ព័ត៌មានអន្ដរជាតិ
លោកស្រី Takaichi ពិចារណារៀបចំការបោះឆ្នោតសភាមុនអាណត្តិ
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កំពុងពិចារណាអំពាវនាវឲ្យមានការបោះឆ្នោតសភាមុនអាណត្តិ នៅដើមខែកុម្ភៈខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Yomiuri កាលពីថ្ងៃទី៩ខែមករា។

ដោយដកស្រង់ប្រភពពីរដ្ឋាភិបាល សារព័ត៌មាន Yomiuri បានបញ្ជាក់ថា វិធានការនេះត្រូវបានរៀបចំឡើងដើម្បីទាញយកប្រយោជន៍ពីសន្ទុះនៃប្រជាប្រិយភាពខ្ពស់ដែលលោកស្រីទទួលបាន ចាប់តាំងពីបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបង្អស់របស់ជប៉ុន កាលពីខែតុលាឆ្នាំ២០២៥។ កាលបរិច្ឆេទដែលអាចធ្វើទៅបានសម្រាប់ការបោះឆ្នោតនេះ ត្រូវបានគេរាយការណ៍ថាអាចនឹងប្រព្រឹត្តនៅថ្ងៃទី៨ ឬថ្ងៃទី១៥ ខែកុម្ភៈ។
គម្រោងនៃការបោះឆ្នោតមុនអាណត្តិបានកើតឡើង ខណៈដែលសម្ព័ន្ធភាពរដ្ឋាភិបាលរបស់លោកស្រី Takaichi ដែលរួមមានគណបក្សសេរីប្រជាធិបតេយ្យ (LDP) និងគណបក្សស្តាំនិយម Nippon Ishin no Kai កំពុងស្វែងរកការក្តោបក្តាប់សំឡេងភាគច្រើនដាច់ខាត។ នាពេលបច្ចុប្បន្ន សម្ព័ន្ធភាពនេះនៅខ្វះអាសនៈមួយចំនួនទៀតដើម្បីគ្រប់គ្រងសំឡេងភាគច្រើននៅក្នុងសភាតំណាងរាស្ត្រ ដែលបង្ខំឲ្យរដ្ឋាភិបាលត្រូវចរចាជាមួយគណបក្សប្រឆាំង ដើម្បីអនុម័តច្បាប់សំខាន់ៗ និងកញ្ចប់ថវិកាជាតិ។ ព័ត៌មានស្តីពីលទ្ធភាពនៃការបោះឆ្នោតនេះ បានធ្វើឲ្យតម្លៃប្រាក់ដុល្លារអាមេរិកឡើងថ្លៃធៀបនឹងប្រាក់យ៉េន ដែលឆ្លុះបញ្ចាំងពីភាពរំជើបរំជួលនៃទីផ្សារចំពោះការផ្លាស់ប្តូរនយោបាយរបស់ជប៉ុន។
មូលដ្ឋានគ្រឹះនៃប្រជាប្រិយភាពរបស់លោកស្រី Takaichi និងជាប្រភពនៃជម្លោះក្នុងតំបន់ គឺជំហរមិនរុញរារបស់លោកស្រីលើបញ្ហាសន្តិសុខជាតិ។ កាលពីចុងឆ្នាំ២០២៥ លោកស្រីបានបង្កឲ្យមានជម្លោះការទូតដ៏ធំមួយ ដោយបានលើកឡើងថា ការវាយប្រហារយោធារបស់ចិនលើកោះតៃវ៉ាន់ អាចត្រូវបានចាត់ទុកថាជា «ការគំរាមកំហែងដល់អត្ថិភាព» របស់ប្រទេសជប៉ុន ដែលអាចនាំឲ្យមានការឆ្លើយតបផ្នែកយោធាដោយស្របច្បាប់។ ប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ជាខេត្តមួយដែលចង់បំបែកខ្លួន បានឆ្លើយតបវិញតាមរយៈវិធានការសងសឹកជាបន្តបន្ទាប់ រួមមានការព្រមានពលរដ្ឋខ្លួនមិនឲ្យធ្វើដំណើរទៅជប៉ុន ការលុបចោលកិច្ចប្រជុំការទូតកម្រិតខ្ពស់ និងការហាមឃាត់ការនាំចេញបច្ចេកវិទ្យាដែលប្រើប្រាស់បានទាំងវិស័យស៊ីវិលនិងយោធាទៅកាន់ប្រទេសជប៉ុន។
ទោះបីជាសុន្ទរកថាដ៏ម៉ឺងម៉ាត់របស់លោកស្រី Takaichi បានពង្រឹងការគាំទ្រក្នុងចំណោមអ្នកបោះឆ្នោតអភិរក្សនិយមក្នុងស្រុកក៏ដោយ ប៉ុន្តែវាបាននាំឲ្យទំនាក់ទំនងរវាងជប៉ុននិងចិនធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍។ អ្នកវិភាគយល់ឃើញថា ជ័យជម្នះក្នុងការបោះឆ្នោតនឹងផ្តល់អាណត្តិក្នុងស្រុកកាន់តែរឹងមាំដល់លោកស្រី Takaichi ដើម្បីបន្តរបៀបវារៈ «ស្ត្រីបេះដូងដែក» ក្នុងការបង្កើនការចំណាយលើវិស័យការពារជាតិ និងសន្តិសុខសេដ្ឋកិច្ច បើទោះបីជាទីក្រុងប៉េកាំងបង្កើនសម្ពាធសេដ្ឋកិច្ច និងការទូតលើទីក្រុងតូក្យូក៏ដោយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


