ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក ប្រឈមហានិភ័យធ្ងន់ធ្ងរបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២
តាមសេចក្តីរាយការណ៍របស់ CBS News, លោក Jamie Dimon នាយកប្រតិបត្តិក្រុមហ៊ុន JPMorgan Chase បានចេញការព្រមានខ្លាំងៗថា សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដោយសារតែការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយពិភពលោក និងការប្រកាន់ខ្ជាប់នយោបាយក្នុងស្រុករបស់ប្រទេសនេះ។

នៅក្នុងលិខិតម្ចាស់ភាគហ៊ុនប្រចាំឆ្នាំកាលពីថ្ងៃចន្ទទី៨ខែមេសា នាយកប្រតិបត្តិធនាគារធំបំផុតរបស់សហរដ្ឋអាមេរិករូបនេះ បានលើកឡើងពីក្តីបារម្ភទាក់ទិនការចំណាយនិងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកណ្តាលសហព័ន្ធ ដែលគ្មានតុល្យភាព ក៏ដូចជាជម្លោះអ៊ុយក្រែន និងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ដែលជាហេតុបង្កើតឲ្យមានបរិយាកាសមួយ បង្កជាហានិភ័យខ្លាំង។
លោក Dimon បានសរសេរថា “កេរ្តិ៍ឈ្មោះជាអ្នកដឹកនាំសកល របស់អាមេរិក កំពុងត្រូវបានជំទាស់នៅខាងក្រៅដោយប្រទេសផ្សេងៗ និងនៅខាងក្នុងដោយអ្នកបោះឆ្នោតរបស់ខ្លួននេះឯង។ យើងត្រូវស្វែងរកវិធីដើម្បីទុកភាពខ្វែងគំនិតគ្នានៅមួយឡែកសិន ហើយខិតខំធ្វើការជាមួយដៃគូប្រទេសលោកខាងលិចផ្សេងទៀត ក្នុងនាមលទ្ធិប្រជាធិបតេយ្យ។ ក្នុងអំឡុងពេលនៃវិបត្តិដ៏ធំនេះ ការរួបរួមគ្នាដើម្បីការពារសេរីភាពសំខាន់ៗ រួមទាំងសហគ្រាសសេរី គឺជារឿងសំខាន់បំផុត”។

ធនាគារិកវ័យ៦៨ឆ្នាំរូបនេះបន្ថែមថា “ពិតជាមានតម្រូវការកាន់តែខ្លាំងឡើង សម្រាប់ការចំណាយបន្ថែម ក្នុងពេលមួយដែលយើងត្រូវបន្តការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតង ការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់សកល បង្កើនការចំណាយយោធា និងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃថ្លៃថែទាំសុខភាព”។
ទន្ទឹមនឹងនេះ លោក Dimon ព្រមានថា ចិន បាននិងកំពុងដំឡើងខ្លួនជាមហាអំណាចដ៏មានសក្តានុពល និងផ្តោតជាយុទ្ធសាស្ត្រលើសន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន ខណៈប្រទេសលោកខាងលិចកំពុងដេកលក់។

មិនត្រឹមប៉ុណ្ណឹង លោកក៏សង្កត់ធ្ងន់ផងដែរថា អតិផរណា អាចបន្តកើនឡើងក្នុងរយៈពេលយូរជាងការរំពឹងទុក ដែលបង្កហានិភ័យដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ខណៈអត្រាការប្រាក់អាចឡើងដល់ ៨% ឬច្រើនជាងនេះទៅទៀត។
សូមបញ្ជាក់ថា លោក Jamie Dimon គឺជាបុគ្គលល្បីដែលបានដឹកនាំក្រុមហ៊ុន JPMorgan Chase អស់រយៈពេលជិតពីរទសវត្សរ៍មកហើយ ដោយធ្វើឲ្យគាត់ ក្លាយជានាយកប្រតិបត្តិនៅ Wall Street យូរបំផុតនាពេលបច្ចុប្បន្ន។
ក្នុងអំឡុងពេលកាន់តំណែងរបស់គាត់នៅ JPMorgan, លោក Dimon ក៏បានក្លាយជាធនាគារិក និងជាអ្នកដឹកនាំដែលគួរឲ្យគោរពបំផុតរបស់អាមេរិកផងដែរ ដោយសារគាត់បានពុះពារឆ្លងកាត់ព្យុះភ្លៀងជាច្រើន រាប់ចាប់ពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨ រហូតដល់ជំងឺរាតត្បាតកូវីដ១៩ ភាពចលាចលភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២២ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២២ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


