Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស ទៅចិនផ្សះផ្សាភាពល្អក់កករ ទោះរងសម្ពាធពីអាមេរិកធ្ងន់ ក ក្ដី

បានផុស

នៅ

លោកនាយករដ្ឋមន្ត្រី Keir Starmer បានធ្វើដំណើរទៅចិនកាលពីល្ងាចថ្ងៃអង្គារទី២៧ ខែមករា ដើម្បីស្វែងរកការផ្សះផ្សាទំនាក់ទំនងជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរក្នុងពិភពលោក ព្រមទាំងកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិកដែលកាន់តែមិនអាចទាយទុកជាមុនបាន។ នេះបើយោងតាម Reuters បានចុះផ្សាយ។

នាយករដ្ឋមន្ត្រី Keir Starmer និងលោកស៊ី (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា ដំណើរទស្សនកិច្ចរបស់លោកបានកើតឡើងចំពេលមានភាពតានតឹងរវាងចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តជិតស្និទ្ធយូរអង្វែងរបស់ខ្លួន គឺសហរដ្ឋអាមេរិក ជុំវិញការគំរាមកំហែងថ្មីៗរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការគ្រប់គ្រងកោះ Greenland ដោយអះអាងថា ចិនបានបង្កការគំរាមកំហែងនៅក្នុងតំបន់អាកទិក។

តាមប្រភពពីអ្នកនៅជួរមុខនៃដំណើរទស្សនកិច្ចនេះ នឹងមានការជជែកអំពីអ្វីដែលភាគីទាំងពីរគិត និងសកម្មភាពបច្ចុប្បន្នរបស់លោកត្រាំ។ ភាពមិនប្រក្រតីដ៏ធំមួយនៃស្ថានភាពបច្ចុប្បន្នគឺថា ទីក្រុងឡុងដ៍ទំនងជានៅជិតទីក្រុងប៉េកាំងជាងវ៉ាស៊ីនតោន លើបញ្ហាសកលមួយចំនួនដូចជា បញ្ញាសិប្បនិម្មិត សុខភាពសាធារណៈ និងបរិស្ថាន។ ចាប់តាំងពីជាប់ឆ្នោតនៅឆ្នាំ ២០២៤ លោក Starmer បានធ្វើឲ្យវាក្លាយជាអាទិភាពមួយរបស់លោកក្នុងការកំណត់ទំនាក់ទំនងជាមួយចិនឡើងវិញ បន្ទាប់ពីការធ្លាក់ចុះនៃទំនាក់ទំនងក្រោមរដ្ឋាភិបាលមុនៗ ដោយសារតែជម្លោះជុំវិញការបង្ក្រាបរបស់ប៉េកាំងលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង ដែលជាអតីតអាណានិគមអង់គ្លេស និងការចោទប្រកាន់ជាច្រើនអំពីចារកម្ម និងការវាយប្រហារតាមអ៊ីនធឺណិត។ នេះបើតាមសម្តីរបស់លោក Kerry Brown សាស្ត្រាចារ្យផ្នែកសិក្សាចិននៅ King’s College London បានលើកឡើង។

អ្វីដែលកាន់តែល្អក់កករខ្លាំងនោះគឺ បន្ទាប់ពីរដ្ឋាភិបាលរបស់លោក Starmer បានអនុម័តផែនការដែលមានជម្លោះជាមួយចិន ក្នុងការសាងសង់ស្ថានទូតដ៏ធំមួយនៅចំកណ្តាលទីក្រុងឡុងដ៍ ដោយបដិសេធការជំទាស់ពីអ្នកនយោបាយមួយចំនួនដែលបាននិយាយថា អគារថ្មីនេះនឹងធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់ប្រទេសចិនក្នុងការធ្វើប្រតិបត្តិការចារកម្ម។

ដំណើរទស្សនកិច្ចនេះ ក៏ផ្តល់ឱកាសឲ្យចិនទាក់ទាញសម្ព័ន្ធមិត្តអាមេរិកមួយផ្សេងទៀតដែលកំពុងដោះស្រាយជាមួយគោលនយោបាយពាណិជ្ជកម្មដ៏មិនស្ថិតស្ថេររបស់លោកត្រាំ បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney បានយល់ព្រមបញ្ចប់កិច្ចព្រមព្រៀងសេដ្ឋកិច្ចនៅក្នុងខែមករានេះបានដោយជោគជ័យ។

ដូច្នេះហើយ អង់គ្លេសចង់បានទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មកាន់តែជិតស្និទ្ធជាមួយចិន ដើម្បីជួយលោក Starmer គោរពការសន្យារបស់ខ្លួនក្នុងការលើកកម្ពស់ស្តង់ដារជីវភាពតាមរយៈការវិនិយោគលើសេវាសាធារណៈ និងសេដ្ឋកិច្ច។ យុទ្ធសាស្ត្រនេះបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីអ្នកនយោបាយអង់គ្លេស និងអាមេរិកមួយចំនួន។

សូមជម្រាបជូនថា ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ អមដោយនាយកប្រតិបត្តិអាជីវកម្មរាប់សិបនាក់ និងរដ្ឋមន្ត្រីពីររូប លោក Starmer នឹងជួបជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី Li Qiang នៅទីក្រុងប៉េកាំង ហើយបន្ទាប់មកធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃ មុនពេលទស្សនកិច្ចរយៈពេលខ្លីទៅប្រទេសជប៉ុន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

មុនទៅប៉េកាំង, អង់គ្លេសបញ្ចាក់ មិនជ្រើសរវាងអាមេរិក និង ចិនដាច់ខាត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម