ព័ត៌មានអន្ដរជាតិ
អាមេរិក យល់ព្រមលក់អាវុធជាបន្ទាន់ ទៅឲ្យអ៊ីស្រាអែល
រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានគេចវេសអំណាចសភា ដោយសម្រេចជាបន្ទាន់លើការលក់សព្វាវុធនិងគ្រាប់កាំភ្លើងក្នុងទំហំទឹកប្រាក់១០៦.៥លានដុល្លារឲ្យអ៊ីស្រាអែល ខណៈសង្រ្គាមរវាងទីក្រុងហ្ស៊េរុយសាឡិម ប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប កំពុងបន្តដោយឥតបង្ហាញសញ្ញាធូរស្រាល។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ពីការសម្រេចចិត្តរបស់ខ្លួន កាលពីថ្ងៃសៅរ៍ទី៩ខែធ្នូ ដោយនិយាយថា ខ្លួនបានជូនដំណឹងនេះ ដល់សភាមួយថ្ងៃមុន បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសលោក Antony Blinken សន្និដ្ឋានថា “ពិតជាមានភាពអាសន្នដែលតម្រូវឲ្យមានការលក់អាវុធជាបន្ទាន់ទៅឲ្យអ៊ីស្រាអែលមែន។ ការកំណត់គ្រាអាសន្ននេះ ត្រូវបានធ្វើឡើងក្នុងបរិបទនៃការការពារផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក”។
ការអនុម័តលើវិធីលក់អាវុធបែបនេះ កម្រនឹងឆ្លងផុតការត្រួតពិនិត្យរបស់រដ្ឋសភាណាស់ ហើយការអនុម័តត្រូវធ្វើឡើង ក្នុងករណីចាំបាច់បំផុត។ កិច្ចព្រមព្រៀងលក់អាវុធជាមួយអ៊ីស្រាអែលនេះ រួមបញ្ចូលទាំងគ្រាប់រថក្រោះផ្ទុះខ្លាំងជិត ១៤០០០គ្រាប់ផងដែរ។

ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក ប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់អ៊ីស្រាអែល ហើយវាមានសារៈសំខាន់បំផុត ចំពោះផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក ក្នុងការជួយអ៊ីស្រាអែលដើម្បីអភិវឌ្ឍ និងរក្សានូវសមត្ថភាពស្វ័យការពារដ៏រឹងមាំ និងការត្រៀមខ្លួន។
ការអនុម័តជាបន្ទាន់នេះ កើតឡើងចំពេលរដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន កំពុងតស៊ូដើម្បីទទួលបានភ្លើងខៀវពីសភាសម្រាប់ទឹកប្រាក់ ១០៦ពាន់លានដុល្លារ ដើម្បីចំណាយផ្នែកសន្តិសុខបន្ថែម ក្នុងនោះរួមមានទាំងទឹកប្រាក់១៤.៣ពាន់លានដុល្លារសម្រាប់អ៊ីស្រាអែលផងដែរ។

កាលពីខែមុន សភាអាមេរិកបានអនុម័តវិក្ក័យមួយ ដែលនឹងផ្តល់ជំនួយចំនួន១៤.៥ពាន់លានដុល្លារ សម្រាប់ទីក្រុងហ្ស៊េរុយសាឡិម ប៉ុន្តែលោក បៃដិន ទទូចថា ការផ្តល់មូលនិធិសម្រាប់អ៊ីស្រាអែល និងអ៊ុយក្រែនត្រូវតែដើរទន្ទឹមគ្នា។
សូមបញ្ជាក់ជាថ្មី ប្រជាជនប៉ាឡេស្ទីនជិត ១៨០០០ នាក់ត្រូវបានសម្លាប់ និង ១.៩លាននាក់ត្រូវផ្លាស់ទីលំនៅ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងក្នុងខែតុលា។ ជម្លោះថ្មីនេះបានចាប់ផ្តើម នៅពេលក្រុមហាម៉ាស បើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល ទៅលើភូមិនានានៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ដោយសម្លាប់មនុស្សប្រហែល១២០០នាក់ និងចាប់ចំណាប់ខ្មាំងរាប់រយនាក់ទៅតំបន់ហ្គាហ្សា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


