ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ូធី បាញ់សងសឹក កងទ័ពជើងទឹកអាមេរិក-អង់គ្លេស នៅសមុទ្រក្រហមវិញ
តាមការចុះផ្សាយរបស់ CNN នៅថ្ងៃសុក្រទី១២ខែមករា, មេបញ្ជាការយោធាក្រុមហ៊ូធី បានប្រកាសសងសឹកកងកម្លាំងជើងទឹកសហរដ្ឋអាមេរិក-ចក្រភពអង់គ្លេស នៅសមុទ្រក្រហមវិញ បន្ទាប់ពីសម្ព័ន្ធមិត្តទាំងពីរ បើកការវាយប្រហារលើគោលដៅរបស់ចលនាដែលគាំទ្រដោយអ៊ីរ៉ង់មួយនេះ នៅក្នុងប្រទេសយេម៉ែន។

ឧត្តមសេនីយ៍ឯក Abdul Salam Jahaf សមាជិកនៃគណៈកម្មាធិការការពារជាតិ និងសន្តិសុខរបស់យេម៉ែន ប្រកាសថា “សកម្មភាពដ៏ឃោរឃៅរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៊ីស្រាអែល ត្រូវបានឆ្លើយតបហើយ។ ការប្រយុទ្ធដ៏សម្បើម បានផ្ទុះឡើងក្នុងសមុទ្រក្រហម ហើយនាវាចម្បាំងអាមេរិកនិងអង់គ្លេស ត្រូវកំណត់គោលដៅ។ កងកម្លាំង ហ៊ូធី នឹងមិនឈប់វាយប្រហារឡើយ រហូតដល់អ្នកចាកចេញពីតំបន់នោះ ហើយនៅតែបន្តបាញ់រហូតដល់អ្នកមានអារម្មណ៍ថា អាម៉ាស់មុខ”។
ការសងសឹកកើតឡើង បន្ទាប់ពីអង់គ្លេសនិងសហរដ្ឋអាមេរិក ចាប់ផ្តើមការទម្លាក់គ្រាប់បែកប្រឆាំងក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយ៉េមែន ក្រោយក្រុមនេះ មិនខ្វល់នឹងការព្រមាន ហើយនៅតែបន្តវាយប្រហារលើកប៉ាល់ពាណិជ្ជកម្មនៅក្នុងសមុទ្រក្រហម។

BBC បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានសម្រេចពួតដៃជាមួយអាមេរិកដើម្បីប្រយុទ្ធជាមួយក្រុមហ៊ូធី ហើយរឿងនេះ ក៏ឆ្លងកាត់ការយល់ព្រមពីគណៈរដ្ឋមន្ត្រីដែរ។
ដោយឡែក បើយោងតាម CNN, រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានបញ្ជានិងតាមដានការវាយប្រហាររបស់ទីក្រុងវ៉ាស៊ីនតោនទៅលើក្រុមហ៊ូធី នៅភាគខាងជើងទីក្រុង សាណា ទាំងដែលគាត់កំពុងសម្រាកព្យាបាលជំងឺមហារីកក្នុងមន្ទីរពេទ្យ។
កាលពីថ្ងៃពុធទី១០ខែមករា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសព្រមានថា សម្ព័ន្ធមិត្តទាំងពីរ ទ្រាំលែងបានហើយ ពោលគឺនឹងត្រូវបង្ខំចិត្តចាត់វិធានការយោធា ទៅលើក្រុមឧទ្ទាម ហ៊ូធី បន្ទាប់ពីចលនានេះ បើកការវាយប្រហារទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានពីមុនមកទៅលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម។

ការវាយប្រហារកាលពីថ្ងៃអង្គារទី៩របស់ក្រុមហ៊ូធី គឺជាការវាយប្រហារលើកទី២៦ លើកប៉ាល់ពាណិជ្ជកម្មក្នុងសមុទ្រក្រហម ចាប់តាំងពីថ្ងៃទី១៩ខែវិច្ឆិកាមក។ ទង្វើកាន់តែគឃ្លើននេះហើយ ទើបបង្ខំឲ្យក្រុមហ៊ុនដឹកជញ្ជូនទូទាំងពិភពលោក បង្វែរកប៉ាល់ចេញពីសមុទ្រក្រហមទៅជុំវិញឆកសមុទ្រ Good Hope នៅចុងភាគខាងត្បូងនៃទ្វីបអាហ្វ្រិកវិញ។
សម្រាប់ទំនិញដែលដឹកពីអាស៊ីទៅអឺរ៉ុប ឬអាមេរិកខាងជើង, ការធ្វើដំណើរតាមផ្លូវវាងនេះ មានន័យថា ពួកគេត្រូវធ្វើដំណើរឆ្ងាយជាងមុនប្រហែល ១១១១០គីឡូម៉ែត្រទៀត ហើយអាចពន្យាពេលដឹកជញ្ជូនដល់ទៅមួយខែ ដូចនេះពិតណាស់ វាមិនអាចចៀសផុតឡើយដែលថ្លៃដឹកជញ្ជូនត្រូវអស់ច្រើនជាងមុន។
ការវាយប្រហារ បានគំរាមកំហែងយ៉ាងខ្លាំងដល់លំហូរនៃទំនិញពាណិជ្ជកម្មតាមរយៈសមុទ្រក្រហម និងព្រែកជីកស៊ុយអេ ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មរវាងអាស៊ី និងបស្ចិមប្រទេស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីបំផុត អាមេរិកនិងអង់គ្លេស រួមកម្លាំងគ្នា បើកការសងសឹកក្រុមឧទ្ទាមហ៊ូធី នៅយេម៉ែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


