្ធភាពនៃការជ្រៀតជ្រែកផ្នែកនយោបាយបន្ថែមទៀតពីសំណាក់កងកម្លាំងប្រដាប់អាវុធ នៅតែជាកង្វល់ដ៏ធំសម្រាប់ថៃ។
អ្វីដែលធ្វើឲ្យបញ្ហាក្នុងស្រុករបស់ថៃកាន់តែស្មុគស្មាញនោះ គឺជម្លោះព្រំដែនដ៏យូរអង្វែងជាមួយកម្ពុជា បានឈានដល់ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅពាក់កណ្តាលឆ្នាំ២០២៥ ក្បែរតំបន់ដែលមានជម្លោះ រួមទាំងប្រាសាទព្រះវិហារផងដែរ។ ការវាយប្រហារនេះបានរួមបញ្ចូលទាំងការវាយប្រហារតាមអាកាស និងការបាញ់រ៉ុក្កែត ដែលបានធ្វើឲ្យស៊ីវិលជាង ២០០ ០០០នាក់ត្រូវភៀសខ្លួន និងធ្វើឲ្យទំនាក់ទំនងការទូតរបស់ថៃក្នុងតំបន់ និងលើឆាកអន្តរជាតិមានភាពតានតឹង។ ទោះបីជាបទឈប់បាញ់ត្រូវបានប្រកាសនៅក្នុងខែតុលាក៏ដោយ ប៉ុន្តែការរំលោភបំពានជាបន្តបន្ទាប់ដែលបង្កឡើងដោយភាគីថៃបានបង្ហាញពីភាពផុយស្រួយនៃកិច្ចព្រមព្រៀងសន្តិភាពនោះ។
ខណៈដែលជម្លោះនៅតែបន្តកើតមាន អ្នកសង្កេតការណ៍ក្នុងតំបន់បានព្រមានថា អស្ថិរភាពអូសបន្លាយពេលយូរ នឹងអាចបំផ្លាញការងើបឡើងវិញនៃសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការសន្តិសុខនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


