Connect with us

ព័ត៌មានអន្ដរជាតិ

ចិនឲ្យពលរដ្ឋខ្លួនកុំធ្វើដំណើរទៅ​ជប៉ុន ក្នុងឱកាសបុណ្យចូលឆ្នាំចិន

បានផុស

នៅ

រដ្ឋាភិបាលចិន បានបង្កើនការព្រមានអំពីការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដោយជំរុញ​ឲ្យ​ប្រជាពលរដ្ឋខ្លួនចៀសវាងការទៅកម្សាន្តនៅទីនោះ ក្នុងអំឡុងពេលវិស្សមកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរយៈពេល៩ថ្ងៃ នាខែកុម្ភៈខាងមុខ។

ទេសចរ​នៅ​ជប៉ុន /រូប​តំណាង (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​​ China Global South កាលពីថ្ងៃចន្ទ​ទី​២៦​ខែមករា​ឆ្នាំ​២០២៦ ក្រសួងការបរទេសចិនបានលើកឡើងពី «ការធ្លាក់ចុះនៃសន្តិសុខសាធារណៈ» និងអំពើខុសច្បាប់ដែលកើតមានជាញឹកញាប់លើពលរដ្ឋចិនថាជាមូលហេតុចម្បងនៃសេចក្តីណែនាំ។ ទីក្រុងប៉េកាំងក៏បានបញ្ជាក់បន្ថែមផងដែរថា សកម្មភាពរញ្ជួយដីនាពេលថ្មីៗនេះនៅក្នុងតំបន់មួយចំនួនរបស់ជប៉ុន ក៏ជាហានិភ័យសុវត្ថិភាពបន្ថែមសម្រាប់អ្នកធ្វើដំណើរផងដែរ។

សេចក្តីណែនាំនេះ ត្រូវបានធ្វើឡើងក្នុងគ្រាដែលវិវាទការទូតរវាងប្រទេសទាំងពីរកំពុងមានភាពតានតឹងខ្លាំង បន្ទាប់ពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីខែវិច្ឆិកា ដែលថា ទីក្រុងតូក្យូអាចនឹងធ្វើអន្តរាគមន៍យោធា បើមានការវាយប្រហារណាមួយលើកោះតៃវ៉ាន់។ ភាពរកាំរកូសផ្នែកនយោបាយនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់វិស័យទេសចរណ៍ រហូតធ្វើ​ឲ្យ​ចំនួនភ្ញៀវទេសចរចិនដែលទៅលេងជប៉ុនបានធ្លាក់ចុះ ៤៥ភាគរយ កាលពីខែមុន ពោលគឺធ្លាក់ចុះមកនៅត្រឹមប្រហែល ៣៣០ ០០០​នាក់ប៉ុណ្ណោះ។

តាមប្រវត្តិសាស្ត្រ ភ្ញៀវទេសចរចិនគឺជាសសរស្តម្ភដ៏សំខាន់នៃសេដ្ឋកិច្ចជប៉ុន ដោយពួកគេមានចំនួនដល់ទៅមួយភាគបួននៃភ្ញៀវទេសចរបរទេសសរុប។ យោង​តាម​របាយការណ៍ ចំណូល​របស់​ជប៉ុន ដែល​ទទួល​បាន​ពី​ភ្ញៀវ​ទេសចរ​ចិន មានទំហំទឹកប្រាក់ប្រហែល ៣,៧ពាន់លានដុល្លារ ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ ការព្រមានចុងក្រោយនេះត្រូវបានគេរំពឹងថា នឹងរារាំងដល់សន្ទុះនៃលំហូរអ្នកធ្វើដំណើរទៅក្រៅប្រទេសក្នុងអំឡុងរដូវកាលឈប់សម្រាកដ៏សំខាន់បំផុតរបស់ចិន និងធ្វើ​ឲ្យ​ទំនាក់ទំនងទ្វេភាគីរឹត​តែមានភាពតានតឹងថែមទៀត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម