ព័ត៌មានអន្ដរជាតិ
ស្រ្តី កូរ៉េខាងត្បូង មួយចំនួនប្រាប់ហេតុផលមិនចង់យកកូន ទោះប្រទេសជួបអត្រាកំណើតធ្លាក់ចុះ
បញ្ហាស្រ្តីនៅកូរ៉េខាងត្បូងពុំចង់មានកូន បានក្លាយជារឿងឈឺក្បាលមួយទៀតរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ស្របពេលដែលអត្រាកំណើតកំពុងធ្លាក់ចុះ ស្របពេលប្រជាជនឈានវ័យចំណាស់ក៏មានច្រើនទៅទៀត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេស BBC ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រភពសារព័ត៌មានអង់គ្លេសខាងលើបានលើកបង្ហាញនូវករណីចុះស្រាវជ្រាវ និងសម្ភាសមួយចំនួន បង្ហាញមូលហេតុដើមដែលនារីៗកូរ៉េលែងចង់បានកូន ។
បុរសៗនៅកូរ៉េមិនសូរគិតគូរជួយការងារប្រពន្ធកូន
កញ្ញា Yejin វ័យ ៣០ ឆ្នាំជាផលិតករទូរទស្សន៍បានឲ្យដឹងថា កញ្ញាក៏ដូចជាមិត្តភ័ក្តិនាងផ្សេងៗទៀត មានផែនការច្បាស់ៗថា មិនយកកូននោះទេ ហើយក៏មិនរៀបការនោះដែរ ។ ហេតុផលសំខាន់ៗដែលក្រុមនាងបានលើកឡើង គឺនៅកូរ៉េ បុរសៗជាច្រើនពុំសូវមានអ្នកចូលរួមធ្វើកិច្ចការងារផ្ទះ ឬនៅមើលថែកូននោះឡើយ ហើយនេះជាបញ្ហាចម្បងដែលស្រ្តីនៅកូរ៉េតែងខ្វល់ខ្វាយ ។ បន្ថែមពីនោះ ស្រ្តីនៅកូរ៉េជាច្រើនមមាញឹកនឹងការងារដល់យប់អាធ្រាត ដូច្នេះពួកគេភាគច្រើនផ្តោតលើការងារច្រើន ដូច្នេះពេលខ្លះ ពេលវេលាមានតិចតួចប៉ុណ្ណោះសម្រាប់ការចំណាយពេលចិញ្ចឹមមើលថែកូន។

មិនតែប៉ុណ្ណោះ កញ្ញា Yejin ក៏បានលើកឡើងទៀតថា “គឺមានសម្ពាធពីបណ្តាក្រុមហ៊ុនធ្វើការផងដែរ នៅពេលបុគ្គលិកស្រ្តីមានកូន ពួកយើងត្រូវតែឈប់ពីការងារ” ។ ការលើកឡើងនេះ Yejin ចង់សម្តៅលើការលំហែមាតុភាព ដែលក្រុមហ៊ុនជាច្រើននៅកូរ៉េច្រើនដាក់សម្ពាធលើនារីៗ ឲ្យពិបាកក្នុងការវិលត្រឡប់មកធ្វើការវិញ ក្រោយពេលសម្រាលកូនរួច ហើយនេះវាបានកើតឡើងលើបងស្រីរបស់នាង ក៏ដូចជាបុគ្គលគំរូក្នុងចិត្តរបស់នាងពីរនាក់ទៀត ជាអ្នកអត្ថាធិបាយព័ត៌មាន ក៏ជួបបញ្ហានេះដែរ ។
ថ្លៃចំណាយសម្រាប់ការចិញ្ចឹមកូនថ្លៃ
ដោយឡែក បទសម្ភាស BBC ជាមួយអ្នកនាង Stella Sin ជាគ្រូបង្រៀនភាសាដល់កុមារតូចៗអាយុ ៥ ឆ្នាំបានលើកឡើងថា អ្នកនាង និងស្វាមីរៀបការនឹងគ្នារយៈពេល ៦ ឆ្នាំមកហើយ ប៉ុន្តែមកទល់ពេលនេះ នាងនៅតែសម្រេចចិត្តមិនទាន់យកកូននៅឡើយទេ ដោយមូលហេតុធំៗ ២ ។ មូលហេតុទី១ គឺកត្តាជីវភាព ព្រោះថា ការមានកូនត្រូវចំណាយច្រើន ហើយស្របនឹងជីវភាពប្តីប្រពន្ធរបស់អ្នកនាងដែលរស់នៅក្នុងទីក្រុងសេអ៊ូលមានតម្លៃថ្លៃត្រូវចំណាយខ្ពស់ រហូតដល់អ្នកនាង និងគ្រួសារផ្លាស់មកនៅជាយក្រុងក៏នៅតែពុំមានលទ្ធភាពអាចមានផ្ទះរស់នៅផ្ទាល់ខ្លួនបាន ។
មូលហេតុទី ២ ការចំណាយពេលរយៈពេល ២ ទៅ ៣ ឆ្នាំក្នុងការមើលថែកូនតូច ក៏ដូចជាការត្រៀមចំណាយឲ្យកូនៗចូលសាលារៀន ដែលហោចណាស់ជាមធ្យមត្រូវចំណាយខ្ទង់ ៨៩០ ដុល្លារឯណោះ ដោយសារតែអ្នកនាង Stella ជាគ្រូបង្រៀនផ្ទាល់ ទើបអ្នកនាងដឹងច្បាស់ពីបញ្ហាទាំងអស់នេះ ។ “ពេលក្មេងៗត្រូវចូលរៀន ពួកគេត្រូវរៀន បើមិនដូច្នោះទេ ពួកគេនឹងពិបាក ។ នៅពេលខ្ញុំនៅក្បែរក្មេងៗ ពិតណាស់ប្រាកដជាចង់បានកូនដែរ ប៉ុន្តែខ្ញុំជាអ្នកបង្រៀនក្មេងផ្ទាល់ ខ្ញុំដឹងរឿងច្រើនណាស់” ។

ស្វាមីមិនសូវយកចិត្តទុកដាក់ជួយមើលថែកូន
ករណីសម្ភាសមួយទៀត ជាមួយលោកស្រី Jungyeon Chun ដែលសព្វថ្ងៃអ្នកស្រីមានកូន ២ នាក់ គឺកូនស្រីអាយុ៧ ឆ្នាំម្នាក់ និងកូនប្រុសអាយុ ៤ ឆ្នាំម្នាក់ ។ លោកស្រី Chun បានឲ្យដឹងថា រៀងរាល់ថ្ងៃលោកស្រីត្រូវមើលថែកូនទាំងពីរសឹងនឿយហត់តែម្នាក់ឯង ហើយស្វាមីរបស់លោកស្រីសឹងតែចំណាយពេលពេញមួយថ្ងៃធ្វើការរហូតដល់ពេលយប់ទើបបានមកដល់ផ្ទះ ។
“ខ្ញុំគិតថា ការសម្រេចចិត្តមានកូនទៀត ពុំមែនជាគោលដៅខ្ញុំទៀតទេ ។ អ្វីដែលខ្ញុំគិតសំខាន់បំផុតពេលនេះ គឺអាចត្រឡប់ទៅធ្វើការងារវិញឲ្យបានកាន់តែឆាប់” ។ នេះបើតាមការលើកឡើងរបស់អ្នកស្រី Jungyeon Chun ។

បន្ថែមពីនោះលោកស្រីក៏បញ្ជាក់បន្ថែមថា ពេលខ្លះនាងពិតជាខឹង ក៏ដោយសារតែស្វាមីលោកស្រីពុំមានពេល ក៏ដូចជាចូលរួមជួយទាំងកិច្ចការងារផ្ទះ ឬការងារមើលថែកូនៗឡើយ។ “ខ្ញុំពិតជាខឹងមែន។ ខ្ញុំក៏រៀនសូត្របានល្អ ហើយក៏បានបង្រៀនដែរថា មនុស្សស្រីមានភាពស្មើគ្នានឹងបុរស ហើយសកម្មភាពនេះខ្ញុំពិតជាមិនអាចទទួលយកបានទេ”។ អ្នកស្រី Chun បានបន្ថែម ។
គួររំឭកផងដែរថា ដោយសារបញ្ហាមិនយកកូននេះ រដ្ឋាភិបាលកូរ៉េក៏កំពុងព្យាយាមរិះរកយន្តការផ្សេងៗទៀតដើម្បីដោះស្រាយ បន្ទាប់ពីការប្រើប្រាស់យុទ្ធសាស្រ្តសម្រួលជាសេវាចំណាយផ្សេងៗដល់គ្រួសារដែលមានកូន ប៉ុន្តែនៅពុំមានប្រសិទ្ធិភាព ។ កូរ៉េខាងត្បូងជាប្រទេសដែលមានអត្រាកំណើតទាបជាងគេបំផុតនៅលើពិភពលោក ហើយក៏នៅបន្តធ្លាក់ចុះក្នុងរយៈពេលជាប់ៗគ្នា ។
ប្រសិនបើនិន្នាការនេះនៅបន្តជាប់នាពេលខាងមុខ នោះចំនួនប្រជាជននឹងអាចថមថយមកត្រឹមពាក់កណ្តាលនៃចំនួនប្រជាជនបច្ចុប្បន្នដែលមានជាង ៥១ លាននាក់ ។ គេប៉ាន់ស្មានថា គ្រួសារនីមួយៗនៅកូរ៉េខាងត្បូងត្រូវបានលើកទឹកចិត្តឲ្យមានកូនយ៉ាងហោចចាប់ពី ២ នាក់ឡើង ទើបអាចរក្សាស្ថិរភាពចំនួនប្រជាជនបច្ចុប្បន្ននេះទៅនឹងស្ថានភាពប្រទេសបាន ៕

ដោយ៖ មាន រតនា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


