ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសបង្កើតក្រុមចម្រុះមាន១០ប្រទេស ដើម្បីតទល់ជាមួយចលនា ហ៊ូធី នៅសមុទ្រក្រហម
កាលពីថ្ងៃចន្ទទី១៨ខែធ្នូ សហរដ្ឋអាមេរិក បានប្រកាសពីក្រុមចម្រុះមាន១០ប្រទេស ដើម្បីតទល់ជាមួយការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ចលនា ហ៊ូធី លើកប៉ាល់ ដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម។ ចក្រភពអង់គ្លេស បារាំង បារ៉ែន និងអ៊ីតាលី គឺស្ថិតក្នុងចំណោមប្រទេសចូលរួមគំនិតផ្តួចផ្តើមសន្តិសុខពហុជាតិសាសន៍មួយនេះ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា បណ្តាប្រទេសដែលព្យាយាមរក្សាគោលការណ៍គ្រឹះនៃសេរីភាពក្នុងការធ្វើនាវាចរណ៍ ត្រូវតែរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយតួអង្គមិនមែនរដ្ឋ។
ក្រុមឧទ្ទាម ហ៊ូធី គាំទ្រដោយអ៊ីរ៉ង់ បានបង្កើនការវាយប្រហារលើកប៉ាល់ដឹកប្រេង កប៉ាល់ដឹកទំនិញ និងនាវាផ្សេងទៀតក្នុងសមុទ្រក្រហម ដោយរារាំងផ្លូវដឹកជញ្ជូនឆ្លងកាត់ដែលរួមចំណែកប្រមាណ១២% នៃពាណិជ្ជកម្មពិភពលោក។
លោក Austin និយាយថា សម្ព័ន្ធសន្តិសុខមួយនេះ នឹងប្រតិបត្តិការជាមួយនឹងគោលដៅធានានូវសេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់ប្រទេសទាំងអស់ ក៏ដូចជាការពង្រឹងសន្តិសុខ និងវិបុលភាពនៅក្នុងតំបន់។ ប្រទេសទាំង១០នេះរួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារ៉ែន កាណាដា បារាំង អ៊ីតាលី ហូឡង់ ន័រវែស សីស្ហែល និងអេស្ប៉ាញ។
ក្រុម ហ៊ូធី បានប្រកាសមុននេះថា ពួកគេបានវាយប្រហារលើនាវាដែលធ្វើដំណើរទៅអ៊ីស្រាអែលចំនួនពីរគ្រឿងនៅក្នុងសមុទ្រក្រហម ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយតំបន់ហ្គាហ្សា ខណៈក្រុមហ៊ុនជាច្រើនបានបញ្ឈប់ការដឹកជញ្ជូនឆ្លងកាត់ផ្លូវទឹកដែលមានបញ្ហានេះរួចទៅហើយ។
ការវាយប្រហារលើកប៉ាល់ Swan Atlantic ដែលគ្រប់គ្រងដោយន័រវែស និងកប៉ាល់មួយទៀតដែលក្រុមហ៊ូធីកំណត់ថាមានឈ្មោះ MSC Clara គឺជាឧប្បត្តិហេតុដែនសមុទ្រចុងក្រោយបង្អស់ ដែលរំខានដល់ពាណិជ្ជកម្មពិភពលោក។
ក្នុងសេចក្តីថ្លែងការណ៍ ក្រុមឧទ្ទាមយេម៉ែនមួយនេះនិយាយថា ពួកគេបានអនុវត្តប្រតិបត្តិការយោធាដោយប្រើយន្តហោះគ្មានមនុស្សបើកប្រឆាំង នឹងកប៉ាល់ពីរគ្រឿង ដែលមានទំនាក់ទំនងជាមួយអង្គភាព Zionist។
លើសពីនេះ ពួកគេប្តេជ្ញាថា នឹងបន្តរារាំងកប៉ាល់ទាំងអស់ ដែលធ្វើដំណើរទៅកាន់កំពង់ផែអ៊ីស្រាអែល លុះត្រាជំនួយស្បៀងអាហារ និងថ្នាំសង្កូវជាច្រើនទៀត ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្គាហ្សា។
សូមបញ្ជាក់ ក្រុមហ៊ុនប្រេងយក្សរបស់អង់គ្លេស BP បានក្លាយជាក្រុមហ៊ុនចុងក្រោយគេ ដែលផ្អាកការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហមកាលពីថ្ងៃចន្ទ ខណៈក្រុមហ៊ុនដឹកជញ្ជូនតៃវ៉ាន់ Evergreen ក៏និយាយថា ខ្លួនផ្អាកការដឹកជញ្ជូនទំនិញទៅអ៊ីស្រាអែលដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ក្រុមឧទ្ទាម ហ៊ូធី គាំទ្រដោយអ៊ីរ៉ង់ គំរាមប្លន់កប៉ាល់ថែមទៀត នៅសមុទ្រក្រហម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


