Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន បញ្ជាឲ្យកងទ័ពកូរ៉េខាងជើង ត្រៀមធ្វើសង្គ្រាម

បានផុស

នៅ

នៅថ្ងៃទី២នៃកិច្ចប្រជុំពេញអង្គលើកទី៩ របស់គណៈកម្មាធិការមជ្ឈិមទី៨ នៃគណបក្សពលករកូរ៉េ, មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឲ្យកងទ័ព ត្រៀមខ្លួនឲ្យបានលឿនបំផុតដើម្បីធ្វើសង្រ្គាម ចំពេលមានការប្រឈមមុខជាមួយសត្រូវគឺសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងឧបទ្វីបកូរ៉េ។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់សារព័ត៌មាន KCNA នៅថ្ងៃព្រហស្បតិ៍ទី២៨ខែធ្នូ លោកគីម បានចេញបញ្ជាឲ្យកងទ័ពប្រជាជននិងឧស្សាហកម្មអាវុធ ក៏ដូចជាកម្លាំងអាវុធនុយក្លេអ៊ែរនិងវិស័យការពារស៊ីវិល ត្រូវពន្លឿនការត្រៀមលក្ខណៈធ្វើសង្រ្គាម ដោយផ្អែកលើការវិភាគយ៉ាងស៊ីជម្រៅអំពីស្ថានភាពនយោបាយ និងយោធាដ៏ធ្ងន់ធ្ងរនៅឧបទ្វីបកូរ៉េ ដែលពេលនេះ បានឈានដល់ចំណុចក្តៅបំផុត ដោយសារតែសហរដ្ឋអាមេរិក និងកងកម្លាំងមហាអំណាចរបស់ខ្លួន បន្តធ្វើទង្វើបង្កហេតុប្រឆាំងកូរ៉េខាងជើង មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

លើសពីនេះ មេដឹកនាំកូរ៉េខាងជើង ក៏បញ្ជាក់ពីគោលការណ៍របស់គណបក្ស ក្នុងការពង្រីកនិងអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ជាមួយបណ្តាប្រទេសឯករាជ្យ ប្រឆាំងពួកចក្រពត្តិនិយម និងការតស៊ូលើឆាកអន្តរជាតិ ក្រោមការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃភូមិសាស្ត្រនយោបាយពិភពលោកផងដែរ។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (រូបថត៖ Yonhap)

មិនត្រឹមប៉ុណ្ណឹង លោកស្រី Kim Yo Jong មន្ត្រីជាន់ខ្ពស់គណបក្ស និងត្រូវជាប្អូនស្រីមេដឹកនាំប្រទេស បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើបង្កហេតុរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅឧបទ្វីបកូរ៉េ ដោយចោទប្រកាន់ពួកគេថា កំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ថ្កោលទោសសកម្មភាពទាំងនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃពុធទី២៧ខែធ្នូ ប្រទេសកូរ៉េខាងជើង បានបើកកិច្ចប្រជុំចុងឆ្នាំរបស់គណបក្សកាន់អំណាច ហើយគោលនយោបាយសំខាន់ៗសម្រាប់ឆ្នាំ២០២៤ ត្រូវបានអនុម័ត។

ប្អូនស្រីលោក គីម ជុងអ៊ុន ឈ្មោះ Kim Yo Jong (រូបថត៖ AP)

លោក គីម បានប្រើប្រាស់កិច្ចប្រជុំពេញអង្គរបស់គណបក្សពលករកូរ៉េនេះ ធ្វើជាវេទិកាមួយដើម្បីគូសបញ្ជាក់អំពីគោលនយោបាយក្នុងវិស័យនានាដូចជាសន្តិសុខ ការទូត និងសេដ្ឋកិច្ចជាដើម ហើយកិច្ចប្រជុំឆ្នាំនេះ កើតឡើងក្នុងឆ្នាំដែលទីក្រុងព្យុងយ៉ាង បាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ទទួលជោគជ័យ និងកំណត់ឋានៈរបស់ខ្លួនជាមហាអំណាចនុយក្លេអ៊ែរនៅក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ទំនើបបំផុតរបស់ខ្លួនផងដែរ។

ក្នុងកិច្ចប្រជុំនេះ លោក គីម បានកំណត់ថា ២០២៣ជាឆ្នាំនៃការផ្លាស់ប្តូរដ៏អស្ចារ្យ និងជាសារៈសំខាន់ដ៏ធំធេង។ ទីក្រុងព្យុងយ៉ាង ទទួលបានសមិទ្ធផលជាបន្តបន្ទាប់ និងសម្រេចបានជោគជ័យលើគ្រប់វិស័យ សម្រាប់ការកសាងសង្គមនិយម និងពង្រឹងអំណាចជាតិ។ សព្វាវុធយុទ្ធសាស្ត្រថ្មីរបស់ទីក្រុងព្យុងយ៉ាង រួមទាំងផ្កាយរណបចារកម្មរបស់ខ្លួន បាននាំកូរ៉េខាងជើង ឡើងឋានៈជាអំណាចយោធាដោយឥតញញើតអ្នកណាទាំងអស់។

តាមការចុះផ្សាយរបស់ KCNA, កិច្ចប្រជុំនេះបានលើកយកចំណុចគោលចំនួន៦មកពិភាក្សា រួមទាំងការពិនិត្យឡើងវិញអំពីការអនុវត្តគោលនយោបាយជាតិរបស់កូរ៉េខាងជើង ក្នុងអំឡុងឆ្នាំនេះ ក៏ដូចជាការសម្លឹងឆ្ពោះទៅមុខលើថវិកាជាតិនិងទិសដៅនៃការតស៊ូសម្រាប់ឆ្នាំ ២០២៤ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ពិភពលោក កំពុងតាមដានកិច្ចប្រជុំបក្សកាន់អំណាច កូរ៉េខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម