Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានទូត​ចិន ព្រមាន និង​ដាក់សម្ពាធថៃ ក្រោយ​ប៉ូលិសថៃ ចាប់ជំរិតទារប្រាក់ជនជាតិចិន

បានផុស

នៅ

ស្ថានទូតចិនប្រចាំប្រទេសថៃ កាលពីថ្ងៃអង្គារ ទី​១៩ ខែ​​ឧសភា បានចេញមុខជំរុញយ៉ាងម៉ឺងម៉ាត់ឱ្យអាជ្ញាធរថៃ បើកការស៊ើបអង្កេតមួយប្រកបដោយតម្លាភាព យុត្តិធម៌ និងស្របតាមផ្លូវច្បាប់ បន្ទាប់ពីមានព័ត៌មានដ៏រស៊ើប បានទម្លាយថា មានពលរដ្ឋចិនត្រូវបានគេចាប់ឃុំខ្លួនខុសច្បាប់ និងជម្រិតទារប្រាក់នៅក្នុងខេត្តស្រះកែវ ដែលជាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគីចិន បានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្លាំងលើករណីនេះ ហើយបានទាក់ទងទៅខាងអាជ្ញាធរថៃភ្លាមៗ ដើម្បីតាមដានសាច់រឿង និងទាមទារឱ្យនាំខ្លួនអ្នកពាក់ព័ន្ធទាំងអស់មកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ។

រឿងរ៉ាវ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល និងការរិះគន់យ៉ាងខ្លាំងពីមហាជននោះគឺ ដោយសារតែប្រព័ន្ធផ្សព្វផ្សាយថៃ បានរាយការណ៍ថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួន នៅក្នុងករណីនេះ មានទាំងមន្ត្រីប៉ូលិសថៃថ្នាក់ពលបាលត្រីចំនួន ៤នាក់ និងជនស៊ីវិលម្នាក់ទៀត។ ពួកគេត្រូវបានចោទប្រកាន់ថា បានចាប់ឃុំខ្លួនជនជាតិចិនចំនួន ៥នាក់ នៅក្នុងផ្ទះមួយខ្នង ក្នុងស្រុក Wang Sombun ខេត្តស្រះកែវ ដើម្បីជម្រិតទារប្រាក់ប្រមាណ ១០ ០០០ដុល្លារ ពីជនរងគ្រោះម្នាក់ៗ។ ប្រតិបត្តិការសង្គ្រោះបានជោគជ័យ បន្ទាប់ពីជនរងគ្រោះម្នាក់ បានលួចផ្ញើសារសុំជំនួសបន្ទាន់ (SOS) តាមរយៈកម្មវិធី LINE ទៅកាន់មន្ត្រីអន្តោប្រវេសន៍ម្នាក់ ហើយមុនពេលប៉ូលិសចូលឆ្មក់បង្រ្កាប ជនរងគ្រោះ ២នាក់បានខាតបង់ប្រាក់អស់ ២ ០០០ដុល្លារម្នាក់រួច​ទៅហើយ តាមរយៈការវេរលុយគ្រីបតូ។

ក្រៅពីការដាក់សម្ពាធលើរឿងក្តីនេះ ភាគីចិន ក៏បានសម្តែងការរំពឹងទុកយ៉ាងមុតមាំថា ប្រទេសថៃ នឹងរឹតបន្តឹងការត្រួតពិនិត្យលើការអនុវត្តច្បាប់របស់មន្ត្រីខ្លួន និងពង្រឹងសន្តិសុខផ្ទៃក្នុងឱ្យបានល្អជាងមុន ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិ ក៏ដូចជាសិទ្ធិស្របច្បាប់របស់ពលរដ្ឋចិន ដែលកំពុងរស់នៅ ឬទៅ​កម្សាន្តនៅប្រទេសថៃ។ ចិនបានសង្កត់ធ្ងន់ថា ការធ្វើបែបនេះ គឺដើម្បីរក្សាបរិយាកាសល្អ សម្រាប់ការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានេះដែរ ស្ថានទូតចិន ក៏បានចេញលិខិតព្រមាន និងដាស់តឿនដល់ពលរដ្ឋខ្លួនទាំងអស់ ដែលកំពុងស្នាក់នៅ ឬមានគម្រោងធ្វើដំណើរ​ទៅ​កាន់​​ប្រទេសថៃ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងត្រូវគោរពច្បាប់ប្រទេសថៃឱ្យបានខ្ជាប់ខ្ជួន។ ស្ថានទូតបានណែនាំថា ប្រសិនបើជួបប្រទះហេតុការណ៍បន្ទាន់ ឬមិនប្រក្រតីណាមួយ ត្រូវប្រញាប់រាយការណ៍ទៅប៉ូលិសភ្លាមៗ និងទាក់ទង​​ទៅ​កាន់ស្ថានទូត ឬស្ថានកុងស៊ុលចិន ដែលនៅជិតបំផុត ដើម្បីទទួលបានការជួយជ្រោមជ្រែងទាន់ពេលវេលា៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម